ភ្នំពេញ ៖ នៅលើហ្វេសប៊ុករបស់សម្តេចតេជោ នាថ្ងៃអង្គារ ទី៦សីហានេះ បានសរសេររៀបរាប់រំលឹកអនុស្សាវរីយ៍ ភ្ជាប់ជាមួយរូបថតចំនួន២សន្លឹកកាលពី៤៨ឆ្នាំមុន និងបច្ចុប្បន្ន ។ ពាក្យពេចន៍ជាច្រើនឃ្លាបានបញ្ជាក់អត្ថន័យពីទឹកចិត្តដ៏ជ្រាលជ្រៅពុំអាចកាត់ថ្លៃបាននោះគឺ ទោះសភាពការណ៍មានការប្រែប្រួល ទាំងនយោបាយសេដ្ឋកិច្ច សង្គម ទាំងឋានៈ តួនាទី ទាំងវ័យ ទាំងរូបកាយ។ល។ តែចំណងមិត្តភាព និងភាពជាបងប្អូនរវាងគាត់និងខ្ញុំមិនបានផ្លាស់ប្តូរទេ ។
សម្តេចបានសរសេរនៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា រូបថតមួយសន្លឹក ថតកាលពី៤៨ឆ្នាំមុន គឺឆ្នាំ១៩៧១ដែលពេលនោះ ខ្ញុំមានអាយុ១៩ឆ្នាំ បង សុក សារឿន អាយុ២៩ឆ្នាំ។ ឯរូបថតមួយសន្លឹកទៀត ថតថ្ងៃ ៥សីហា
២០១៩ ជាពេលដែលខ្ញុំឆ្លងពីអាយុ៦៧ឆ្នាំ មកអាយុ៦៨ឆ្នាំ ឯបងសុក សារឿន មានវ័យ៧៨ឆ្នាំ ។ ទោះសភាពការណ៍មានការប្រែប្រួល ទាំងនយោបាយសេដ្ឋកិច្ច សង្គម ទាំងឋានៈ តួនាទី ទាំងវ័យ ទាំងរូបកាយ។ល។តែចំណងមិត្តភាព និងភាពជាបងប្អូនរវាងគាត់និងខ្ញុំមិនបានផ្លាស់ប្តូរទេ។៤៨ឆ្នាំមុនគាត់ជាមេបញ្ជាការ
របស់ខ្ញុំ តែ៤០ឆ្នាំចុងក្រោយនេះគាត់មាន ឋានៈទាបជាងខ្ញុំវិញម្តង។ មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅលើបុណ្យសក្ត័ ឋានៈនាទីឬទ្រព្យសម្បត្តិ នោះឡើយតែសំខាន់គឺនៅលើទឹកចិត្ត ស្រឡាញ់រាប់អានគ្នាដោយគ្មានការប្រែប្រួល។
សម្តេចបានបញ្ជាក់បន្តថា បងសុក សារឿននេះហើយដែលជូនខ្ញុំ ទៅដោះស្រាយការភ័នច្រឡំរវាងខ្ញុំ ជាមួយគ្រូពេទ្យក្រមុំនៅមន្ទីរពេទ្យស្រុក ក្រូចឆ្មាឈ្មោះរ៉ានី នាខែមិនា១៩៧៤ ដែលជាឱកាស់ឱ្យខ្ញុំបានស្គាល់មុខរ៉ានីជាលើកដំបូងហើយចាប់ចិត្តស្រឡាញ់ តាំងពីពេលនោះមកនិងក្រោយមកបាន ក្លាយជាប្តីប្រពន្ធរហូតមានចៅ២០នាក់ នាពេលនេះ។ បងសុក សារឿនពេលនេះជានាយឧត្តមសេនីយ៍ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ៕