ជនជាតិហ្វីលីពីន៥នាក់ ល្បួងជនជាតិអូស្ត្រាលីម្នាក់ លេងល្បែងស៊ីសងគៀបយកប្រាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២ និង១០នាទីរសៀល មានជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ WILLIAM FRANCIS SCHOUTEN ភេទប្រុសអាយុ៦៨ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងនៅ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពីបទជនជាតិហ្វីលីពីន ចំនួន៥នាក់ បានល្បួងគាត់យកទៅផ្ទះ និងលេងល្បែងគាបយកប្រាក់ សរុបលុយដុល្លារអូស្ត្រាលីចំនួន ៣៥០$ និងលុយបាតថៃចំនួន ១២,០០០បាត និងទូរសព្ទ័ម៉ាកIPHONE ចំនួន០២គ្រឿង (កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩) ។ លោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សរសំណាងស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក កែវ សុធា ជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន១ ខណ្ឌមានជ័យរាជធានីភ្នំពេញ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិហ្វីលីពីន

ចំនួន០៥នាក់(ស្រី០៣នាក់) នៅចំណុចផ្ទះជួលលេខ១១០ ផ្លូវលេខ១៣BT សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទល្បួងលេងល្បែងគាបយកប្រាក់ ពីជនជាតិអូស្ត្រាលី និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។លោកនាយការិយាល័យស៊ើបអង្កេតបន្តថា ជនបរទេសទាំង៥នាក់ ដែលនគរបាលឃាត់ខ្លួនរួមមាន៖ទី១.ឈ្មោះ FERNANDOMANALA ANGELES ភេទប្រុស អាយុ៥៥ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន), ទី២.ឈ្មោះ KANOLOFELI ZARDOROZAS ភេទប្រុស អាយុ៧៥ឆ្នាំ(គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន), ទី៣.ឈ្មោះ MALOU R.ODICTA ភេទស្រី អាយុ៤០ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) មានកូនស្រីតូចអាយុ០៦ខែ មកជាមួយ, ទី៤.ឈ្មោះ JUDY MONTERO DELOS SANTOS ភេទស្រី អាយុ៤៩ឆ្នាំ និងទី៥.ឈ្មោះ MARLLYN JUEGO ORQUIOLA ភេទស្រី អាយុ៤៦ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)

ដោយយោងតាមការអនុញ្ញាតពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យធ្វើកិច្ចសន្យា ចំពោះស្ត្រីម្នាក់ឈ្មោះ MALOU R.ODICTA ដែលមានកូនស្រីតូច អាយុ៦ខែ ឲ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញ និងត្រូវយកឯកសារដែលពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ចនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាពេលក្រោយ។ បច្ចុប្បន្នជនជាតិហ្វីលីពីន ៤នាក់ត្រូវបានកម្លាំងការិយាល័យកំពុងសាកសួរនិងអនុវត្តនីតិវិធីបន្ត ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print