Update ៖អតីតអ្នកម្នាង ស៊ីសុវត្ថិ សៀងឌីទទួលមរណភាពនៅសហរដ្ឋអាមេរិក

ចែករំលែក៖

សហរដ្ឋអាមេរិក៖ អតិតសិល្បករល្បីឈ្មោះពីសម័យសង្គមរាស្ត្រនិយម គឺអ្នកម្នាង ស៊ីសុវត្ថិ សៀងឌី​ បានទទួលមរណភាពក្នុងវ័យ៧៣ឆ្នាំ​នៅក្នុងមន្ទីរពេទ្យ​ Lakwood រដ្ឋកាលីហ្វនៀ​ សហរដ្ឋអាមេរិក​នៅម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩​ ម៉ោងនៅប្រទេសកម្ពុជា​។ ដំណឹងដ៏ក្រៀមក្រំសោកស្តាយនេះត្រូវបានផ្សព្វផ្សាយ និងធ្វើឲ្យភ្ញាក់ផ្អើលសម្រាប់សិល្បករ និងទស្សនិកជន។
​វីរៈសិល្បករម្ចាស់បទ”ឱផ្កាយលើមេឃ” អ្នកម្នាង សៀង ឌី ត្រូវបានក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយពីអ្នកម្នាង បាន​ជួប​គ្រោះថ្នាក់​ចៃដន្យ​ដោយ​ដួល​ត្រូវ​របួស​ក្បាល​កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩។ ដំណឹងក៏ក្រៀមក្រំនៃការបាត់បង់អតីតសិល្បករមានប្រជាប្រិយភាពរូបនេះបានធ្វើឲ្យមានការផ្ញើសារំលែកទុក្ខជាច្រើនពីសំណាក់សិល្បករ សិល្បការិនី និងទស្សនិកជន ហើយបានចាត់ទុកថាមរណភាពនេះគឺជាការបាត់បង់ធនធានមនុស្សដ៏កម្ររបស់កម្ពុជា។
គួរបញ្ជាក់ដែរថា អ្នក​ម្នាង ស៊ី​សុវត្ថិ សៀង ឌី មានឈ្មោះដើមថា សូរ សុវណ្ណារី កើតក្នុងអំឡុងឆ្នាំ១៩៤៦ក្នុងគ្រួសារធូធាមួយនៅរាជធានីភ្នំពេញ។ អ្នកម្នាង ជាសិល្បករ និងអ្នកដឹកនាំសម្តែង ខណៈដែលមាតារបស់អ្នកម្នាងក៏ជាអ្នកចម្រៀងបុរាណក្នុងព្រះបរមរាជវាំងផងដែរ។ អ្នកម្នាងមានបងប្អូនសរុបចំនួន៥នាក់(ប្រុសម្នាក់)។ អ្នកម្នាងមាននិស្ស័យនឹងវិស័យសិល្បៈផ្នែកចម្រៀងចាប់តាំងពីកុមារភាពមកម្ល៉េះ។ អ្នកម្នាងចាប់ផ្តើមចូលរៀន និងច្រៀងចាប់តាំងពីអាយុប្រមាជិត១០ឆ្នាំម្ល៉េះដោយច្រៀងក្នុងវង្សតន្ត្រីមួយឈ្មោះ”រាជសី” រួមជាមួយលោក ស៊ិន ស៊ី សាមុត លោកសុះ ម៉ាត់ និងសិល្បករជំនាន់នោះជាច្រើនទៀត ។ អ្នកម្នាងត្រូវបានគេចាត់ទុកថាជាផ្កាយមួយដួងរះចិញ្ចែងចិញ្ចាចក្នុងសម័យសង្គមរាស្ត្រនិយមពិសេសក្នុងអំឡុងឆ្នាំ១៩៥៥ក្រោយពីអ្នកម្នាងទទួលបានចំណាត់ថ្នាក់លេខមួយលើការប្រឡងចម្រៀងមួយនាសម័យនោះ។ អ្នកម្នាងគឺជា​អ្នកចម្រៀង​ដ៏​ល្បីល្បាញ​នៃ​វង់​តន្ត្រី​យោធា​ភិ​រម្យ និង​សុរាគារ​ខ្មែរ​នា​ទសវត្សរ៍​ឆ្នាំ ៦០ សម័យ​សង្គមរាស្ត្រនិយម ។ អ្នកស្រីបានបន្សល់ទុកនូវស្នាដៃបទចម្រៀងជាច្រើនជូនដល់ទស្សនិកជនរហូតដល់បច្ចុប្បន្ន ដូចជាបទ”ឱផ្កាយលើមេឃ” បទ”ឱស្វាយចន្ទី” បទ”លើកដៃឡើងរាំ” បទ “គន់មើលផ្កាយ” បទ “ចន្ទ្រាជាសាក្សី” បទ”ទឹកភ្នែកមុនថ្ងៃលិច” បទ” ស្វារាំMonkey និងមានបទចម្រៀងជាច្រើនត្រូវបានបាត់បង់។ អ្នកស្រីទទួលបានកិត្តិយស និងការសព្វព្រះរាជហឬទ័យចំពោះទឹកដមសំនៀងពីសំណាក់ព្រះរាជាខ្មែរនាសម័យនោះគឺសម្តេចនរោត្តមសីហនុ ដោយព្រះអង្គថែមទាំងបាននិពន្ធបទចម្រៀងសម្រាប់អ្នកម្នាងច្រៀងដាក់បញ្ចូលក្នុងភាពយន្តព្រះអង្គជាបន្តបន្ទាប់គឺមានដូចជារឿង”ឆាយាលាអង្គរ” រឿង” អប្សរា” ជាដើម។ ជីវិតស្នេហាវិញនៅដើមទសវត្សទី៦០គ្រាដែល អ្នកម្នាងច្រៀងក្នុងវង្សតន្ត្រីយោធាភិរម្យ អ្នកម្នាងទទួលបានការស្រលាញ់ពេញចិត្តពីប្រធានក្រុមភ្លេង គឺលោក ហ្សង់ហ្វេ ណង់ដេស ប៉ុន្តែត្រឹមតែជាការស្រលាញ់តែម្ខាងពីភាគីខាងប្រុសព្រោះអ្នកម្នាងនៅមានវ័យក្មេងនៅឡើយ។ នៅអំឡុងពាក់កណ្តាទសវត្សទី៦០អ្នកម្នាង មានទំនាក់ទំនងស្នេហ៍ជាមួយខ្សែស្រលាយជាមួយបុរសក្នុងខ្សែរាជវង្ស គឺអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចរិយា ដែលជាប្រធានក្រុមវង់ភ្លេងសុរាគាខ្មែរSKD ក៏ជាវង់ភ្លេងដែលអ្នកម្នាងចេញមកច្រៀងចុងក្រោយផងដែរ។ ឆ្នាំ១៩៦៨ អ្នកម្នាងបានរៀបមង្គលការ ជាមួយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចរិយា។ អ្នកម្នាងក៏ធ្លាប់ចូលរួមសម្តែងជាតួឯកក្នុងភាពយន្តមួយផងដែរគឺរឿង”ត្រង់ស្លូតងាប់” ក្នុងអំឡុងឆ្នាំ១៩៥៧។ ក្នុងអំឡុងឆ្នាំ១៩៧០ សម័យលន់ណល់អ្នកម្នាង និងស្វាមីបានជម្លៀសខ្លួនទៅកាន់ប្រទេសថៃ បន្តទៅហុងកុង និងនៅឆ្នាំ១៩៧៣ បានទៅរស់នៅប្រទេសបារាំង។ ឆ្នាំ១០៩៨២ អ្នកម្នាង និងស្វាមីបានទៅបម្រើការងារនៅទីក្រុងប៉េកាំង។ ឆ្នាំ១៩៨៥ អ្នកម្នាង​និងស្វាមីបានចេញទៅរស់នៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក។ ឆ្នាំ១៩៩៤ អ្នកម្នាង និងស្វាមី បានបាកចេញពីសហរដ្ឋអាមេរិកមករស់នៅកម្ពុជាវិញផងដែរ។ អ្នកម្នាង និងស្វាមី មានបុត្រាតែមួយអង្គប៉ុណ្ណោះគឺ ដែលបច្ចុប្បន្នមានភរិយាជាជនជាតិអង់គ្លេស និងរស់នៅប្រទេសអង់គ្លេសរហូតដល់បច្ចុប្បន្ន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print