អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ កាលនៅថ្ងៃទី៣ ខែសីហា នេះបានប្រកាសថា ប្រសិនបើអាមេរិកចង់បង្កសង្គ្រាមពាណិជ្ជកម្មជាមួយចិននោះ ចិនស្វាគមន៍ដល់ទីបញ្ចប់ ហើយទីក្រុងប៉េកាំងនិងមានវិធានការតបតវិញ នៅការដាក់ទណ្ឌកម្មថ្មី ដឡើងពន្ធបន្ថែមពីអាមេរិក ។
មន្ត្រីចិនប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ទៀតថា ទស្សនរបស់ចិនបានបង្ហាញយ៉ាងច្បាស់ថា បើទីក្រុងវ៉ាស៊ីនតោន ចង់ចចារ ចិន នឹងចចារ ហើយបើចង់ប្រកាសសង្គ្រាម ចិនក៏បានត្រៀមតបតវិញផងដែរ ។
ការប្រកាសខាងលើរបស់ចិនកើតឡើង ក្រោយពេល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២ ខែសីហា បានប្រកាសថា អាមេរិកនឹងដំឡើងពន្ធចំនួន១០ភាគរយបន្ថែមទៀត លើមុខទំនិញ នាំមកពីប្រទេសចិន ដែលមានតម្លៃសរុប៣០០ពាន់លានដុល្លារអាមេរិក។ ការដំឡើងពន្ធបន្ថែមនេះ នឹងចូលជាធរមាន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។
លោក ដូណាល់ ត្រាំ បានប្រកាសបែបនេះ នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី១ ខែសីហា (ម៉ោងនៅអាមេរិក) ក្រោយពេលលោកប្រធានាធិបតីអាមេរិក ទទួលបានរបាយការណ៍ ស្តីអំពីកិច្ចពិភាក្សា លើវិស័យពាណិជ្ជកម្មជាមួយចិន នៅទីក្រុងសៀងហៃ ប្រទេសចិន។
បើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺមន្ត្រីនៃប្រទេសទាំងពីរ អាមេរិក និងចិន នឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ហើយលោកសង្ឃឹមថា កិច្ចពិភាក្សានេះ នឹងទទួលបានកិច្ចព្រមព្រៀងមួយជាមួយចិន។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង ថា ចិនមិនគោរពពាក្យសន្យា ទិញផលិតផលកសិកម្មពីអាមេរិក ក៏ដូចជា ការលក់ឱសថបំបាត់ការឈឺចាប់ Fentanyl ទៅកាន់អាមេរិកផងដែរ។
សកម្មភាពខាងលើបានធ្វើឲ្យទីផ្សា មូលបត្រ(ភាគហ៊ុន)អាមេរិកធ្លាក់ចុះ ចំណែកតម្លៃប្រេងវិញឡើងថ្លៃខ្ពស់ ក្រោយការប្រកាសរបស់លោកត្រាំ។ ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានប្រកាសថា ការដំឡើងពន្ធរបស់អាមេរិក និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ដើរយឺត នៅក្នុងឆ្នាំ២០២០ គឺថយចុះ០,២ភាគរយ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពរបស់អាមេរិក មិនមែនប៉ះពាល់តែចិននោះឡើយ អាមេរិក ក៏ជាអ្នកប៉ះពាល់ខ្លាំងពីការដំឡើងពន្ធនោះ ។ នៅពេលនេះដែរ សេដ្ឋកិច្ចអាមេរិកចាប់ផ្តើមឲ្យសញ្ញាដើរយឺតៗ។
ក្រុមអ្នកជំនាញ់កំពុងតែវាយតម្លៃថា តើសេដ្ឋកិច្ចអាមេរិកកំពុងចាប់រង្គោះរង្គើដោយសារសង្រ្គាមពាណិជ្ជកម្មចិន អាមេរិកឬក៏យ៉ាងណា? តួលេខរបស់នាយកដ្ឋានពាណិជ្ជកម្មអាមេរិក ចេញផ្សាយជាផ្លូវការពេលកន្លងមកថ្មីៗបង្ហាញឲ្យឃើញថា ឱនភាពពាណិជ្ជកម្ម ប្រចាំខែ និមួយៗបានកាត់បន្ថយ ប្រមាណ ០,៣ភាគរយ ដោយសារការនាំចូលទំនិញ មកពីប្រទេសចិន និងសហភាព អឺរ៉ុប បានធ្លាក់ចុះ។ ទន្ទឹមគ្នានោះ ការនាំចេញទំនិញអាមេរិកក៏បានធ្លាក់ចុះ ខ្លាំងគួរ ឲ្យកត់សំគាល់ផងដែរ។
