ភ្នំពេញ៖ មន្ត្រីយោធាម្នាក់បានដឹកប្រពន្ធចេញពីសាលាពេទ្យបំណងទៅផ្ទះត្រូវរថយន្តកាមរីបាឡែនបើកលឿនទាំងស្ថានភាពស្រវឹងបានបុកពីក្រោយពេញទំហឹងបណ្តាលអូសជាច្រើនម៉ែត្ររងរបួសបាក់ជើងទាំង២នាក់ ។

កាលពីវេលម៉ោង៦ និង៤០នាទីយប់ ថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៥ នៅចំណុចមុខច្រកចូលសាលាពេទ្យទាហ៊ាន តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កព្យាយាមបើករត់ពីចំណុចកើតហេតុរហូតមកដល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញត្រូវបានសមត្ថកិច្ចឃាត់ជាប់ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូហុងដា ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1O-9289 បើកបរដោយឈ្មោះស៊ុន ស៊ីដារី ជាមន្ត្រីកងយោធពលខេមរភូមិន្ធ និងឌុបប្រពន្ធធ្វើដណើរចេញពីសាលា ផ្លូវបេតុងឡើងមកផ្លូវជាតិលេខ៣ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកាមីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Z-0094 បើកបរដោយឈ្មោះម៉ៃ ឡេង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរបុក្គលិកអគ្គីសនី ស្នាក់នៅម្តុំផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹងផងនោះក៏ជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង និងអូសជាច្រើនម៉ែត្របណ្តាលអោយអ្នកជិះម៉ូតូពីរនាក់ប្តីប្រពន្ធបាក់ជើងទាំងពីរនាក់ ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីបុកម៉ូតូរួចរថយន្តបង្កបានព្យាមបើករត់ពីចំណុចកើយហេតុរហូតមកដល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញទើបសមត្ថកិច្ចឃាត់បានតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជុំនាញធ្វើការវាស់វែងយករថយន្ត និងម៉ូតូរួមទាំងតៃកុងរថយន្តទៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕



...
ដោយ៖ សុខា សែនជ័យ