ខេត្តកំពង់ចាម៖ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៥ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះពិិនិត្យស្រែប្រាំងរបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបកង្វះខាតទឹក ស្ថិតក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យការងារ លោករដ្ឋលេខាធិការ បានប្រាប់ឱ្យដឹងថា ឃុំមានជ័យនេះ មានផែនការផលិតស្រូវប្រាំងលើផ្ទៃដីប្រមាណ ២០០ ហិកតា ប៉ុន្តែប្រជាកសិករទើបនឹងធ្វើប្រមាណ ៨០ ហិកតា ក៏ចាប់ផ្តើមជួបនឹងកង្វះខាតទឹក ។ លោកបន្តថា ការស្រោចស្រោពស្រូវប្រាំងនៅតំបន់នេះ គឺប្រើប្រាស់ទឹកក្នុងបឹងវាលស្មៅ ដែលបច្ចុប្បន្នមានសភាពគោករាក់ទៅហើយ ។
ក្រោយពីបានពិនិត្យស្ថានភាពភូមិសាស្ត្រ និងដើម្បីឱ្យការសង្គ្រោះស្រូវប្រព្រឹត្តទៅបានទាន់ពេលវេលា លោករដ្ឋលេខាធិការ បានសម្រេចប្រើប្រាស់ម៉ាស៊ីនបូមទឹករបស់ប្រជាកសិករ ដែលមាននៅនឹងទីតាំងនោះស្រាប់ ដោយក្រសួងធនធានទឹក និងឧតុនិយម ជាអ្នកទទួលបន្ទុកនៅក្នុងការផ្គត់ផ្គង់ប្រេង ដើម្បីបូមយកទឹកពីបឹងចារ បញ្ជូនតាមប្រឡាយមួយខ្សែប្រវែងប្រមាណ ៣០០ ម៉ែត្រ មកស្រោចស្រពស្រូវនៅតំបន់នេះ ៕
ដោយ៖ សុខ ខេមរា