នៅខែមិថុនា និងខែកក្កដា ឱនភាពពាណិជ្ជកម្មអាមេរិក មានទំហំទឹកប្រាក់ ៥៥ ២០០លានដុល្លារអាមេរិក គឺថយចុះបន្តិច ដោយសារការនាំចូលបានធ្លាក់ចុះ ប្រមាណ ១,៧% ឬ ២៦១ពាន់លានដុល្លារ ចំណែក ការនាំចេញរបស់អាមេរិកវិញ ធ្លាក់ចុះខ្លាំង ជាងការនាំចូលទៅទៀត ដល់ ទៅ២%។
តាមរបាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មអាមេរិក ចេញផ្សាយ កាលពីថ្ងៃទី២ ខែសីហាថា ដោយសារការនាំចូលពីចិន និងអឺរ៉ុបធ្លាក់ថយចុះ ទំនិញនាំចូលអាមេរិក ដូចជាទូរស័ព្ទដៃ និងសំភារៈប្រើប្រាស់របស់ប្រជាជនអាមេរិកាំង បានធ្លាក់ថយចុះ ជាង ១៤០០លានដុល្លារ។ នៅក្នុងជម្លោះពាណិជ្ជកម្ម រវាងគ្នា ប៉េកាំង និងវ៉ាស៊ីនតោនបានប្រកាសដំឡើងពន្ធ លើទំនិញនាំចូលគ្នាទៅវិញ ទៅមក សរុប ៣៦០ពាន់លានដុល្លារ ក្នុងគោលដៅ កាត់បន្ថយ ការដោះដូរពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។
លោកដូណាល់ ត្រាំ ប្រើនយោបាយ ដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន ដើម្បី ការពារការងារប្រជាជនអាមេរិកាំង និងកាត់បន្ថយ គម្លាត នៃការដោះដូរពាណិជ្ជកម្មជាមួយប្រទេសចិន។ ប៉ុន្តែ តួលេខរបស់ក្រសួងការងារអាមេរិក បានបង្ហាញដែរថា សម្រាប់ខែកក្កដា ចំនួនការងារបង្កើតថ្មី បានថយចុះ នៅពេលអត្រាអ្នកអត់ការងារធ្វើវិញ នៅនឹងថ្កល់ ប្រមាណ ៣,៧% ដែលនេះ ជាសញ្ញានៃសេដ្ឋកិច្ចដើរយឺតរបស់អាមេរិក។
ការនាំចេញធ្លាក់ចុះ ចំណែកចំនួនការងារបង្កើតថ្មី ក៏ធ្លាក់ចុះ។ សញ្ញានៃសេដ្ឋកិច្ចដើរយឺត នឹងអាចរឹតតែអាក្រក់ នៅពេលនយោបាយដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ ទៅលើទំនិញចិន នាំចូលអាមេរិក ដែលមានតម្លៃ ជាង ៣០០ពាន់លានដុល្លារផ្សេងទៀត ចាប់ចូលជាធរមាន នៅខែកញ្ញាខាងមុខ។
នៅថ្ងៃ ព្រហស្បតិ៍ ដោយសារការចរចាពាណិជ្ជកម្មជាមួយចិន នៅទីក្រុងសៀងហៃ មិនបានផ្តល់លទ្ធផលតាមការចង់បាន លោកដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ ១០ភាគរយ លើទំនិញនាំចូលពីចិន ប្រមាណ ៣០០ពាន់លានដុល្លារផ្សេងទៀត ចាប់ពីថ្ងៃទី ១កញ្ញា។
នៅពេលវិធានការដំឡើងពន្ធពីរលើកដំបូង លើទំនិញនាំចូលពីចិន ផ្តោតសំខាន់ទៅលើវត្ថុធាតុដើម វិធានការដំឡើងពន្ធ លើកទី៣របស់លោកដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ លើទំនិញចិន តម្លៃ ជាង ៣០០ពាន់លានដុល្លារផ្សេងទៀត នឹងធ្វើឲ្យទំនិញ លក់រាយឡើងថ្លៃនៅអាមេរិក ដែលជាការប៉ះពាល់ដោយផ្ទាល់ លើប្រយោជន៍ របស់អ្នកប្រើប្រាស់ និងអ្នកជំនួញអាមេរិកាំង។
ធនាគារកណ្តាលអាមេរិក នៅសប្តាហ៍នេះបានកាត់បន្ថយអត្រាការប្រាក់ប្រមាណ០,២៥ភាគរយ ដើម្បី ជំរុញ ពង្រីក សេដ្ឋកិច្ចអាមេរិក ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោកដើរយឺត ហើយនិងភាពមិនច្បាស់លាស់ ដោយសារសង្រ្គាមពាណិជ្ជកម្មចិន អាមេរិក៕