ភ្នំពេញ ៖ នគរបាលបានឃាត់ខ្លួនស្ត្រីម្នាក់យកទៅសួរនាំ តាមបណ្តឹងប្រជាពលរដ្ឋអះអាងថាបានប្រើហិង្សាដាក់កូនឲ្យរបួសសុះពេញខ្លួន ។ ស្ត្រីរូបនេះឃាត់ខ្លួនកាលពីយប់ ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្សារសិនជូរីផ្លាហ្សា នៅលើសួនកុមារ ស្ថិតនៅក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីជាប់សង្ស័យនិងជាម្តាយដែលបានប្រើហិង្សាវាយកូនឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិចំបក់២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ។មានស្រុកកំណើតភូមិកោះ ខែល ស្រុកស្អាង ខេត្តកណ្តាល ។
កូនស្រីដែលរងអំពើហិង្សា១-ឈ្មោះ វ៉ាន់ ស្រី ស្រស់ អាយុ៩ឆ្នាំ របួសជាំស្មា និងពកក្បាល ,២-ឈ្មោះ ស៊ិន កញ្ញានា អាយុ១១ខែ មានសភាពស្លេកស្លាំង និងក្តៅខ្លួន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យកុមារជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនឃាត់ខ្លួនស្ត្រីសង្ស័យ មានក្រុមប្រជាពលរដ្ឋបាននិយាយប្រាប់សមត្ថកិច្ចដែលកំពុងជួយសម្រួលចរាចរណ៍ អំពីការធ្វើទារុណកម្ម ក៏ដូចបានប្រើហិង្សាលើកូនតូចៗ មានខ្លះវាយ និងខ្លះចាប់ជើង យួរឡើងលើ ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះអន្តរាគមន៍ឃាត់ស្ត្រីខាងលើនេះ នាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំបំភ្លឺអំពីករណីនេះ ។ ស្ត្រីចិត្តខ្លាំងរូបនេះ នៅពេលមកដល់ប៉ុស្តិ៍បានអុកឡុកពេញប៉ុស្តិ៍នគរបាលតែម្តង ដោយបានវាយកៅអី កង្ហារបាក់បែកអស់ទៀត ផង ។
តាមរយៈការអប់រំ ណែនាំដោយប្រើសន្តិវិធី សមត្ថកិច្ចតម្រូវឲ្យស្ត្រីសង្ស័យធ្វើកិច្ចសន្យា និងលួងលោមឲ្យបញ្ឈប់ប្រើហិង្សាវាយកូនទៀត រួចបានអនុញ្ញាតិឲ្យមកផ្ទះវិញ ។
បើតាមប្រភពព័ត៌មាន ពីពលរដ្ឋដែលរស់នៅទីម្តុំនោះ បាននិយាយរៀបរាប់ប្រាប់ថា ស្ត្រីសង្ស័យជាម្តាយបានផឹក ស្រារហូតមានអាការស្រវឹង បានដើររកប្តីចុងមិនឃើញ ក៏បញ្ចេញកំហឹងវាយមកលើកូន ដែលគ្នាមិនដឹងអ្វី ។ ពលរដ្ឋអះអាងថា ស្ត្រីរូបនេះមានប្តី២នាក់រួចមកហើយ និងមានកូន៣នាក់ ខណៈប្តីទី១បានលែងលះគ្នាដាច់ស្រេច ហើយបានយកកូនមួយទៅចិញ្ចឹម ។ លុះនិស្ស័យបន្ទាប់ក៏ជួបប្តីក្រោយ ដែលជាប្តីហេងស៊យ ម្តងបាត់ ម្តងឃើញ ទើបធ្វើឲ្យស្ត្រីខាងលើខូចចិត្ត ក្លាយពីអ្នកមិនចេះរហូតផឹកស្រាស្រវឹង ជួនពេលខ្លះកើតរោគចិត្តវាយកូនដូចពេលនេះអីចឹង ៕ ដោយ ៖ សុខាសែនជ័យ