មន្ត្រីទូតរបស់កូរ៉េខាងជើងម្នាក់ត្រូវបណ្តេញចេញពីប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែការជួញដូរខុសច្បាប់នូវខ្នែងសត្វរមាស ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិអាហ្វ្រិកខាងត្បូងផ្សព្វផ្សាយនៅលើគេហទំព័រប៊ីប៊ីស៊ីកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២៩០១៥ ។
អង្គទូតកូរ៉េខាងជើងម្នាក់នោះត្រូវបានចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៥មកម្ល៉េះស្ថិតនៅជិតព្រំដែនប្រទេស Mozambique ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា អង្គទូតម្នាក់នេះមានឈ្មោះ Park Chol-jun ។
មន្ត្រីស្ថានទូតកូរ៉េខាងជើងបានថ្លែងថា Park Chol-jun ត្រូវបញ្ជូនមកប្រទេសកំណើតកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ។
ខ្នែងសត្វរមាសត្រូវជាប្រភេទខ្នែងដែលមានតម្លៃខ្ពស់បំផុតសម្រាប់ទីផ្សារងងឹតនៅក្នុងតំបន់អាស៊ី ។ ខ្នែងសត្វរមាសត្រូវគេយកទៅធ្វើឧសថសម្រាប់ព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធភាព ។
ទីភ្នាក់ងារព័ត៌មាន News24 របស់អាហ្វ្រិកខាងត្បូងបានផ្សព្វផ្សាយថា អង្គទូតកូរ៉េខាងជើង Park Chol-jun បានបើកបររថយន្តមួយគ្រឿងជាមួយលិខិតស្នាមជាអ្នកការទូតនៅអាហ្វ្រិកខាងត្បូង ដោយមានដឹកស្នែងសត្វរមាស៤.៥គីឡូក្រាម ដែលមានតម្លៃប្រមាណ៩៩.៣០០ដុល្លារអាមេរិក អំឡុងពេលដែលមានការចាប់ខ្លួននោះ ។
ប្រភពដដែលបានរាយការណ៍ថា មន្ត្រីទូតខាងលើនេះត្រូវប៉ូលិស Mozambique ដោះលែងជាមួយការបង់ប្រាក់ធានា ៣០.០០០ដុល្លារ និងបានបញ្ជូនខ្លួនត្រឡប់ទៅកាន់អាហ្វ្រិកខាងត្បូងវិញ ។ ប្រភពបន្តថា មន្ត្រីទូតរូបនេះត្រូវគេទុកឱកាសឲ្យរយៈពេល១ខែដើម្បីចាកចេញពីអាហ្វ្រិកខាងត្បូងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ។
វាមិនមែនជាលើកទីមួយនោះទេ ដែលមន្ត្រីទូតរបស់កូរ៉េខាងជើងត្រូវចាប់ខ្លួនពីបទប៉ុនប៉ងទិញ លក់ ឬរត់ពន្ធទំនិញខុសច្បាប់ ។ មន្ត្រីទូតកូរ៉េខាងជើងម្នាក់ត្រូវនិរទេសចេញពីប្រទេសបង់ក្លាដែសផងដែរកាលពីខែមីនា ឆ្នាំ២០១៥ ដោយសារតែព្យាយាមរត់ពន្ធមាស ។
ជាមួយគ្នានេះដែរ មន្ត្រីទូតវៀតណាមច្រើនរូបត្រូវចាប់ខ្លួនដោយសារតែបញ្ហាទិញ រត់ពន្ធ និងទទួលយកស្នែងសត្វរមាសនៅក្នុងប្រទេសអាហ្រិកខាងត្បូងនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕
Rhinoceros
ប្រែសម្រួល៖ ថាច់ យ៉ាត