ខេត្តពោធិ៍សាត់៖ បុរសដែលគេអះអាងចូលចិត្តបង្កហឹង្សានៅពេលផឹកសុីស្រវឹងជោគជាំម្នាក់ ត្រូវបានភាគ្គីម្ខាងប្ដឹងនគរបាលចាប់ដាក់ខ្នោះដៃ បន្ទាប់ជនសង្ស័យរងការចោទរូបនេះ បានធ្វើសកម្មភាពវាយតប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។
ប្រតិបត្តិការបង្រ្កាបជនបង្កហឹង្សាខាងលើ ធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ប៉ាត សុីណា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីរបាយការណ៍អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យករណីហឹង្សាត្រូវបានឃាត់ដាក់ខ្នោះឈ្មោះ អឿន សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជាមួយគ្នា និងជនរងគ្រោះទាំង ២នាក់ជាម្ចាស់ពាក្យបណ្ដឹងខាងលើ ។
ប្រភពព័ត៌មានខាងលើបន្តថា ការឃាត់ចាប់ខ្លួនជនសង្ស័យរូបនេះ គឺជាការអនុវត្តន៍បណ្ដឹងរបស់ឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំខាងលើ ថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពដាល់ចំមុខរបស់ខ្លួន(ឡេង សំណាង)ចំនួន ២ដៃ និងច្របាច់ក ថែមទាំងឡើងលើផ្ទះរបស់ឈ្មោះ ប៉ាត សុីណា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ដែលរស់នៅក្បែគ្នា ដោយយកឈើជ្រុងប្រវែងប្រមាណ ០៩តឹក វាយពាងដាក់ទឹកបណ្ដាលឲ្យខ្ទេច ហើយយកបំណែកពាង និងឈើជ្រុងនោះគប់ផ្ទះថែមទៀត កន្លងមកជនសង្ស័យ(អឿន សុភា) បានដុតផ្ទះបាយ និងវាយពាងទឹកបែកអស់ ៥ពាង របស់ជនរងគ្រោះ(ប៉ាត សុីណា) ។
ប្រភពដដែលបន្តទៀតថា មូលហេតុ៖ ផឹកស្រាស្រវឹង ជនសង្ស័យ(អឿន សុភា) សមត្ថកិច្ចនគរបាលនាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ទោសជាយ៉ាងណាក្ដី៖ អ្នកសារព័ត៌មាន ពុំអាចស្វែងរកសុំការពន្យល់ពីភាគ្គីបង្កបានទេ នេះគ្រាន់តែជាប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ៕ បុឹម ពិន