ការបែងចែកឥណ្ឌាជា២ បានឈានរហូតចែកជាប្រទេសទី៣ទៅទៀត គឺ គឺបង់ក្លាដែសដែលបែកចេញពីប៉ាគីស្ថាន ឯករាជ្យចេញពីប៉ាគីស្ថាន កាលពីឆ្នាំ១៩៧១។ ក្រោយទទួលបានឯករាជ្យពីអង់គ្លេស មានការពុះចែកឥណ្ឌាជារដ្ឋ២ គឺឥណ្ឌា និងប៉ាគីស្ថាន ។ ការបែងចែកនេះ គឺដោយសារតែមានសាសនា២ គឺសាសនាហិណ្ឌូរបស់ឥណ្ឌា និងអ៊ីស្លាមរបស់ប៉ាគីស្ថាន ។ ដើមឡើយពេលមិនទាន់បែងចែកជា២ប្រទេសនេះ គឺមានសាសនាអ៊ីស្លាម ក្នុងឧបទ្វីបឥណ្ឌារួចទៅហើយ ។ កាលនោះមានការបង្កើតសម្ព័ន្ធអ៊ីស្លាមមួយ នៅDhaka ក្នុងឆ្នាំ១៩០៦។ កាលនោះ សម្ព័ន្ធអ៊ីស្លាមមួយនេះ មិនបង្កើតឡើង ដើម្បីផ្តាច់ប៉ាគីស្ថានអោយទៅជារដ្ឋមួយផ្សេងទៀតទេ គឺបង្កើតឡើងដើម្បីការពារសិទ្ធិប្រជាជនឥណ្ឌា ដែលកាន់សាសនាអ៊ីស្លាមតែប៉ុណ្ណោះ ។ គួររំលឹកដែរថា គឺលោកអាលី ជីណា ដែលបានចូលក្នុងសម្ព័ន្ធអ៊ីស្លាម នៅឆ្នាំ១៩១៣នេះហើយ ដែលជាអ្នកដឹកនាំទៅដល់ការពុះចែកឥណ្ឌាដាច់ជា២នេះ។
អ្នកកាន់សាសនាអ៊ីស្លាមកាលនោះ ទទួលការគំរាមកំហែងពីអ្នកកាន់សាសនាហិណ្ឌូ។ អ្នកកាន់សាសនាអ៊ីស្លាមនៅឧបទ្វីបឥណ្ឌាកាលនោះ នៅមានការនឹកនាដល់ចក្រភពអ៊ីស្លាមMoghol ដែលកាន់ អំណាចតាំងពីមុនអង់គ្លេសដាក់អាណានិគមនៅឡើយ។ ពេលបង្កើតដំបូង សម្ព័ន្ធអ៊ីស្លាមមិនទាន់ទទួលបានការគាំទ្រពីប្រជា ជនកាន់សាសនាអ៊ីស្លាមប៉ុន្មានទេ។
ក្រោយមកទៀត អង់គ្លេសបានអនុញ្ញាតអោយមានអ្នកបោះឆ្នោតអ៊ីស្លាមបានបែងចែកដោយឡែកពីអ្នកបោះឆ្នោតហិណ្ឌូ ធ្វើអោយក្នុងឆាកនយោបាយ មានវត្តមានសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនឹងគេដែរ។
ក្នុងឆ្នាំ១៩៤០ សម្ព័ន្ធអ៊ីស្លាមបានសុំអោយមានការបង្កើតរដ្ឋមួយដាច់ដោយឡែក ។ លោកអាលីជីណា ចង់អោយអ្នកកាន់សាសនាអ៊ីស្លាមរួបរួមគ្នា។ លោកតស៊ូបានទទួលជោគជ័យ ដោយបានធ្វើអោយសម្ព័ន្ធអ៊ីស្លាមទទួលបានការគាំទ្រពីអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន។ ពេលបក្សសមាជទទួលជោគជ័យក្នុងការបោះឆ្នោត នៅឆ្នាំ១៩៣៧ សហគមន៍អ្នកកាន់សាសនាអ៊ីស្លាមមានការបារម្ភក៏បាននាំគ្នាចូលរួមក្នុងសម្ព័ន្ធអ៊ីស្លាមតែម្តងទៅ ដើម្បីសម្រេចគំរោងបង្កើតរដ្ឋមួយផ្សេងទៀតនោះ។ យោងតាមអ្នកជំនាញ ប្រជាជនកាន់សាសនាអ៊ីស្លាកាលនោះ មិនបានយកពាក្យថាសាសនាអ៊ីស្លាមជាធំទេ ពួកគេគិតគូរតែពីប្រយោជន៍សង្គម សេដ្ឋកិច្ច និងប្រពៃណីពួកគេតែប៉ុណ្ណោះ។
