ខេត្តពោធិ៍សាត់៖ លោក ឧកញ៉ា បណ្ឌិត អូស្មាន
ហាស្សាន់រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់វិហារឥស្លាម១ខ្នងស្ថិតក្នុងភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នៅថ្ងៃព្រហស្បតិ៍១៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។
លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ បងប្អូននៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត ខេត្ត ពោធិ៍សាត់ ដែលទទួលបានសមិទ្ធិផលថ្មីនេះ ក៏ព្រោះតែប្រទេសយើងបានកែប្រែមុខមាត់ថ្មី ក្រោយពីសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំនេះគឺជាតម្លៃ សន្តិភាពដែលជាកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់រាជរដ្ឋាភិបាលយើង ដែលមានសម្តេចអគ្គមហា សេនាតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលធ្វើឲ្យប្រទេសយើងមានកំណើនសេដ្ឋកិច្ចជាង ៧ ភាគរ និយាយដោយឡែកជាក់ស្តែងឆ្នាំនេះមានអ្នកទៅធ្វើហាជ្ជីមានដល់ទៅ ១១៣៧នាក់ នេះគឺជាតួលេខដ៏ច្រើនលើសលប់មួយបើធៀបនិងសម័យមុន។
លោកបន្តថាជាភ័ព្វសំណាងណាស់សំរាប់សាសនិកឥស្លាមនៅកម្ពុជាដែលទទួលបាននូវការយកចិត្តទុកដាក់និងផ្តល់សិទ្ធគ្រប់យ៉ាងពីរាជរដ្ឋាភិបាលក្នុងការគោរពប្រត្តិបត្តិ ក៏ដូចជាការចូលរួមចំណែកក្នុងកាអភិឌ្ឍប្រទេសយ៉ាងស្មើមុខស្មើមាត់នៅក្នុងសង្គមជាតិទាំងមូលរហូតទទួលបានការកោតសរសើរពីអង្គការ OIC ដែលជាអង្គការធំទីពីរនៅលើពិភពលោក បន្ទាប់ពីUN។ លើសពីនោះទៅទៀតលោកអគ្គលេខាធិការបស់ OIC ក៏បានអំពាវនាវឲ្យប្រទេសដ៏ទៃទៀតយកគំរូតាមប្រទេសកម្ពុជាផងដែរ។
លោកបន្តទៀតថានេះគឺជាតម្លៃនៃសន្តិភាពដែលយើងត្រូវតែរួមគ្នាថែរក្សារឲ្យបាន។ ទន្ទឹមនិងការអនុវត្តន៍ និងការប្រត្តិបតិតាមច្បាប់ សាសនា ក៏សូមបងប្អូនចូលរួមគោរពច្បាប់រដ្ឋឲ្យបានផងដែរ។ ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រីក៏សូមថ្លែង អំណរគុណយ៉ាងធំធេង ចំពោះពុកម៉ែបងប្អូនទាំងអស់ ដែលនៅតែជឿជាក់និងរួមរស់ជាមួយគណ:បក្សប្រជាជនកម្ពុជា ជាក់ស្តែងអាណត្តិនេះ បងប្អូនសាសនិកឥស្លាមយើងបានបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជារហូតដល់ទៅជិត ៩៤ ភាគរយ។
សូមបញ្ជាក់ថា៖ វិហារនេះមានឈ្មោះថា អាល់មូពារឹក ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាបណ្ដោះអាសន្ននៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ ដោយសម្រេចការសាងសង់បាន ៩៥ ភាគរយ ហើយគណៈកម្មការសាងសង់និងប្រកាសស្វែងរកថវិកាពីសប្បុរសជនដើម្បីសាងសង់ប៉មខាងលើបន្ថែមឲ្យរួចរាល់ជាស្ថាពរនៅពេលខាងមុខដ៏ខ្លី។ វិហារនេះសាងសង់អស់ថវិកាចំនួន ៩៧,៨៩៦.០០ ដុល្លារ ក្នុងនោះថវិកាបានមកពីសប្បុរស ជនប្រទេសម៉ាឡេស៊ីចំនួន ៦០,០០០ .០០ដុល្លារ ថវិកាជាបដិភា គ របស់បងប្អូនសាសនិកឥស្លាមក្នុងស្រុកចំនួន ៣៧,៨៩៦.០០ ដុល្លារ៕ ដោយ៖ សំរិត