ខេត្តព្រះសីហនុ : ពិតជាគួរឲ្យអាណិតអាសូរណាស់ខណៈពីរនាក់ប្ដីប្រពន្ធកំពុងលង់លក់ក្នុងដំណេក ត្រូវបានរលំរបងថ្មសង្កត់លើពួកគាត់បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងនាមជាកម្មករសំណង់រកប្រាក់ ដើម្បីចិញ្ចឹមជីវិតនិងក្រុមគ្រួសារ។
ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើង នៅវេលាម៉ោងម៉ោង២៣ និង៤០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្រុមទី២ សង្កាត់មួយក្រុងខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះ ដែលស្លាប់ទាំងពីរនាក់ប្ដីប្រពន្ធ នៅមុនពេលកើតហេតុគាត់បានមកធ្វើការនិងស្នាក់នៅជាបណ្ដោះអាសន្ន ក្នុងផ្ទះធ្វើពីថ្មរៀបឥដ្ឋមួយក្នុងទីតាំងកើតហេតុខាងលើ ក៏បណ្ដាលឲ្យបាក់រលំសង្កត់លើស្លាប់តែម្ដង។
សមត្ថកិច្ចបន្តថាជនរងគ្រោះជាប្តីមានឈ្មោះស៊ុនគឹមសាន អាយុ៥៤ឆ្នាំ ចំណែកប្រពន្ធឈ្មោះសេង ញេន អាយុ៥៦ឆ្នាំ។ អ្នកទាំងពីរ មានស្រុកកំណើតឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាជនរងគ្រោះទាំងពីរត្រូវបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំក្រុមគ្រួសារសាច់ញាតិនៃសពមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ខណៈកម្លាំងជំនាញកំពុងតែពិនិត្យកន្លែងកើតហេតុធ្វើកោសល្យវិច័យនិងធ្វើការស្រាវជ្រាវបន្តជុំវិញហេតុការណ៍ដ៏ក្រហក់ខាលើនេះ៕ ដោយ៖ឆ្លាមសមុទ្រ