គ្រោះទឹកជំនន់បណ្តាលឲ្យអ្នកស្លាប់កើតឡើងជាបន្តបន្ទាប់ ។ អាជ្ញាធរឥណ្ឌា បានផ្លាស់ទីមនុស្សប្រមាណ ១លាននាក់ ឲ្យទៅរស់នៅក្នុងជំរុំសង្គ្រោះបន្ទាន់នៅរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈចំនួនអ្នកស្លាប់ ដោយ សារគ្រោះទឹកជំនន់ទឹកភ្លៀង បានហក់ឡើងដល់១៨៤នាក់ នៅត្រឹមថ្ងៃទី១៣ខែសីហានេះ។
តំបន់ភាគខាងត្បូងរដ្ឋ Kerala ជាតំបន់ទេសចរណ៍ ដែលមានឆ្នេរខ្សាច់, រមណីយដ្ឋានភ្នំ និងទំនប់ទឹកនោះ ជាតំបន់ដែលបានទទួលរងគ្រោះ អាក្រក់ជាងគេបំផុត ក្នុងរយៈពេល២ឆ្នាំជាប់គ្នា បានបង្ខំឲ្យបិទអាកាស យានដ្ឋានអន្តរជាតិ Kochi រយៈពេល៣ថ្ងៃ កាលពីសប្តាហ៍មុន។
មនុស្សប្រមាណ២៨៨,០០០នាក់ នៅទូទាំងស្រុក ដែលរងផលប៉ះពាល់អាក្រក់ជាងគេ នៅក្នុងរដ្ឋ Kerala ក្នុងនោះរួមមានស្រុក Wayanad, Malappuram និងស្រុក Kozhikode ត្រូវបានផ្លាស់ទីទៅរស់នៅ ក្នុងជំរុំជន ភៀសខ្លួន។
ក្នុងនោះយ៉ាងហោចណាស់មនុស្សចំនួន៤២នាក់ ក៏បានស្លាប់បាត់បង់ជីវិតផងដែរ នៅក្នុងរដ្ឋ Karnataka ដែលជាប់ព្រំដែនគ្នានោះ ដែលត្រូវបានគេមើលឃើញថា ជាគ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មហាវិថី និងផ្លូវសំខាន់ជាច្រើន នៅទូទាំងតំបន់ដែលរងផលប៉ះពាល់ បានបំផ្លិចបំផ្លាញ ឬក៏កាត់ផ្តាច់ ដោយកម្ពស់ទឹកកើនឡើង។ ជាមួយគ្នានោះ មន្ត្រីសង្គ្រោះបន្ទាន់ និងកងទ័ពមកពីកងទ័ពជើងគោក, ជើងទឹក និងជើងអាកាស ត្រូវបានដាក់ពង្រាយ ដើម្បីធ្វើប្រតិបត្តិការស្វែងរក, ជួយសង្គ្រោះ និងផ្តល់ជំនួយ។
សូមរំលឹកថា កាលពីឆ្នាំមុន រដ្ឋ Kerala របស់ឥណ្ឌា បានរងការវាយប្រហារ ដោយគ្រោះទឹកជំនន់ដ៏អាក្រក់មួយ ក្នុងរយៈពេលជិតមួយសតវត្សរ៍ ដែលបានសម្លាប់មនុស្ស ប្រមាណ៤៥០នាក់៕