ភ្នំពេញ៖ បុរសម្នាក់ វ័យជាង៣០ឆ្នាំបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាចាស់បណ្តាលលិចលង់ទៅបាត់ សមត្ថកិច្ចរកសពមិនទាន់ឃើញ ។
ហេតុការណ៍បានកើតឡើងឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចស្ពានជ្រោយចង្វាចាស់ ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
អ្នកបើករថយន្តតាក់ស៊ីម្នាក់ឈ្មោះ ម៉េង ឡុង ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបញ្ជាក់ថា នៅមុនពេលកើតហេតុ លោកបានបើករថយន្តចេញពីភ្នំពេញឡើងលើស្ពានជ្រោយចង្វាក្នុងគោលបំណងទៅខេត្តត្បូងឃ្មុំ លុះបើកមកដល់ចំណុចលើស្ពានជ្រោយចង្វាចាស់ ស្រាប់តែឃើញបុរសវ័យជាង៣០ឆ្នាំម្នាក់បានដើរថ្មើរជើងពីលិចទៅកើត រួចធ្វើសកម្មភាពលោតពីលើស្ពានចូលទៅក្នុងទឹកសម្លាប់ខ្លួនឯងតែម្តង ដោយមិនដឹងមូលហេតុ ។
សមត្ថកិច្ច និងពលរដ្ឋដែលធ្វើដំណើរតាមផ្លូវមានការភ្ញាក់ផ្អើល ក៏មានការចេញទូក និងមុជទឹកស្វែងរកសពបុរសរងគ្រោះ ប៉ុន្តែរកមិនទាន់ឃើញ ៕
ដោយ៖ ស ដារ៉ា