ឆ្នាំ១៩៤៦ អង់គ្លេសនឿយហត់ដោយសារសង្គ្រាមលោកលើកទី២ ក៏សម្រេចលែងបន្តអាណានិគមតទៅទៀត។ អង់គ្លេសចង់អោយឥណ្ឌាដែលត្រូវទទួលឯករាជ្យនោះ ក្លាយជាសហភាពសហព័ន្ធមួយ ដែលក្នុងនោះ ខែត្របង់ហ្កាល និងពិនចាប់ ដែលមានប្រជាជនកាន់សាសនាអ៊ីស្លាម អាចស្វ័យតបាន។ ដំបូងទាំងសម្ព័ន្ធអ៊ីស្លាម និងបក្សសមាជយល់ព្រមតាមសំណើអង់គ្លេស តែក្រោយមកទៀត លោកនេរុ ជាប្រធានបក្សសមាជប្រែចិត្តទៅវិញ។ ដោយសាររឿងនេះ ហិង្សាក៏ផ្ទុះឡើង សម្លាប់មនុស្សរាប់ពាន់នាក់ ភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ។
អង់គ្លេសក៏បានចាត់ចែងអោយទ្វីបឥណ្ឌាឆាប់ទទួលបានឯករាជ្យ ដោយចាត់ចែងការពុះចែកឥណ្ឌា ជារដ្ឋ២ គឺរដ្ឋឥណ្ឌានិងប៉ាគីស្ថាននេះឯង។ ហើយឯករាជ្យនៃប្រទេសថ្មីទាំង២នេះ បានប្រកាសឡើង នៅយប់ថ្ងៃ១៤សីហា ចូលព្រឹកថ្ងៃ១៥សីហាឆ្នាំ១៩៤៧។ប៉ាគីស្ថានកំណត់យកថ្ងៃ១៤សីហាជាថ្ងៃប្រារព្ធខួប ចំណែកឥណ្ឌាកំណត់យកថ្ងៃ១៥សីហា។ តាំងពីដើមមកឥណ្ឌានឹងប៉ាគីស្ថានតែងតែគំរាមកំហែងដាក់គ្នាទៅវិញទៅមកដោយប្រទេសទាំងពីរមានបរមាណូដូចគ្នា ហើយទេសឥណ្ឌាមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ» ដូច្នេះហើយខ្លួនមិនខ្លាចការគំរាម របស់ប៉ាគីស្ថាននោះឡើយ។
ពេលថ្មីៗនេះនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រាន ម៉ូឌី (Narendra Modi) បានលើកឡើងថា ប្រទេសរបស់លោកមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ ឬ Mother of Nuclear Bombs» ដែលជាហេតុធ្វើឲ្យឥណ្ឌានឹងមិនចុះញ៉មចំពោះអ្វី ដែលរូបលោកបានហៅថា ជាការគំរាមនៃអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថានដាច់ខាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក លោក Modi បាននិយាយដូច្នេះថា «ប៉ាគីស្ថានច្បាស់ជានឹងគំរាមយើងថា ពួកគេមានគ្រាប់បែកនុយក្លេអ៊ែរ ហើយនឹងប្រើវាភ្លាមបើយើងហ៊ានវាយបក។ ប៉ុន្តែពួកយើងមាន «ម៉ែគ្រាប់បែកនុយក្លេអ៊ែរ» នៅក្នុងដៃ ដូច្នេះហើយខ្ញុំសូមប្រាប់ទៅកាន់ពួកគេថា ធ្វើអ្វីក៏ធ្វើទៅចុះ តែយើងច្បាស់ជានឹងតដៃទៅវិញជាក់ជាពុំខាន»។ លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានសង្កត់ធ្ងន់ទៀតថា «ប៉ាគីស្ថានបានអាងអាវុធនុយក្លេអ៊ែរ មកគំរាមកំហែងយើងជាយូរណាស់មកហើយ ប៉ុន្តែឥណ្ឌាឥឡូវមិនដូចពីមុនឡើយ ហើយក៏មិនចាញ់ការព្រមានទាំងអស់នេះដែរ»។យ៉ាងណាមិញ បើតាមការអះអាងកាលពីចុងខែមីនា របស់មេទ័ពប៉ាគីស្ថានលោក អាស៊ីហ្វ ហ្គាហ្វ័រ (Asif Ghafoor) ទីក្រុងអ៊ីស្លាម៉ាបាដបានច្រាន ចោលលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែត្រឹមចាត់ទុកអាវុធនេះជា ឧបករណ៍ដើម្បីទប់ស្កាត់កុំឲ្យមានសង្រ្គាមមែនទែន ផ្ទុះឡើងតែប៉ុណ្ណោះ។
