ព្រៃអាម៉ាហ្ស៊ូនកាន់តែឆេះខ្លាំង ប្រធានាធិបតីប្រេស៊ីលបញ្ជូនទាហានទៅជួយពន្លត់

ចែករំលែក៖

ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូនកាន់តែរាលដាលខ្លាំងឡើង លើសពីសមត្ថភាពគ្រប់គ្រង  មិនតែប៉ុណ្ណោះ ប្រធានា​ធិបតីប្រេស៊ីលបានបដិសេធនូវសំណើរជួយពីបណ្តាប្រទេសជិតខាងទៀតផង ។ ប្រទេសដែលមានសេដ្ឋកិច្ច រីកចំរើនទាំង​៧​ (G7 ) បានថ្កោលទោសយ៉ាងខ្លាំង ដល់ប្រធានាធិបតីប្រេស៊ីលពីភ្លើងឆេះព្រៃខាងលើ ។

ដោយសារតែកម្លាំងពន្លត់អគ្គិភ័យមិនអាចគ្រប់គ្រងសភាពការបាននៅពេលនេះ ប្រធា​នាធិបតី​ប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលកំពុងក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ពីគ្រប់ទិសទីទាំងក្នុងស្រុក និងក្រៅស្រុកជុំវិញបញ្ហាភ្លើងឆេះព្រៃអាម៉ាហ្សូន (Amazon) ដែលបាននិងកំពុងរីករាលដាលអាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនោះ នៅពេលនេះបានសម្រេចដាក់បញ្ជាឲ្យកងទ័ពចេញប្រតិបត្តិការ​ជួយពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយមកជាង៣សប្តាហ៍នោះហើយ។ 

បទបញ្ជារបស់ប្រធានាធិបតីប្រេស៊ីលខាងលើនេះ ក៏ត្រូវបានចេញផ្សាយតាមរយៈ កាសែតរដ្ឋផងដែរដោយក្នុងនោះបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធនឹងត្រូវចេញ ប្រតិបត្តិការចាប់ពីពេលនេះរហូតដល់ថ្ងៃ​ទី២៤ ខែកញ្ញា ដើម្បីព្យាយាមពន្លត់ភ្លើងឆេះព្រៃ ឲ្យបានសម្រេចនៅក្នុងកំឡុងពេល១ខែនេះ។ កងទ័ពប្រេស៊ីល (មិនទាន់បញ្ជាក់ចំនួន) នឹងត្រូវបញ្ជូនទៅកាន់ទីតាំងនានា ដែលកំពុងកើតមានភ្លើងឆេះនៅទូទាំងតំបន់ព្រៃ Amazon ដែលជាព្រៃទាក់ទាញទឹកភ្លៀងធំបំផុត និងផ្គត់ផ្គង់អុកស៊ីហ្សែន ២០% សម្រាប់ផែនដី។

គួរបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញរបស់ប្រេស៊ីល កងទ័ពអាចចេញប្រតិបត្តិការបានលុះត្រាណាតែ ស្ថានការណ៍មានសភាពវឹកវរខ្លាំង ឬនឹងបង្កទៅជាបញ្ហាអសន្តិសុខជាតិធ្ងន់ធ្ងរ តាមរយៈក្រឹត្យដែលចេញដោយប្រធានា​ធិបតីផ្ទាល់។ ភ្លើងឆេះព្រៃរហូតដល់ទៅជាង ៧២,០០០កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩​នេះ ហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាលគឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។អាត្រានៃការឆាបឆេះព្រៃឈើនេះបានកើនឡើងជាង ៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print