ខេត្តរតនគិរី៖ គ្រូពេទ្យខាងភ្នែក មួយរូបឈ្មោះ ណុប យ៉ុម ដែលមានក្របខ័ណ្ឌនៅមន្ទីរពេទ្យខេត្តរតនគិរីជំនាញគិលានុបដ្ឋាយិកាមធ្យម ទទួលរងការចោទប្រកាន់ថាបានប្រើអំពើហិង្សាទៅលើអ្នកជំងឺ មកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយទះកំផ្លៀង ព្រោះតែខឹងអ្នកជំងឺគ្មានលុយបង់នោះត្រូវបានក្រសួងសុខាភិបាលបានចេញប្រកាសស្ដីពីការដាក់ទណ្ឌកម្មខាងវិន័យឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្សតាមវិធានការខាងវិន័យរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយរក្សាទុកក្របខ័ណ្ឌនៅអង្គភាពសាម៉ីខ្លួនដដែល។
ការចេញប្រកាសស្ដីពីការដាក់ទណ្ឌកម្មខាងវិន័យឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្សតាមវិធានការខាងវិន័យរយៈពេល ១ឆ្នាំរបស់ក្រសួងសុខាភិបាលនេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៩ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។
តាមប្រភពពីមន្ត្រីមន្ទីរសុខាភិបាលខេត្តរតនគិរីបានឱ្យដឹងថា៖ បានជាក្រសួងសុខាភិបាលដាក់ពិន័យបញ្ឈរជើងស្រ្តីគ្រូពេទ្យភ្នែករូបនេះដោយសារទទួលរងនៅការចោទប្រកាន់ថាបានប្រើអំពើហិង្សាទៅលើអ្នកជំងឺ ដែលមកទទួលសេវា នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយទះកំផ្លៀង ព្រោះតែខឹងអ្នកជំងឺគ្មានលុយបង់។
តាមការរៀបរាប់របស់កូនប្រុសរបស់ជនរងគ្រោះ និងសាក្សីបានប្រាប់ថា៖ អ្នកគ្រូពេទ្យផ្នែកចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី នោះទះកំផ្លៀង និងជេរប្រមាថម៉ាកងាយ ត្មិៈតេះដៀលម្តាយរបស់ខ្លួនដែលជា អ្នកជំងឺក្រីក្រដែលជាជនជាតិដើមភាគតិចទៀតផង។
តាមការរៀបរាប់បន្តថា៖ អ្នកគ្រូពេទ្យម្នាក់នោះប្រើអកប្បកិរិយា សំដីសំដៅ គ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យនោះទេ សម្ដីកោងកាច ដៀលប្រមាថម៉ាកងាយ ដោយប្រើពាក្យថាពួកអាជនជាតិ ល្ងីល្ងើ ភ្លីភ្លើ បិបឹៗ អាចុយម្រាយនោះទៀតផង។ ថែមទាំងហ៊ានលើកដៃទះកំផ្លៀង ឆ្វេងស្តាំ និងវាយដៃ ចាប់ទាញជើងកន្ត្រាក់ចុះក្រោម ខណៈពេលកំពុងធ្វើការពិនិត្យអ្នកជំងឺនោះ។
ប្រភពពីអ្នកគ្រូពេទ្យប្រចាំការមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលទទួលរងការចោទប្រកាន់ថាបានប្រើហិង្សាដោយទះកំផ្លៀងនិងជេរប្រមាថដល់ស្ត្រីអ្នកជំងឺជនជាតិភាគតិចម្នាក់ពេលមកទទួលសេវាព្យាបាលភ្នែកនោះថាអ្នកជំងឺម្នាក់ឈ្មោះ ប៉ង ពាន អាយុ ៥៦ឆ្នាំរស់នៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវើុនសៃ ខេត្តរតនគិរីបានមកសម្រាកព្យាបាលជំងឺភ្នែកនៅថ្ងៃ១៦ រហូតដល់ថ្ងៃទី ១៨ខែកក្កដា ឆ្នាំ ២០១៩ហើយរូបគាត់ (ឈ្មោះ ណុប យ៉ុម ដែលមានក្របខ័ណ្ឌនៅមន្ទីពេទ្យបង្អែកខេត្តរតនគិរី)មកវ៉ាស់គំហើញ ដើម្បីធ្វើការវះកាត់ជូនគាត់ក្នុងពេលរសៀលថ្ងៃដដែលនោះ។
ប៉ុន្តែនៅពេលដែលកំពុងធ្វើការពន្យល់ពីនីតិវិធីវ៉ាស់គំហើញដោយគាត់ជាបងប្អូនជនជាតិមិនចេះស្តាប់ភាសាខ្មែរបានច្បាស់ ហើយមិនព្រមធ្វើតាមការណែនាំរបស់គ្រូពេទ្យពេលនោះរូបគាត់ក៏ប្រើកាយវិការដើរទៅជិតខ្លួនអ្នកជំងឺដើម្បីយកដៃទៅបិទភ្នែកឆ្វេងម្តង និងភ្នែកស្តាំម្តងឱ្យគាត់មើលទៅផ្ទាំងអក្សរគំរូ ហើយពេលនោះអ្នកជំងឺនោះបានអង្គុយបញ្ឈរជង្គង់ និងលើកដៃទាំងពីរមកច្រត់ចង្ការថែមទៀត។
