ក្រោយការបាញ់ប្រហារនៅរដ្ឋតិចសាស អាមេរិក សម្លាប់មនុស្ស ជាង២០នាក់ និងរងរបួសជិត៣០នាក់ ក៏មានការបាញ់ប្រហារលើកទីពីរកើតឡើងនៅក្នុង ទីក្រុង Ohio សម្លាប់មនុស្ស ១០នាក់ ផងដែរ នៅថ្ងៃទី៤ខែសីហា។
ការបាញ់ប្រហារលើកទីពីរកើតឡើង ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបាញ់ប្រហារលើកទីមួយ ។ ការបាញ់ប្រហារលើកទីពីរស្ថិតនៅក្នុង ក្លឹប រាត្រី ស្ថិតនៅក្នុងតំបន់ Oregon ។
នៅពេលនេះដែរ លោកដូណាល់ ត្រាំ បានហៅ ការបាញ់សម្លាប់រង្គាលនៅទីក្រុង El Paso ថាជា «សកម្មភាពដ៏កម្សាក» ។ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្កោលទោសការបាញ់ប្រហារសម្លាប់រង្គាលនៅក្នុងហាងលក់ទំនិញដ៏ទំនើប Walmart នៅទីក្រុង El Paso រដ្ឋតិចសាស សហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នោះថា ជា«សកម្មភាពដ៏កម្សាក» ។ លោកបានបន្ថែមថា «ទោះក្នុងតម្លៃណា គ្មានហេតុផលទាល់តែសោះ មកសម្លាប់ជនស្លូតត្រង់បែបនេះឡើយ»។
លោកប្រធានាធិបតីបានថ្លែងនៅលើបណ្តាញសង្គមធ្វីធើថា «ខ្ញុំដឹងថា ខ្ញុំឈរនៅខាងអ្នករាល់គ្នានៅក្នុងប្រទេសនេះ ថ្កោលទោសសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមដែលបានកើតឡើងនៅក្នុងថ្ងៃនេះ ។ គ្មានហេតុផល ឬទោះក្នុងតម្លៃណាក៏ដោយ មិនគួរណាមកសម្លាប់ជនស្លូតត្រង់ដែលមិនដឹងអី ដូច្នេះសោះ» ។ លោកបន្តថា «ខ្ញុំ និងភរិយាខ្ញុំ Melania Trump សូមចូលរួមរំលែកក្តីសោកសៅ និងសួងបួងសួងដល់ជនរងគ្រោះទាំងអស់ដែលស្ថិតនៅតិចសាសនោះ» ។
គួររំលឹកថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ (នៅអាមេរិក ថ្ងៃទី៣ សីហា) បុរសជាខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារនៅផ្សារទំនើបWalmart Cielo Vista Mall ស្ថិតនៅទីក្រុង El Paso រដ្ឋតិចសាស សហរដ្ឋអាមេរិក ។ ព័ត៌មានថ្មីៗចុងក្រោយបំផុតបញ្ជាក់ថា មនុស្ស២០នាក់ត្រូវបានសម្លាប់ និង២៦នាក់ដទៃផ្សេងទៀតរងរបួស ក្នុងអំពើបាញ់ប្រហារសម្លាប់រង្គាលនេះ ។
យោងតាមប៉ូលិសក្នុងតំបន់បញ្ជាក់ថា ខ្មាន់កាំភ្លើងបានទម្លាក់អាវុធចុះចាញ់ សារភាពចំពោះមុខប៉ូលិសនៅកន្លែងកើតហេតុ ។ មកដល់ពេលនេះ ជនសង្ស័យម្នាក់ប៉ុណ្ណោះ ដែលប៉ូលិសបានចាប់ខ្លួន ៕ ធីរីណា