ជំងឺគ្រុនឈាម ជាក្តីបារម្ភយ៉ាងខ្លាំង ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ី ដោយមានអ្នកស្លាប់កើនឡើង

ចែករំលែក៖

ភ្នំពេញ ៖ រដូវភ្លៀងធ្លាក់ជោកជាំបង្កើតឲ្យមានមូសខ្លា បង្កឲ្យមានជំងឺផ្សេងៗជាច្រើនបានគំរាមកំហែង​ដល់ អាយុជីវិត ពលរដ្ឋ ។  បច្ចុប្បន្នមានប្រទេសជាច្រើន កើតមានជំងឺគ្រុនឈាមរាល​ដាល់ ហើយនៅក្នុងមន្ទីរពេទ្យ​នីមួយៗស្ទើរតែគ្មានកន្លែងស្នាក់នៅព្យាបាល ។

ប្រទេសដែលមានជំងឺគ្រុនឈាមសម្លាប់មនុស្សច្រើនជាងគេបំផុតគឺ ប្រទេស ហ្វីលីពីន និង បង់ក្លាដេស ដែល​មានអ្នកស្លាប់ ជិត ១ពាន់នាក់ហើយ។

នៅក្នុងប្រទេសហ្វីលីពីនស្លាប់កើនឡើងជាង​៦០០នាក់ដោយគ្រុនឈាម  ហើយ រដ្ឋាភិបាលហ្វីលីពីនប្រកាសអាសន្ន ទូទាំងប្រទេស។ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ បានប្រកាសដាក់ប្រទេស ស្ថិតក្នុងគ្រាមានអាសន្ន ​ដោយសារមាន​មនុស្សជាច្រើន បានកើតជំងឺគ្រុនឈាម និង​បានបាត់បង់ជីវិតរាប់រយនាក់ ហើយជំងឺ​គ្រុនឈាមនេះដ៏កំពូងរីករាលដាល នៅ​ទូទាំងប្រទេសនេះ ។ 

នាយកដ្ឋាន​សុខាភិបាល​ហ្វ៊ីលីពីន​ (DOH)​ បានបញ្ជាក់ថា បើគិតពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ជំងឺគ្រុនឈាម​បានផ្ទុះឡើង​ ចំនួន ១៤៦ ០៦២ ករណី កើនឡើង ចំនួន​៩៨ភាគរយ នៅក្នុង​​អំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ ជំងឺនេះ បានសម្លាប់មនុស្ស ​សរុប​៦២២នាក់។ 

មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុកសុខាភិបាលហ៊្វីលីពីន​មួយរូប​ បានថ្លែងនៅក្នុងសន្និសីទកាសែតថា ប្រទេសហ្វ៊ីលីពីន​ បានប្រកាស​ហាមប្រាម​ការចាក់វាក់សាំង Dengvaxia​ ជាលើកដំបូងបំផុត​ នៅក្នុងពិភពលោក​ផងដែរ។ រីឯការហាមប្រាម​ប្រើប្រាស់វាក់សាំងប្រភេទនេះ គឺកើតឡើង បន្ទាប់ពីកុមារជាច្រើននាក់​ បានបាត់បង់ជីវិត ក្នុងចំណោម​មនុស្សជាង ៧០០០០០នាក់ ខណៈចន្លោះពីឆ្នាំ​២០១៦ ដល់ឆ្នាំ២០១៧ មានយុទ្ធនាការរបស់រដ្ឋាភិបាល​ បានចាក់វាក់សាំង​នេះ​ទៅលើពួកគេ។  

រដ្ឋលេខាធិការសុខាភិបាលហ្វ៊ីលីពីន លោក Francisco Duque បានថ្លែងថា រដ្ឋាភិបាល​កំពុងសិក្សា​លើការអំពាវនាវ​មួយ ដោយអនុញ្ញាត​ឲ្យ​នាំវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថបារាំង Sanofi ចូលមកកាន់​ទីផ្សារហ្វ៊ីលីពីនវិញ។ ប៉ុន្តែមន្រ្ដីជំនាញ នៃប្រទេសនេះ ​បាន​កំណត់ថា ការប្រើប្រាស់វ៉ាក់សាំង​នេះ គឺសម្រាប់តែអំឡុងពេលប្រយុទ្ធប្រឆាំង​ជំងឺគ្រុនឈាមដែលកំពុង​តែ​រីករាលដាលនេះតែប៉ុណ្ណោះ ។ 

