ភ្នំពេញ៖ ទប់ស្កាត់ការបញ្ចេញរូបភាពសិចស៊ីស្រើបស្រាលពាសលើបញ្តាញសង្គមនោះ ក្រសួងវប្បធម៌បានបញ្ចប់កិច្ចប្រជុំមួយដោយនឹងត្រៀមចាត់វិធានការតឹងរឹងមួយទាំងសម្រាប់អ្នកក្នុងនិងក្រៅចង្កោមសិល្បៈ។ វិធានការនេះត្រូវបានគេដឹងថាដើម្បីលើកកម្ពស់សីលធម៌រស់នៅ លើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងធ្វើការដាក់ពិន័យដោយ ផ្ទាល់មាត់ ជាលាយល័ក្ខណ៍អក្សរ និងផ្អាកសកម្មភាពសិល្បៈ ចំពោះបុគ្គលណាដែលបានបញ្ចេញរូបភាពសិចស៊ីដែលប្រព្រឹត្តិផ្ទុយទៅនឹងក្រមសីលធម៌អ្នកសិល្បៈ ឬ បណ្តាលឲ្យមានព្យសនកម្ម(សេចក្តីវិនាស)ដល់សិល្បៈវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីជាតិ។ មិនទាន់មានការបញ្ជាក់នោះទេថាតើសិល្បករ តារាហ្វេសប៊ុក ឬអ្នកលក់ឡេនិយមបញ្ចេញសាច់ខ្ចីស្ទើតែស្រាតរូបណាទេ ដែលនឹងត្រូវបានក្រសួងធ្វើចំណាត់ការ។ ប៉ុន្តែកន្លងមកមានទាំងអ្នកក្នុងនិងក្រៅចង្កោមសិល្បៈជាច្រើនបានបញ្ចេញរូបភាពបែបស្រើបស្រាលសិចស៊ី និងពាក្យសម្តីជ្រុលហួសហេតុបែបពាលាដែលនាំឲ្យមានការរិះគន់ច្រើនពីមហាជន។ ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នេះក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោកស្រីរដ្ឋមន្ត្រី បានសម្រេចការងារមួយចំនួនដើម្បីទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយរូបភាពអាសអាភាសជ្រុល និងការឡាយលក់ផលិតផលអនឡាញស្លៀកពាក់សិចស៊ីហួសហេតុ និងប្រើពាក្យអសុរោះ។ លោក ហេង ឡុង ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គមដែលជាសមាជិកក្រុមប្រឹក្សាពិន័យ និងលើកសរសើរបានលើកឡើងដោយលោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីសម្រេចរបស់ក្រសួងវប្បធម៌ ចំពោះការពិន័យនេះ។ ក្រៅតែអំពីការពិន័យ ក្រសួងក៏សម្រេចឲ្យមានការលើកសរសើរទាំងផ្ទាល់មាត់ បណ្ណសរសើរ មេដាយ សម្រាប់សិល្បករ និងមហាជនដែលបានចូលរួមចំណែកជួយក្នុងសកម្មភាពទាក់ទងនឹងវិស័យវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីស្របតាមគោលនោយបាយជាតិផងដែរ៕
ដោយ វឌ្ឍនា