ខេត្តព្រះវិហារ៖ ពិតជាគួរឲ្យខ្លោចផ្សាណាស់ដែលក្មេងប្រុសអាយុទើប១ខួប៦ខែម្នាក់បានដើរវង្វេងពីផ្ទះអត់បាយក្រហាយទឹកជាងមួយថ្ងៃបណ្តាលឲ្យស្លាប់ក្នុងព្រៃ ដោយបាត់តាំងពីព្រឹកថ្ងៃអង្គារ ៧ រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ ម៉ោង ២រសៀលទើបរកឃើញក្មេងនោះ បានស្លាប់នៅចំណុចព្រៃខាងក្រោយផ្ទះចម្ងាយប្រហែល ១០០០ម៉ែត្របាត់ទៅហើយ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកជាំក្សាន្តបានឲ្យដឹងថា៖ ក្មេងប្រុសដែលវង្វេងស្លាប់នៅកណ្តាលព្រៃនោះ ឈ្មោះ ផែង ភក្ដី អាយុ ១ឆ្នាំ៦ខែ រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ នៅព្រឹកថ្ងៃកើតហេតុ គ្រាដែលឪពុកម្តាយ ជាប់ដកស្ទូងនៅស្រែឆ្ងាយពីផ្ទះ ប្រហែល៣០០ម៉ែត្រ បានទុកកូនជាជនរងគ្រោះឲ្យនៅលេងជាមួយក្មេងៗក្នុងភូមិដូចថ្ងៃធម្មតា។ លុះដកស្ទូងបានប្រហែលពីរម៉ោង ម្តាយបានត្រឡប់មកផ្ទះវិញ ស្រាប់តែបាត់កូនមិនឃើញនៅផ្ទះ ក៏ដើរសួរគេឯង តែគ្មានអ្នកភូមិណាដឹងឡើយ ។ បន្ទាប់មកម្តាយបានដើរស្រែកហៅរកកូនស្ទើរសោះខ្យល់ តែគ្មានចម្លើយ ក៏សម្រេចចិត្តទៅប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ឲ្យជួយធ្វើអន្តរាគមន៍ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ៖ ក្រោយនគរបាលមូលដ្ឋានទទួលពាក្យបណ្តឹងហើយនោះ ក៏ ធ្វើការស្រាវជ្រាវក្នុងករណីនេះ រហូតដល់ម៉ោង២រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ទើប រកឃើញសពក្មេងរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលព្រៃដើមថ្លុង ដើមត្បែង នៅចម្ងាយពីផ្ទះជាង១គីឡូម៉ែត្រឯណោះ បាត់ទៅហើយ។
បន្ទាប់មកកម្លាំងជំនាញបាន ចុះត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះខាងលើ បានស្លាប់ដោយវង្វេងពីផ្ទះដាច់បាយដាច់ទឹក(ខ្យល់គរ) ហើយបាន ប្រគល់សពជូនម្តាយយកទៅ ធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលនិងខ្លោចផ្សារបំផុត៕
ដោយ៖ សហការី