លោក Duque បានថ្លែងថា ថ្នាំវ៉ាក់សាំងនេះ មិនតម្រូវឲ្យប្រើប្រាស់ ​សម្រាប់កុមារមានអាយុ​ ចន្លោះពី៥ឆ្នាំ​ដល់៩ឆ្នាំនោះទេ។ វ៉ាក់សាំងនេះ មានអាជ្ញាប័ណ្ណ​ពីប្រទេសចំនួន​២០ផងដែរ ហើយបើតាមអង្គការសុខភាពពិភពលោក ថ្នាំវាក់សាំងនេះអនុញ្ញាត​ឲ្យប្រើប្រាស់ សម្រាប់មនុស្សអាយុ​៩ឆ្នាំ ឬលើសពីនេះ ។ 

លោក Duque បានថ្លែងថា ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បានផ្តល់ដំបូន្មាន​ដល់រដ្ឋាភិបាលទីក្រុងម៉ានីល ថា វ៉ាក់សាំងនេះ «មិនត្រូវបានណែនាំ»​ ប្រើប្រាស់សម្រាប់ទប់ស្កាត់​ការឆ្លងរាលដាល នៃជំងឺគ្រុនឈាម​នៅពេលនេះទេ ហើយវាក៏មិនមានតម្លៃធូរថ្លៃនោះដែរ ដោយមានតម្លៃ​ប្រហែល២០ដុល្លារ​ឯណោះ ។ 

យោងតាមអង្គការសុខភាពពិភពលោក ជំងឺគ្រុនឈាម​បានឆ្លងរាលដាលជារៀងរាល់ឆ្នាំ នៅក្នុងពិភពលោក មាន​​ប្រមាណ​៣៩០​លាននាក់ នៅក្នុងចំណោប្រទេសជាង​១២០ ។ ជំងឺនេះ​បានសម្លាប់មនុស្ស​ជាង​២៥ ០០០នាក់ ក្នុងចំណោមអ្នកដែលផ្ទុកជំងឺទាំងនោះ។ 

ហ្វ៊ីលីពីន​ កាលពីឆ្នាំ២០១៦ បានក្លាយជាប្រទេស​ដំបូង​គេ ​ដែលប្រើប្រាស់​វ៉ាក់សាំង Dengvaxia នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំមួយ។ ប៉ុន្តែវាក៏ចាប់ផ្តើម​មានបញ្ហាចម្រូងចម្រាសកើតឡើង​ គឺ១ឆ្នាំក្រោយពេលក្រុមហ៊ុនឱសថបារាំង Sanofi បានបង្ហាញ​ថា វ៉ាក់សាំង​ Dengvaxia នេះ ​អាចគ្រោះថ្នាក់​ដល់មនុស្ស ដែលមិនមានផ្ទុកជំងឺគ្រុនឈាម។ 

ការបង្ហាញបែបនេះ បានធ្វើឲ្យមានភ័យស្លន់ស្លោ នៅទូទាំងប្រទេសហ្វ៊ីលីពីន តែម្តង ហើយឪពុកម្តាយ​ខ្លះ​បានចោទប្រកាន់​ថា វ៉ាក់សាំង Dengvaxia​ ជាអ្នកសម្លាប់កូនៗរបស់ពួកគេ។ 

បញ្ហាចម្រូងចម្រាសនេះ​ បាននាំឲ្យមានការភ័យខ្លាច​ ចំពោះការចាក់ថ្នាំវ៉ាំក់សាំង​បង្ការ ដែលរដ្ឋាភិបាលហ្វ៊ីលីពីន ​បានថ្លែងថា នេះជាកត្តា​មួយនៅពីក្រោយ​​ការឆ្លងជំងឺ​កញ្ជ្រឹល​ដ៏រាលដាល។ ​មូលនិធិ​កុមារអន្តរជាតិ ​បានថ្លែងថា វាបានសម្លាប់​មនុស្ស​ជាង​២០០នាក់ ក្នុងឆ្នាំ២០១៩នេះ។ 

