ខេត្តព្រះសីហនុ៖ ខណៈនេះលើកំណាត់ផ្លូវជាតិលេខ៤ និងតំបន់ផ្សេងទៀត មានគ្រោះធម្មជាតិដែលបណ្ដាលមកពីទឹកភ្លៀង កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅខេត្តព្រះសីហនុ ជាពិសេសនៅក្រុងព្រះសីហនុ និងតាមឃុំមួយចំនួនរបស់ស្រុកព្រៃនប់ ទាំងតាមផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤។
មន្ត្រីមូលដ្ឋានបានអោយដឹងថា៖ រហូតមកដល់រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បាននិងកំពុងជួយជម្លៀសប្រជាពលរដ្ឋ ចាកចេញពីលំនៅឋានរបស់ពួកគាត់ ឆ្ពោះទៅកាន់ទីទួលមានសុវត្ថិភាពដែលនៅក្បែរនោះដោយយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខប្រជាពលដ្ឋ។
ដោយឡែកបញ្ហាគ្រោះធម្មជាតិនេះ សម្រាប់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថា៖ សម្រាប់ប្រជាពលរដ្ឋនៅមុខតំបន់សេដ្ឋកិច្ច ពិសេសជេចៀន ឃុំជើងគោ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជួយសង្គ្រោះ និងជម្លៀសទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាពហើយ។
បើតាមលោកឧត្តមសេនីយ៍ ដែលបានទទួលរបាយការណ៍ពីអធិការស្រុក បានបញ្ជាក់ថា នៅឃុំតានៃ ក៏កំពុងរងការជន់លិចយ៉ាងខ្លាំង ខណៈដែលឃុំទឹកល្អក់ និងឃុំទឹកថ្លា តាមបណ្ដោយផ្លូវជាតិលេខ៣ ក៏កំពុងប្រឈមការជន់លិចដែរ ប៉ុន្ដែកម្លាំងអន្ដរាគមន៍នៅប្រចាំការទីនោះ ដើម្បីឃ្លាំមើល និងត្រៀមជួយសង្គ្រោះនៅពេលស្ថានភាពធ្ងន់ធ្ងរ។
អភិបាលស្រុកព្រៃនប់ លោក ស កក្កដា បានបញ្ជាក់មកកាន់បណ្ដាញសារព័ត៌មាន នៅរសៀលថ្ងៃនេះថា បញ្ហាដែលប្រឈមខ្លាំងនៅពេលនេះ គឺឃុំជើងគោ និងឃុំតានៃ ក្នុងចំណោមឃុំទាំង១៥ របស់ស្រុកព្រៃនប់។ បើតាមអភិបាលស្រុក ប្រជាពលរដ្ឋត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច បានជម្លៀសពួកគាត់ចេញពីផ្ទះមកកាន់ផ្លូវជាតិ ទីទួលមានសុវត្ថិភាពមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
ដោយឡែកស្ថានការណ៍នៅក្រុងព្រះសីហនុវិញ អភិបាលខេត្ត លោក គួច ចំរើន បាននិងកំពុងដឹកនាំមន្ដ្រីជំនាញចុះពិនិត្យជាក់ស្ដែងនៅកន្លែងលិច ដោយម្ខាងជួយអន្ដរាគមន៍ប្រជាពលរដ្ឋ និងដៃម្ខាងទៀត រកវិធានការដោះស្រាយបញ្ជាទឹកលិចនេះ។ ហើយសម្រាប់ប្រតិបត្តិសង្គ្រោះ កម្លាំងសមត្ថកិច្ចទាំងអស់នៅទូទាំងខេត្ត បានចេញមកជាបន្ដបន្ទាប់ដើម្បីដោះស្រាយ គ្រោះធម្មជាតិមួយនេះ៕
ដោយ៖ សហការី