ភ្នំពេញ៖ ជនជាតិខ្មែរនិងជនជាតិបរទេសចំនួន១៤៣នាក់ ត្រូវកម្លាំងនគរបាលអន្តោប្រសេន៍ចុះប្រតិបត្តិការឆែកឆេរនិងត្រួតពិនិត្យមើលទីតាំងក្រុមហ៊ុនហុងកុងលែនជាលើកទី២ ដោយសង្ស័យថាមានជនជាតិបរទេសខ្លះ អាចពាក់ព័ន្ធនិងករណី មករស់នៅប្រទេសកម្ពុជាខុសច្បាប់ ។
ក្នុងប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវលេខ១០៦ កែងនិងផ្លូវលេខ៦១ ចំណុចទល់មុខទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ទីតាំងក្រុមហ៊ុនហុងកុងលែន ដែលកំពុងតែសាងសងជាខុនដូរមានកខ្ពស់២៤ជាន់នេះ គឺកម្លាំងបានចុះប្រតិបត្តិការរួចម្តងមកហើយ ដោយឃាត់ខ្លួនជនជាតិបរទេសជាច្រើននាក់ ដោយពួកគេគ្មានលិខិតការងារ រួចឃាត់យកមកធ្វើច្បាប់ការងារត្រឹមត្រូវតាមច្បាប់ផងដែរ ។
ដោយឡែកដោយមានការសង្ស័យថា ទីតាំងនេះនៅមានជនបរទេសដែលមករស់នៅនិងធ្វើការងារនៅប្រទេសកម្ពុជាគ្មានច្បាប់ត្រឹមត្រូវនោះ ទើបលោកដឹកនាំកម្លាំងចុះត្រួតពិនិត្យម្តងទៀត ហើយជាលិទ្ធផលបានឃាត់កម្មករទាំងអស់មានជនជាតិខ្មែរនិងជនជាតិបរទេសចំនួន១៤៣ ដើម្បីត្រួតពិនិត្យមើសៀវភៅការងារផងដែរ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យរួច កម្លាំងរបស់លោកបានរកឃើញ ជនជាតិខ្មែរ៩០នាក់ ; ជនជាតិវៀតណាម៣១ ; ជនជាតិហ្វីលីពិន៧ ; ជនជាតិកូរ៉េ១២នាក់ ; ជនជាតិអង់ភ្លេស១នាក់ មានទាំងប្រុសទាំងស្រី ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនសាកសួរនៅទីតាំងខាងលើនេះនិង ធ្វើការអប់រំណែនាំឲ្យធ្វើសៀវភៅកាងារ និង ផាកពិន័យ តាមច្បាប់ ដោយ ធ្វើ ផាកពិន័យថវិកាចូលរដ្ឋចំនួន៥០ម៉ឺនរៀលសម្រាប់ជនជាតិបរទេសម្នាក់ ។
គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចមិនបានឃាត់ខ្លួនមនុស្សយកទៅនគរបាលអន្តោប្រសេន៍នោះទេ ព្រោះកម្មករទាំងអស់នេះ សុទ្ធតែមានសៀវភៅការងារត្រឹមត្រូវតាមច្បាប់ ។
ពាក់ព័ន្ធនឹងករណីនេះផងដែរលោកក៏បានអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។
លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថាកន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្មនានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម ឬហាងផ្សេងៗ របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។
យោងតាមមាត្រា ទី ២៩ ច្បាប់ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារះប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិ រដ្ឋដោយតុលាការ ៕
ដោយ៖ ស ដារ៉ា