ភ្នំពេញ៖ ក្រុមអាជីវករលក់ត្រីនៅផ្សារសាំហាន់ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ប្រមាណជា៥០ទៅ៦០នាក់បានផ្ទុះការតវ៉ា ជាមួយនឹងថៅកែត្រីនៅយឿគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ច្រាំងចំរេះ ដែលលក់ត្រីប្រជែងជាមួយពួកគាត់ក្នុងតម្លៃថោក។
ការតវ៉ានេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ ។
ក្រុមអាជីវករបានលើកឡើងថា ថៅកែត្រីនោះបានលក់ត្រីឲ្យពួកគាត់ក្នុងតម្លៃថោក ហើយពេលពួកគាត់យកមកលក់បន្តនៅផ្សារ ថៅកែត្រីនោះក៏យកមកលក់នៅទីនោះដូចតម្លៃដែលលក់ឲ្យពួកគាត់ដែរ ដែលធ្វើឲ្យពួកគាត់លក់មិនដាច់ ខាតដើមខាតចុងរយៈពេលប្រហែល១ខែមកហើយ ទើបថ្ងៃនេះពួកគាត់សម្រេចធ្វើការតវ៉ាតែម្ដង។
ក្រុមអាជីវករបានឱ្យដឹងទៀតថា ថៅកែស្តង់ដែលគាត់តវ៉ានោះមានឈ្មោះ លឹម ហុង ជាថៅកែស្តង់ដ៏ធំមួយនៅគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវ ដោយគាត់បានចោទប្រកាន់ថា ថៅកែស្តង់នោះបានលក់ត្រីក្នុងតំលៃថ្លៃហើយ គាត់ទិញអាថោកៗយកមកលក់នៅផ្សាររបស់គាត់ធ្វើឱ្យលក់មិនដាច់ ខាតឡុងចុងរយៈពេល១ខែមកហើយ។ ពួកគាត់ថារឿងនេះពួកគាត់ ធ្លាប់ប្តឹងទៅអាជ្ញាធរ៣ដងមកហើយតែគ្មានចំណាត់អ្វីសោះ ទើបគាត់នាំគ្នាតវ៉ា ដើម្បីសំណូមពរសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ចំពោះថៅកែស្តង់ឈប់យកត្រីមកលក់នៅផ្សារនេះទៀត ។
ដោយឡែកលោក លឹមហុង ថៅកែស្តង់បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា គាត់មិនមែនជា ថៅកែអីទេហើយគាត់មានសិទ្ធិទិញលក់ដូចគេដូចឯងដែរ៕
ដោយ៖ វិបុល