ភ្នំពេញ៖កន្លងទៅកូនប្រុសតារាកំប្លែងយាយ យ៉យ គឺនាយព្រែកធ្លាប់ធ្វើឲ្យគេកោតសរសើរខ្លាំងក្រោយពីបានភ្ជាប់ពាក្យ និងបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយគូដណ្តឹងដែលល្បីថាមានរូបសម្រស់ស្រស់សោភាមិនចាញតារាសម្តែង។ ទោះជាយ៉ាងណាពេលនេះចំណងស្នេហ៍ដែល ភ្ជាប់ពាក្យប្របាណ៣ឆ្នាំមិនចូលរោងការរបស់នាយព្រែក នោះស្រាប់តែដើរដល់ផ្លូវទាល់ចែកផ្លូវគ្នាដើររៀងខ្លួន។
នាយ ព្រែក និងគូដណ្ដឹងបានចែកផ្លូវគ្នាដើររៀងៗខ្លួនហើយដោយលើកហេតុផលថាអស់និស្ស័យជាមួយគ្នាត្រឹមហ្នឹងទើបក្ដីស្នេហ៍មួយនេះមិនអាចបន្តទៅមុខទៀត។នេះបើតាមការបញ្ជាក់របស់កញ្ញា ជា ស្រីតី ដែលជាគូដណ្ដឹងនាយ ព្រែក បង្ហោះរហូតធ្វើឲ្យមានការភ្ញាក់ផ្អើល។ នាងបានរៀបរាប់ថា៖ “ការវិលត្រឡប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើឲ្យយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life”។
រឿងរ៉ាវចំណងស្នេហ៍ដើរដល់ផ្លូវបញ្ចប់នេះបានធ្វើឲ្យអ្នកគាំទ្រនាយព្រែកហាក់មិនអស់ចិត្ត និងកាន់តែចង់ដឹង។ ទោះជាយ៉ាងណាជុំវិញរឿងរ៉ាវចែកផ្លូវគ្នាដើររៀងៗខ្លួនជាមួយគូដណ្ដឹងនេះដែរនាយ ព្រែក បានទទួលស្គាល់ថាពេលនេះលោក និង ជា ស្រីតី បានផ្ដាច់ពាក្យពីគ្នាពិតមែនដោយសារតែអស់និស្ស័យជាមួយគ្នាត្រឹមហ្នឹង។ លោកបញ្ជាក់ថាលោក នឹងគូដណ្ដឹងបានចែកផ្លូវគ្នាដើររៀងៗជិតមួយខែមកហើយ ហើយក៏មិនមានគម្រោងវិលរកការជួបជុំគ្នាវិញដែរ។
គួររំលឹកថា តារាសម្តែងនាយព្រែក បានភ្ជាប់ពាក្យជាមួយស្រីស្អាតជាកូនអ្នកមានមុខមាត់ម្នាក់នៅឯខេត្តកំពង់ចាមឈ្មោះ ជា ស្រីតី កាលពីដើមខែកញ្ញា ២០១៦ កន្លងទៅ ហើយជារឿយៗអ្នកទាំងពីរតែងតែបង្ហាញរូបភាពផ្អែមល្ហែមជាច្រើននៅក្នុងដំណើរកម្សាន្តទាំងនៅក្នុងស្រុក និងក្រៅស្រុក ៕ ដោយ វឌ្ឍនា
...