ជាហេតុធ្វើឱ្យមានការរំខានដល់ការងារវ៉ាស់គំហើញហើយយកដៃទៅគោះដៃគាត់ឱ្យដាក់ចុះ និងអង្គុយដាក់ជើងឱ្យត្រង់ចុះក្រោមនិងយកដៃទៅគោះថ្ពាល់គាត់ខាងស្តាំចង់ប្រាប់ថា កុំយកដៃច្រត់ថ្ពាល់ចង្ការ និងឱ្យមើលទៅផ្ទាំងអក្សរគំរូប៉ុន្តែអ្នកជំងឺនោះ និងកូនៗគាត់មិនយល់ក៏មានការភាន់ច្រឡំ និងភាសាផងកាយវិការផងថាគ្រូពេទ្យនោះទះកំភ្លៀងគាត់តែម្តង។
លោកប្រធានផ្នែកចក្ខុរោគបានសំរបសំរួលបញ្ចប់ ដោយធ្វើការសុំទោសគ្នាទៅវិញទៅមកដល់អ្នកជំងឺ និងកូនៗគាត់កុំឱ្យមានការភាន់ច្រឡំបន្តទៀតហើយដែរ។
ការដែលឈានដល់ក្រសួងសុខាភិបាលបានចេញប្រកាសស្ដីពីការដាក់ទណ្ឌកម្មខាងវិន័យឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្សតាមវិធានការខាងវិន័យ
រយៈពេលមួយឆ្នាំនោះគឺផ្តើមឡើងចេញពីកូនប្រុសរបស់ស្ត្រីជំងឺប្រើគណនីហ្វេសប៊ុកឈ្មោះ «ដើម្បីប្រជាជនកម្ពុជា» បានបង្ហោះសារបង្ហាញពីការខកចិត្តចំពោះសកម្មភាពអ្នកគ្រូពេទ្យ ដោយស្នើឱ្យថ្នាក់លើរកយុត្តិធម៌ចំពោះម្ដាយខ្លួនដោយភ្ជាប់ជាមួយសំណេរដូចខាងក្រោម៖«យេីងខ្ញុំសែនខកចិត្តយ៉ាងខ្លាំងចំពោះមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៖ កាលពីថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៩ ខ្ញុំបាននាំអ្នកម្តាយឈ្មោះ ប៉ះ ពាល អាយុ ៥៦ឆ្នាំ ជនជាតិគ្រឹង មកពីភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវ៉េីនសៃ ទៅពិនិត្យជំងឺភ្នែក ដល់មន្ទីរពេទ្យ លោកគ្រូពេទ្យប្រាប់អាការ:ជំងឺគឺមានសភាពធ្ងន់ ហេីយត្រូវសំរាកព្យាបាល វះកាត់ភ្នែករយៈពេលមួយអាទិត្យយេីងខ្ញុំក៏យល់ព្រមតាមការណែនាំរបស់គ្រូពេទ្យ។
រឿងដែលហួសចិត្តនោះ គឺទៅដល់អគារផ្នែកភ្នែកបានជួបនឹងអ្នកគ្រូម្នាក់ សំដីសំដៅ គ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យសោះ សម្តីកោងកាច តិះដៀលប្រមាថមាក់ងាយថា ពួកអាជនជាតិ ល្ងីល្ងឺ ភ្លីភ្លឺ បិបឹៗអាចុយម្រាយ។
ដោយភិនភាគ អ្នកគ្រូគ្មានសីលធម៌ម្នាក់នេះ មាឌល្អិត ស្គម សំបុរស តែថ្លេីមធំណាស់ ហ៊ានលេីកដៃទះកំផ្លៀង ឆ្វេងស្តាំ និងវាយដៃ ចាប់ទាញជេីងដូចទាញអុស ខណៈពេលកំពុងធ្វេីការពិនិត្យអ្នកជំងឺ។
អ្នកម្តាយខ្ញុំមានជំងឺ គរថ្លង់ ពិការភ្នែកមេីលមិនឃេីញ ហេីយមិនអាចស្តាប់ និងចេះនិយាយភាសារខ្មែរទេ ព្រោះគាត់ជាស្រីមេម៉ាយ ជនជាតិដេីមភាគតិច។
បេីតាមការស្តាប់ពីអ្នកជំងឺ និងអ្នកកំដរផ្សេងឯទៀត គេនិយាយថា អ្នកគ្រូម្នាក់នេះ គឺកាចអាក្រក់ណាស់ គឺតែងតែជេរ និងទះកំភ្លៀងអ្នកជំងឺជារឿយៗអញ្ជឹងឯង មិនដឹងគាត់មានខ្សែក្រាស់ប៉ុណ្ណាទេ ទេីបគ្មាននរណាធ្វេីអីគាត់បាន។
មានសាក្សីជាច្រេីនដែលឃេីញ ពេលវាយ បូករួមទាំងគ្រូពេទ្យដដៃទៀតដែរ។
កូនប្រុសខាងលើក៏បានស្នើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រធានមន្ទីរ អ៊ុង រតនា និងលោកប្រធាន មន្ទីរពេទ្យបង្អែកខេត្តលោកហ៊ីងផាន សគន្ធា ជួយមេីលកូនចៅផង ព្រោះប្រជាជនរតនគិរីពឹងពាក់លេីពេទ្យហេីយពេលឈឺ តែបែរជាអ្នកគ្រូពេទ្យវាយអ្នកជំងឺថែមទៀតតើឱ្យប្រជាជនទៅរំពឹងអីវិញ..? ហើយរហូតមកដល់ពេលនេះក្រសួងក៏បានចេញសេចក្តីប្រកាសបញ្ឈរជើងអ្នកគ្រូពេទ្យនោះហើយ៕
ដោយ ៖ ជីវ័ន្ត