រឿងធ្វើនំអត់ម្សៅ ! តុលាការ សម្រេចចោទប្រកាន់ឧកញ៉ា ស្រី សុធា និង កូនប្រុស ពីបទឆបោក ក្រោមរូបភាពលក់ដីខ្យល់នៅក្រុមហ៊ុន 7NG ឃុំវិហារសួគ៌ , នៅមានបណ្តឹងផ្សេងទៀត

ចែករំលែក៖

ភ្នំពេញ៖ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា សម្រេចចោទប្រកាន់ឧកញ៉ា ស្រី សុធា អាយុ៦១ឆ្នាំ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ចន្ធូ អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ពីបទឆបោក ពាក់ព័ន្ធការលក់ដីខ្យល់ទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមមាត្រា៣៩១ និង មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០០៨ដល់ឆ្នាំ២០១៩ ពោលគឺរយៈពេល១១ឆ្នាំមកហើយ ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ ឬ ហៅថាសាមញ្ញថា ជាដីកាចោទប្រកាន់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ដែលទើបទទួលបាននៅថ្ងៃទី១៩ ខែសីហា នេះ , លោកព្រះរាជអាជ្ញា កែវ សុធា បានគូសសញ្ញា “ធិធ” ដាក់អោយ (ជនត្រូវចោទទាំង២នាក់) ស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើស កុំអោយកើតឡើងជាថ្មី និង ធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ។ ប៉ុន្តែបច្ចុប្បន្ននេះ ជនត្រូវចោទទាំង២នាក់ កំពុងស្ថិតនៅក្រៅឃុំ ។

តាមអង្គហេតុ បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ ឈ្មោះ ឈុន ណាវី ភេទស្រី អាយុ៣៨ឆ្នាំ បានទិញដីទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាដីរបស់ក្រុមហ៊ុន 7NG ពីឈ្មោះស្រី សុធា គឺ “មានឯកសារត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីតែប៉ុណ្ណោះ” ។

នៅដើមឆ្នាំ២០១៩ នេះ ឈ្មោះ ឈុន ណាវី មានបំណងធ្វើរបងថ្ម ជុំវិញដីរបស់ខ្លួន ស្រាប់តែឈ្មោះ ស្រី សុធា និង ឈ្មោះ ស្រី ចន្ធូ ពុំមានដីដូចទីតាំងខាងលើអោយឈ្មោះ ឈុន ណាវី ឡើយ ។

កាលពីពេលកន្លងទៅ ក៏មានការផ្ទុះការតវ៉ាដល់ទីស្នាក់ការក្រុមហ៊ុន 7NG ផងដែរ ប៉ុន្តែឧកញ៉ា ស្រី សុធា បានចេញមុខសម្របសម្រួលដោយសន្យាថា នឹងប្រគល់ដីជូនអតិថិជនចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត ។

ប្រជាពលរដ្ឋ សាទរចំពោះការធានាអះអាងរបស់ឧកញ៉ា ស្រី សុធា តែកុំបានតែសន្យាខ្យល់ដូចរាល់ដងទៀត ។

ក្នុងលិខិតធានាអះអាង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នេះ ឧកញ៉ា ស្រី សុធា បានសន្យាចំនួន៨ចំណុចដល់អតិថិជន ដោយនៅចំណុចទី១ សរសេរថា”ក្រុមហ៊ុននឹងធ្វើការប្រគល់ដីឬសំណង់ជូនអតិថិជន ឱ្យអស់រួចរាល់ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត”។

ឧកញ៉ា ស្រី សុធា បន្តថា ក្នុងករណីដល់ថ្ងៃកំណត់ខាងលើ បេីសិនជាក្រុមហ៊ុនមិនមានដីជូនអតិថិជននោះទេ ក្រុមហ៊ុននឹងធ្វើការទូទាត់ប្រាក់ថ្លៃទិញលក់ដីទៅតាមទីផ្សារដែលកំណត់ដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ។

ជាមួយគ្នានេះ នៅមានមួយសំណុំរឿងទៀត ដែល លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការបណ្តឹងព្រហ្មទណ្ឌមួយ ដែលប្តឹងឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ពាក់ព័ន្ធបទល្មើសឆបោក ដោយទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ពាក់ព័ន្ធដីនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

បណ្តឹងព្រហ្មទណ្ឌនេះ បានប្តឹងចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលរហូតមកទល់ពេលនេះ តុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

ដេីមបណ្តឹង សង្ឃឹមថា តុលាការនឹងចាត់ការបណ្តឹងនេះ ដោយតម្លាភាពនិងឆាប់រហ័សជាងនេះ ព្រោះមានរយៈពេលជាង១ឆ្នាំមកហើយ នៅពុំទាន់សម្រេចនៅឡើយទេ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print