ភ្នំពេញ ៖ អាគារដ៏ធំដែលជាក្រុមហ៊ុនតែមួយរបស់រោងចក្រផលិតពូក ត្រូវបានអគ្គីភ័យកំពុងឆាបឆេះបន្ថែមទៀតយ៉ាងសន្ធោសន្ធៅ ដែលករណីនេះបានកើតឡើងនៅវេលាម៉ោង១៖២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចំរេីនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ តែមកដល់វេលាម៉ោងជិត៥រសៀលទៅហើយ នៅមិនទាន់រលត់នោះទេ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុគ្គលិករោងចក្រផលិតពូកខាងលើកំពុងតែធ្វើការដូចសព្វដង បន្ទាប់មកគេសង្គេតឃើញមានទុសេចរន្តអគ្គីសនីពីកាប៊ិនភ្លើង ក្នុងរោងចក្រ ។ ក្នុងអំឡុងពេលនោះបុគ្គលិកកំពុងតែធ្វើការក៏បានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងស្ថានការបាន ទើបប្រញ៉ាប់រាយការន៍សមត្ថកិច្ចមូលដ្ឋានឲ្យយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយបាញ់ពន្លត់ ។
ទោះជាយ៉ាងណា ក្នុងស្ថានភាពអគ្គីភ័យខាងលើនេះ កម្លាំងជំនាញមានការពិបាកបន្តិចក្នុងការបាញ់ពន្លត់ ព្រោះទីតាំងនេះ ប្រក់ដំបូលសង្កសី ឯផលិតជាពូក ងាយនិងឆេះឆាប់រហ័ស និងកាន់តែខ្លាំងឡើង បណ្ដាលឲ្យខូចខាតសម្ភារៈខាងក្នុងស្ទើទាំងស្រុង ។
ករណីអគ្គីភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ហើយចំពោះឡានទឹកពន្លត់អគ្គីភ័យបានមកពីអង្គភាពផ្សេងៗគ្នាជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់ ៕ ដោយ៖ ភារ៉ា ដង្កោ