ខេត្តបាត់ដំបង៖ នគរបាល ខេត្តកំពង់ធំ បាត់ដំបង និងរាជធានីភ្នំពេញ សហការគ្នាដេញប្រម៉ាញ់ និងបង្ក្រាបបានក្រុមចោរប្លន់នៅខេត្តបាត់ដំបង២នាក់បន្ថែមទៀត ក្រោយពីក្រុមបក្ខពួកក្រុមចោរប្លន់៤នាក់ត្រូវបានចាប់ឃាត់ខ្លួនរួចហើយ បន្ទាប់ពីពួកគេធ្វើសកម្មភាពប្លន់ប្រដាប់អាវុធទៅលើអាជីវករលក់មាស២នាក់ប្តីប្រពន្ធ នៅខេត្តបាត់ដំបងកាលពីកន្លងទៅថ្មីៗនេះ។
ជនសង្ស័យទាំង២នាក់ជាមេខ្លោងក្រុមចោរប្លន់នោះក្រោយពីធ្វើសកម្មភាពប្លន់អាជីវករលក់មាសនៅខេត្តបាត់នោះហើយបានរត់គេចខ្លួនទៅរាជធានីភ្នំពេញហើយគេចទៅខេត្តកំពង់ធំក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងកំពង់ធំ អនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបងចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥។
ជនសង្ស័យទាំង២នាក់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងនាំខ្លួនមកខេត្តបាត់ដំបងដើម្បីយកមកសាកសួរនិងចាត់ការតាមនីតិវីធីច្បាប់។ ជនសង្ស័យទី១ឈ្មោះ គុជ រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសខ្នាយ ឃុំមហាប្ញស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២ឈ្មោះគុជ សារ៉ាក់ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងកំពង់ធំ។
កម្លាំងនគរបាលរួមគ្នាបង្ក្រាបបានក្រុមចោរប្លន់នៅខេត្តបាត់ដំបងបានសម្រេចជាបន្តបន្ទាប់នៅពេលនេះគ្រាដែលគេមើលឃើញថាគឺជាសហការគ្នាបានល្អ និងជាពិសេសដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់កងកម្លាំងនគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ដែលបានដាក់វិធានការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរប្លន់ទាំងនោះក្រោយមានអំពើប្លន់ប្រដាប់អាវុធរួចហើយ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា បក្ខពួកក្រុមចោរប្លន់និងអ្នកផ្សំគំនិតប្លន់នៅក្រុងបាត់ដំបងកាលពីថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចបង្ក្រាបបានចំនួន៦នាក់នោះហើយមកដល់ពេលនេះ ។ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់មិនទាន់ចប់នៅឡើយនោះទេសមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួនមុខសញ្ញានៅសេសសល់បន្ថែម។
សូមរំលឹកថាកាលពីល្ងាចថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានក្រុមចោរប្លន់ប្រដាប់អាវុធវែងខ្លីចំនួន៣ដើមមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពប្លន់អាជីវករអ្នកលក់មាស២នាក់ប្តីប្រពន្ធដោយបាញ់គំរាមបីគ្រាប់ ហើយប្លន់យកទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់បានសម្រេច ខណៈដែលអាជីវករលក់មាសពីរនាក់ប្តីប្រពន្ធ បានជិះរថយន្តចេញពីកន្លែងលក់មាសនៅផ្សារណាត់ មកដល់ចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះ ។ ក្រោយពីប្លន់រួចហើយក្រុមចោរប្លន់ទាំងនោះបានរត់គេចខ្លួនបាត់។
ក្រុមចោរប្លន់និងអ្នករួមគំនិតនៅថ្ងៃជាបន្ទាប់រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានចំនួន៦នាក់ និងការបង្ក្រាបអំពើប្លន់នោះដែរសមត្ថកិច្ចដកហូតបានគ្រឿងអលង្ការមួយចំនួនធំ និងដកហូតកាំភ្លើងខ្លី២ដើមរួចមកហើយផងដែរ៕
ដោយ៖ សំ វិច្ឆិកា