ស្នងការខេត្តកំពង់ធំផ្តល់អំណាចឲ្យអ្នកបើកបររថយន្ត ធ្វើបទល្មើសសេដ្ឋកិច្ច សហជំនាញ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ មានករណីថ្នាំងថ្នាក់មិនសប្បាយចិត្តពីអាជ្ញាធរស្រុក សមត្ថកិច្ច ក៏ដូចជានាយនគរបាលក្នងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំផងដែរ ខណៈបុគ្គលឈ្មោះ ប៉ាង វិទូ (ហៅតួ) មានតួនាទី ជាអ្នកបើកបររថយន្តឲ្យលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលមិនមានក្របខណ្ឌជាមន្ត្រីនគរបាលជាតិ និងមន្ត្រីរដ្ឋបាលមុខងារសាធារណៈ សោះ ប៉ុន្តែគាត់បានលូកចូលក្នុងកិច្ចការងាររបស់មន្ត្រីរដ្ឋបាលសាធារណៈ សមត្ថកិច្ច យ៉ាងពេញទំហឹង ដែលគេចាត់ទុកថា ឈ្មោះ ប៉ាង វិទូ (ហៅតួ) ក្លាយជាអ្នកធ្វើការងារបង្ក្រាបបទល្មើសសេដ្ឋកិច្ច ការពាររថយន្តដឹកទំនិញធុនធំឆ្លងកាត់ខេត្ត ជាអ្នករកប្រភពសេដ្ឋកិច្ចឲ្យលោកស្នងការនេះជាដើម ។

មន្ត្រីនគរបាលខ្លះ ដែលក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ហាក់មិនបានផ្តល់តួនាទី ភារកិច្ច ដល់ស្នងការរងទទួលបន្ទុកនីមួយៗ (មិនផ្តល់សិទ្ធិ) បែរជាកិច្ចការងារមួយចំនួនឲ្យអ្នកបើកបររថយន្តរបស់គាត់ចេញមុខធ្វើការជំនួសស្នងការទាំងបុគ្គល ប៉ាង វិទូ មិនមានក្របខណ្ឌជាមន្ត្រីនគរបាលជាតិនោះ ។

គេបានបញ្ជាក់ថា ជាទម្លាប់លោក ប៉ាង វិទូ បានយកឥទ្ធិពល និងអំណាចលោកស្នងការ អ៊ុក កុសល ប្រើប្រាស់មិនត្រឹមតែប្រមូលបទល្មើសសេដ្ឋកិច្ចប៉ុណ្ណោះទេ គាត់មានតួនាទីយ៉ាងសំខាន់សម្រាប់បម្រើការងារលោកស្នងការ អន្តរាគមន៍ ការពាររថយន្តដឹកទំនិញធំៗ មិនត្រូវបានអនុញ្ញាតឲ្យសមត្ថកិច្ច អាជ្ញាធរដែលប្រចាំការត្រួតពិនិត្យរថយន្តកែច្នៃខុសបច្ចេកទេស ហាមឃាត់ ឬ ពិនិត្យរថយន្តណាមួយ ដែលគាត់អន្តរាគមន៍ដោយបញ្ជាក់ប្រាប់ពីស្លាកលេខរថយន្តរួចហើយ ប៉ះពាល់មិនបានជាដាច់ខាត ។

ជាក់ស្តែង កាលពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ យ៉ាងតិចមានរថយន្តដឹកទំនិញប្រភេទធំៗចំនួន១៩គ្រឿង ត្រូវបានលោក ប៉ាង វិទូ បញ្ជាទៅកាន់ចំណុចគោលដៅត្រួតពិនិត្យមិន ឲ្យប៉ះពាល់ ដោយចាត់ទុកថា នេះជាបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត កំពង់ធំ ក្នុងនោះរួមមានរថយន្តពាក់ស្លាកលេខ ដូចខាងក្រោម៖ ១-៨០៨៣,២-០៦៦៤,៣-៥៦០៥,៤-៩៩៥០,៥-២០៨៧,៦-១៨៦២ ,៧-៤៩៩៩,៨-៥៤១៦ ,៩-៧៤២២,១០-៤៤១៩ ,១១-១២១៦,១២-១៦២៩,១៣-៧៦៣១,១៤-០៤៧៤,១៥-០១៩៦,១៦-០៣៧៨,១៧-៨៨៨៩,១៨-៣១៤១,១៩-០២៣៦ ។