លោក Duque កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ បានអំពាវនាវ​ភ្នាក់ងាររដ្ឋាភិបាលដទៃទៀត នៅតាមសាលារៀន, ការិយាល័យ និងសហគមន៍នានា​ ចាកចេញពីការិយាល័យ, ពីលំនៅឋាន, ពីបន្ទប់រៀន​នៅរៀងរាល់ពេលរសៀល ហើយចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ស្វែងរកវិធីកម្ចាត់​ទីតាំង ឬជម្រករបស់សត្វមូស​ខ្លាឲ្យខាងតែបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវជំងឺគ្រុនឈាមនេះ។

ចំណែកនៅក្នុងប្រទេសបង់ក្លាដែលវិញ ជំងឺគ្រុនឈាម សម្លាប់មនុស្សកើន​២៣នាក់។កាលពីថ្ងៃទី៦ ខែសីហា អគ្គនាយក​សេវាកម្មសុខភាព​(DGHS)របស់បង់ក្លាដែស បញ្ជាក់ថា នៅបង់ក្លាដែស គិតចាប់ពីខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មនុស្ស​២៣នាក់​សរុប​បានស្លាប់ ដោយសារតែជំងឺ​គ្រុនឈាម​ ។ 

ប្រភពបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិត មាន២ករណី​កាលពីខែមេសា, ៣ករណី​ក្នុងខែ​មិថុនា, ១៥ករណី​នៅក្នុងខែកក្កដា ហើយ​នៅក្នុងខែសីហានេះ មាន៣ករណីហើយ ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាម ។ 

តួលេខ​ផ្តល់ជូន​ដោយ​អគ្គនាយកដ្ឋានសេវាកម្ម​សុខភាព ដែលស្ថិតក្រោម​ក្រសួងសុខាភិបាល​បង់ក្លាដែស​​បញ្ជាក់ថា ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ករណីគ្រុនឈាម​ចំនួន​១១,៤៥១ករណី ត្រូវបានរាយការណ៍ ហើយនេះ វាបានកើតឡើងបន្ទាប់ពី​មនុស្សចំនួន ១៦,២៥៣នាក់ ផ្ទុកជំងឺគ្រុនឈាម ឆ្លង​តាមរយៈ​មូសខ្លាខាំ​កាលពីខែកន្លងហើយ ។ ចំនួនអ្នកជំងឺគ្រុនឈាមនេះ គឺច្រើន​ជាង​ពេលណាៗទាំងអស់ប្រៀបធៀប​បណ្តាឆ្នាំមុនៗ ។ 

កាលពីឆ្នាំ​២០១៨ អ្នកជំងឺគ្រុនឈាម​មានសរុប ១០,១៤៨នាក់ ក្នុងនោះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានចំនួន៩៤៦ករណី ។ ២៦នាក់បានស្លាប់ក្នុងចំណោមពួកគេទាំងនោះ ។ 

ទិន្នន័យ​របស់DGHS ក៏បានបង្ហាញផងដែរថា ករណីជំងឺគ្រុនឈាមថ្មី រហូតដល់​២,៣៤៨នាក់ ត្រូវបានរកឃើញ ហើយក្នុងនោះ​ ១,២៨៤ករណី កើតឡើង​នៅទីក្រុង Dhaka អំឡុងពេលតែ​២៤ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ។ 

ករណីជំងឺគ្រុនឈាម​ចាប់តាំងពីខែមករា រហូតមកដល់ពេលនេះ នៅបង់ក្លាដែស​បានកើនឡើងរហូតដល់​២៩,៩១២ករណីហើយ មិនមានសញ្ញាថយចុះនោះទេ ។ 

វិធានការប្រឆាំងស្ថានការណ៍នេះ អាជ្ញាធរសុខាភិបាលបង់ក្លាដែស​បានពង្រឹងវិធានការ​ផ្សេងៗ ត្រួតពិនិត្យ កម្ចាត់ការបង្កាត់ពូជ​របស់សត្វមូស និងប្រតិបត្តិការប្រឆាំងសត្វសង្កូវទឹក​ឲ្យអស់​ ៕

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print