ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបុករង្វង់មូលកំពុងសាងសង់ថ្មីស្រឡាងសម្រួលចរាចរណ៍ ត្រង់ចំណុចផ្លូវបំបែកជា ៥ កណ្ដាលក្រុងពោធិ៍សាត់ បណ្ដាលឱ្យបុរសជិះម៉ូតូស្មាសរីវ៉ូ ពណ៌ខ្មៅ មិនចាំស្លាកលេខ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេសង្ស័យគ្មានផ្លាកសញ្ញា ខណៈចំណុចខាងលើនេះ ទើបតែស្ថាបនាឡើងថ្មីថ្មោង ។
ហេតុការណ៍នេះបានកើតឡើងកាលពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៤.២៥ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវបំបែកជា ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពនានាជុំវិញកន្លែងកើតហេតុ ពុំបានទម្លាយ និងបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ គ្រាន់តែគេដឹងថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាសរីវ៉ូ ពណ៌ខ្មៅ ធ្វើដំណើរម្នាក់ឯងក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុកវង្វង់មូលដែលកំពុងសាងសង់ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ក្នុងក្រុងពោធិ៍សាត់ ប៉ុន្តែត្រូវបានគេសង្ស័យការស្ថាបនារង្វង់មូលខាងលើនេះ មិនដាក់ផ្លាកសញ្ញាការស្ថាបនា ម្យ៉ាងទៀតសង្ស័យបុរសរងគ្រោះជិះម៉ូតូបុក ខានជិះផ្លូវនេះខណៈគេកំពុងសាងសង់ថ្មី ធ្លាប់តែជិះប្រុយៗគ្មានរង្វង់មូល ភ្លេចចាប់អារម្មណ៍ ឬមួយអាចបើកបរក្នុងស្ថានភាពស្រវឹងក៏ថាបាន ព្រោះហេតុការណ៍នេះកើតឡើងនៅម៉ោងនេះ មិនមែនអ្នកធម្មតានោះឡើយ ។
ប្រភពលើកឡើងបន្តទៀតថា ក្រោយកើតហេតុគេឃើញមានការចោមរោមពីប្រជាពលរដ្ឋជុំវិញកន្លែងនោះ ឬសមត្ថកិច្ចនោះដែរ ប៉ុន្ដែដូចជាមិនសូវមានការចាប់អារម្មណ៍ ធ្វើឱ្យជនរងគ្រោះនិងសាច់ញាតិបានមកយកទៅផ្ទះដោយខ្លួនឯង ហើយខាងសមត្ថកិច្ចក៏ពុំបានឃាត់ឃាំងអ្វីនោះដែរ ដោយជនរងគ្រោះរបួសធ្ងន់គួរសមដែរ ហើយការខូចខាតសម្បត្តិសាធារណៈ ក៏មិនធ្ងន់ធ្ងរដោយកំពុងសាងសង់ផងនោះ ៕
ដោយ៖ ប៉ឹម ពិន