ភ្នំពេញ ៖ អ្នកណាក៏អាចកើតមានចិត្តប្រច័ណ្ឌដែរ គ្រាន់តែការប្រច័ណ្ឌបានសម្ដែងចេញមកខុសៗគ្នា ។ ជាការណ៍ពិតការប្រច័ណ្ឌរបស់បុគ្គលមួយចំនួនដែលមានការយល់ដឹងល្អ ហើយចេះរកដំណោះស្រាយ នោះមិនមានបញ្ហាអ្វីទេ តែជនខ្លះទៀតបែរជាប្រចណ្ឌដោយការគុំទុកក្នុងចិត្ត មិនព្រមស្វែងរកដំណោះស្រាយ និងអាចឈានទៅដល់កើតមានបញ្ហាផ្លូវចិត្ត និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃបានគ្រប់ពេល ។
ពិតជាអាសូរណាស់ នារីម្នាក់បានស្លាប់ក្រោមកណ្តាប់ដៃប្តី វាយចំ២ដៃគុំថ្គាម និងក្ដោងច្រមុះ បណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្តើមឡើងដោយសារភ្លើងប្រច័ណ្ឌខ្លាំង តែងតែឈ្លោះជាមួយប្រពន្ធស្ទើររាល់ថ្ងៃ ។
សពនារីរងគ្រោះឈ្មោះ នុយ វណ្ណារី អាយុ២៣ឆ្នាំ មានមុខរបរជាស្រី្តមេផ្ទះ មានទីលំនៅស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនបង្កហេតុឈ្មោះ ផង់ សំណាង អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ។ អ្នកទាំង២ស្នាក់នៅជាមួយគ្នា ស្ថិតក្នុងភូមិ-សង្កាត់ខាងលើ ។
ដំណើររឿងបានឲ្យដឹងថា ជនសង្ស័យតែងតែប្រច័ណ្ឌប្រពន្ធ និងកើតជម្លោះស្ទើររាល់ថ្ងៃ ។ លុះមកដល់ថ្ងៃកើតហេតុ ប្ដីទើបតែមកពីផឹកស្រាមកដល់ផ្ទះ ក៏រករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ។ ភាគច្រើនផ្តើមឡើងដោយសារតែភ្លើងប្រច័ណ្ឌ រហូតប្ដីទ្រាំលែងបានស្ទុះទៅវាយប្រពន្ធចំនួន២ដៃចំគុំថ្គាម និងក្ដោងច្រមុះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ឃើញដូច្នេះជនបង្កបានហៅបងប្អូនដើម្បីឲ្យមកជួយសង្រ្គោះ តែប្រពន្ធបានដាច់ខ្យល់ផុតដង្ហើមទៅហើយ ។
ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលកាកាបទី២ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ជាយក្រុង