ជាទម្លាប់លោក ប៉ាង វិទូ (ហៅតួ) អ្នកបើកបររថយន្តឲ្យលោកឧត្តមសេនីយ៍ទោស្នងការខេត្តធ្វើកិច្ចការប្រមូលសេដ្ឋកិច្ចយ៉ាងចេញមុខឲ្យស្នងការនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ដែលស្នងការរងទទួលបន្ទុកនីមួយៗ ក៏ដូចជានាយការិយាល័យខ្លះ និយាយមិនចេញ ហារមាត់មិនរួច ខណៈលោកស្នងការផ្តល់សិទ្ធិឲ្យអ្នកបើកបររថយន្តរបស់លោកកាន់ការងារសហជំនាញដូចជា ៖ បទល្មើសសេដ្ឋកិច្ច សណ្តាប់ធ្នាប់ចរាចរណ៍ ការងាររឿងព្រហ្មទណ្ឌមួយ ចំនួន សុទ្ធតែផ្ទុយពីផ្លូវច្បាប់ ។ ប៉ុន្តែវប្បធម៌នេះកំពុងតែត្រូវបានបែកធ្លាយចាប់ពីថ្ងៃទី១៤-១៥ ខែកក្កដា មកទល់ នឹងថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០១៩នេះ ហាក់ដូចជាស្ងាត់ស្ងៀមបន្តិច ខណៈគណៈបញ្ជាការឯកភាពស្រុកខ្លះបានរាយការណ៍ជូនថ្នាក់លើ ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ អង្គភាព«នគរដ្រេ ហ្គន» មិនអាច ទាក់ទងសុំការបំភ្លឺបានទេ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។ ប៉ុន្តែលេខទូរស័ព្ទ ០៩៧ ៧៧៨០០១២ ដែលជាលេខទូរស័ព្ទប្រចាំការនៅស្នងការ មានអ្នកទទួលដោយបញ្ជាក់ថា គាត់ជាស្នងការរងទទួលផែនសណ្តាប់ធ្នាប់ ពាក់ព័ន្ធករណីខាងលើនោះ គាត់មិនទាន់ទទួលព័ត៌មាននេះនៅ ឡើយទេ អាចអ្នកកាសែតសួរទៅកាន់លោកឧត្តមសេនីយ៍ទោស្នងការនោះអាចច្បាស់ជាង ។

ដោយឡែកលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានប្រាប់អង្គភាព «នគរដ្រេហ្គន» យ៉ាងដូច្នេះថា “ដូច ជាមិនមានករណីអន្តរាគមន៍ទេ ខ្ញុំបានហាមរឿងនេះដាច់ខាត ហើយក៏មិនដែលឮខាងស្រុករាយការណ៍ឲ្យខ្ញុំសោះ ។ លោកអភិបាលខេត្តបន្តថា ខ្ញុំនឹងពិនិត្យករណីនេះ ហេតុអ្វីក៏មានការអន្តរាគមន៍រថយន្តដ៏ច្រើនដល់ម្លឹងផង? ពីព្រោះថា អ្នកដែលធំជាងគេ តាមកន្លែងត្រួតពិនិត្យ បច្ចេកទេស យានយន្តនីមួយៗ គឺជាអភិបាល ឬអភិបាលរងស្រុក- ក្រុង មិនមែនខាងជំនាញនោះទេ” ។

ក្នុងរបាយការណ៍របស់មន្ត្រីបានអះអាងថា លោក ប៉ាង វិទូ (ហៅតួ) ត្រូវបានផ្អាកសកម្មភាពចេញមុខអន្តរាគមន៍ រឿងរថយន្តធុនធំ ចាប់ពីកំឡុងថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែចំពោះកិច្ចការងារផ្សេងទៀត នោះពួកគាត់ មិនអាចស៊ីជម្រៅបាន ដូចជាបញ្ហា ប្រមូលប្រភពសេដ្ឋកិច្ចផ្សេងៗក្រៅពីរថយន្តដឹកទំនិញឆ្លងកាត់ កន្លែងពិនិត្យបច្ចេកទេសយានយន្ត ខណៈលោក ប៉ាង វិទូ គាត់ធ្វើការងារឲ្យលោកស្នងការ សហជំនាញខាងដើរប្រមូលសេដ្ឋកិច្ចដ៏ល្បីពេញខេត្តកំពង់ធំនោះទៅហើយ ៕ ដោយ ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print