ភ្នំពេញ៖ ស្រ្តីម្នាក់បានសម្រេចចិត្ត លោតសម្លាប់ខ្លួន នៅចំណុចចំណតរថយន្តជាន់ទី៥អគារផ្សារទំនើប AEON Mall 2 ខណ្ឌសែនសុខ ធ្លាក់មកក្រោមបណ្ដាលឲ្យបាក់ឆ្អឹងខ្ទេចស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបនាងបានផ្ញើសារទៅប្រាប់ប្តីថា “ចាំជួបគ្នាជាតិក្រោយ” ។ ករណីនេះមិនទាន់ដឹងថាផ្ដើមចេញពីរឿងទំនាស់គ្រួសារឬយ៉ាងណានោះទេ?
ហេតុការណ៍លោតសម្លាប់ខ្លួនខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃសៅរ៍ ២រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចចំណតរថយន្ត ជាន់ទី៣អគារផ្សារទំនើបAEON Mall 2 ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
សពស្រ្តីដែលលោតសម្លាប់ខ្លួន ឈ្មោះ សុខ អេង អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
យោងតាមប្រភពពីលោកវរសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ សែនសុខបានឲ្យដឹងថា ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាត់ ដោយមុនពេលស្លាប់ ស្ត្រីរូបនេះបានផ្ញើសារទៅប្តីថា “ចាំជួបគ្នាជាតិក្រោយ” ។ដោយយោងតាមសម្ដីសាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា គេឃើញជនរងគ្រោះ(សព ) បានដេីរចូលផ្សារដូច ភ្ញៀវធម្មតាដែរ លុះមួយសន្ទុះក្រោយមក ស្រាប់តែឮថាមាន មនុស្សលោតសម្លាប់ខ្លួន។ ភ្លាមនោះអ្នកគ្រប់គ្រងក្រុមហ៊ុនផ្សារអុីអន បានទូរស័ព្ទទាក់ទងរថយន្តសង្គ្រោះបន្ទាន់ដើម្បីសង្គ្រោះអាយុជីវិត តែដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
សាក្សីដែលឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចទៀតថា ភ្លាមនោះគេឃើញឪពុករងគ្រោះ មកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំឱបសពកូនគួរឲ្យ សង្វេគផងដែរ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានបង្កើតគណៈកម្មការត្រួតពិនិត្យសពជាក់ស្តែង និងតាមការពិនិត្យរបស់លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យបានពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយសារលោតសម្លាប់ខ្លួនពីលើអគារប្រាកដមែន ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសន្សំកុសល ៕ ចន្ទ លីហ្សា