ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ម្នាក់នេះបានបាត់ពីផ្ទះយូរថ្ងៃមកហើយមិនដឹងថាទៅទីណា ដែលការបាត់ខ្លួននេះធ្វើឲ្យឪពុកម្តាយ មានកង្វល់យ៉ាងខ្លាំងដោយមិនដឹងថាជួបសុខឬទុក្ខយ៉ាងណា ហើយបើកូនស្រីបានដឹងហើយសូមប្រញាប់ប្រញាល់វិលត្រឡប់មកផ្ទះវិញជាបន្ទាន់ ។
នេះជាការរៀបរាប់របស់លោក ម៉ឺង ដារ៉ា អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាឪពុកក្មេងស្រីឈ្មោះ ម៉ឺង ម៉ារ៉ាឌី អាយុ ១៤ ឆ្នាំ ជាសិស្ស ដែលបានបាត់ខ្លួនមិនដឹងថានៅទីណា ។
លោក ម៉ឺង ដារ៉ា បានរៀបរាប់នៅក្នុងពាក្យបណ្តឹងមួយផ្ញើជូនលោក ស្នងការនគរបាលរាជធានីភ្នំពេញ សុំជួយធ្វើ អន្តរាគមន៍ក្នុងករណីបាត់កូនស្រីដូចនៅក្នុងរូបថតនេះថា កូនស្រីរបស់លោកមានតែម្នាក់នេះគត់គឺ ឈ្មោះ ម៉ឺង ម៉ារ៉ាឌី អាយុ ១៤ ឆ្នាំ ជាសិស្ស បានបាត់ពីផ្ទះតាំងពីម៉ោង៥ល្ងាចថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៩មកម្ល៉េះ ដោយមិនដឹងថានាងទៅទីណា ទេ ។
លោកល ម៉ឹង ដារ៉ា បញ្ជាក់ថា លោកមានការព្រួយបារម្ភណាស់ មិនដឹងកូនមានសុខទុក្ខយ៉ាងណា ក្រែងលោមានជនខឹលខូចចាប់យកទៅជួញដូរ ឬធ្វើអាជីវកម្មផ្សេងៗ ឬដោយប្រការណាមួយ។ម្យ៉ាងទៀតក្រុមគ្រួសារលោក ក្រីក្រណាស់ រកស៊ីខ្វះព្រឹក ខ្វះល្ងាច និងគ្មានលទ្ធភាពពឹងពាក់អ្នកច្បាប់ ឬសមត្ថកិច្ចជួយតាមផ្លូវច្បាប់បានឡើយ ។ ដូច្នេះលោកសូម អង្វរកូនស្រីឈ្មោះ ម៉ឹង ម៉ារ៉ាឌី បើបានឮដំណឹងនេះហើយ សូមកូនប្រញាប់វិលត្រឡប់មកផ្ទះយើងវិញ ព្រោះឪពុកម្តាយមានជំងឺ និងប្រកាន់ទោសពៃរ៍អ្វីឡើយ ។ ជាមួយគ្នានេះដែរបើបងប្អូន ណាបានស្គាល់ក្មេងស្រីមានភិនភាគដូចក្នុងរូបថតនេះសូមមេត្តាផ្តល់ដំណឹងតាមរយៈកាសែតនគរវត្ត ដោយក្តីអនុគ្រោះផង ៕ ដោយ ៖ ស សម