គួរជម្រាបថា ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានគ្រាប់បែកនុយក្លេអ៊ែរ ក្នុងដៃដូចគ្នានេះ នៅតែមិនទាន់អន់ថយ ទៅវិញនោះឡើយ ចាប់តាំងតែពីវាបានផ្ទុះឡើងយ៉ាងក្តៅគគុកកាលពីខែកុម្ភៈ នៅពេលកងទ័ពឥណ្ឌាជាង ៤០នាក់បានស្លាប់នៅតំបន់កាស្មៀរ ដោយសារ ការវាយប្រហារដោយអត្តឃាត របស់ក្រុមសកម្មប្រយុទ្ធ ដែលឥណ្ឌាចោទថា មានការគាំទ្រពីប៉ាគីស្ថាន ព្រម ទាំងការប្រយុទ្ធគ្នាតាមផ្លូវអាកាស នៅលើតំបន់ជម្លោះនេះ រវាង យន្តហោះចម្បាំងនៃកងទ័ពអាកាស របស់ប្រទេសទាំងពីរ។
ក្រៅពីនុយក្លេអ៊ែរ ឥណ្ឌាមានអាវុធដ៏មានប្រសិទ្ធិភាព ទៅលើប៉ាគីស្ថានមួយទៀតគឺ ទឹក។រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសឲ្យដឹងថា សកម្មភាពបង្ហូរទឹកពីឥណ្ឌា គឺខុសប្រក្រតី ធ្វើឲ្យទឹកទៅកាន់ដងទន្លេ Sutlej របស់ប៉ាគីស្ថាន ដែលជាផ្នែកមួយ នៃការខិតខំរបស់រដ្ឋាភិបាលទីក្រុងញូវដេលី ក្នុងការបំផ្លាញសន្ធិសញ្ញា រវាងប្រទេសទាំងពីរ ដែលមានមកតាំងពីយូរណាស់មកហើយ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា រដ្ឋាភិបាលប៉ាគីស្ថាន កាលពីថ្ងៃទី១៩ ខែសីហា បានចោទប្រកាន់ឥណ្ឌាថា កំពុងតែធ្វើ «សង្គ្រាមជំនន់ទី៥» ដោយសារតែរដ្ឋាភិបាលទីក្រុងញូវដេលី មិនបានផ្តល់ព័ត៌មានទៅឲ្យរដ្ឋាភិបាលទីក្រុងអ៊ីស្លាមម៉ាបាដ ស្តីពីការបង្ហូរទឹក ចេញពីទំនប់ នៅក្នុងប្រទេសឥណ្ឌា ទើ់បបង្កឲ្យមានគ្រោះទឹកជំនន់ នៅតាមព្រំដែន ស្ថិតក្នុងទឹកដីរបស់ប៉ាគីស្ថាន។
រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសថា សកម្មភាពបង្ហូរទឹក ខុសប្រក្រតីចូលទៅកាន់ ដងទន្លេ Sutlej របស់ប៉ាគីស្ថាន ពីឥណ្ឌា គឺជាសកម្មភាពមួយរបស់ទីក្រុងញូវដេលី ក្នុងការបំផ្លាញសន្ធិសញ្ញា រវាងប្រទេសទាំងពីរ។ ការបង្ហូរទឹកនោះនឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងរាល់សកម្មភាពរបស់ពលរដ្ឋប៉ាគីស្ថាន នៅតាមបណ្តោយព្រំដែន។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន បានប្រកាសថា ឥណ្ឌាកំពុងតែប្រើប្រាស់ «សង្គ្រាមជំនន់ទី៥» ទៅ លើប្រទេសប៉ាគីស្ថាន ដោយបង្ហូរទឹក មិនបានប្រកាសប្រាប់ឲ្យរដ្ឋាភិបាលប៉ាគីស្ថាន ដឹងជាមុន ។ ជាមួយគ្នានេះដែរ ភាគីឥណ្ឌាបានបញ្ជាក់ថា ការបង្ហូរទឹកនេះ ជារឿងធម្មតា នៅក្នុងរដូវភ្លៀង ៕