ខេត្តកំពង់ចាម ៖ នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី ចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម) នៅចំណុចភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងនោះកម្លាំងបានឃាត់ខ្លួនមនុស្ស៣នាក់ និងដកហូតវត្ថុតាងមួយចំនួននាំយកមកកាន់ស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមច្បាប់ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាលខេត្តកំពង់ចាមឲ្យដឹងថា បន្ទាប់ពីទទួលបាន ពត៌មានពីប្រជាពលរដ្ឋភ្លាម នៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៩ លោកបានបញ្ជាដល់ កំលាំងជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន និងអាជ្ញាធរមូលដ្ឋាន អោយចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម) នៅចំណុចភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកបញ្ជាក់ប្រាប់ថា ក្រោយបង្ក្រាបជាលទ្ធផលយើងបង្រ្កាបបានមុខសញ្ញាចំនួន០៣នាក់គឺ ៖
១-ឈ្មោះ យ៉ែម នឿន ភេទស្រី អាយុ៤៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
២-ឈ្មោះ សេង គីមស្រ៊ាង ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម ។
៣-ឈ្មោះ ឃឿន សុភាព ភេទស្រី អាយុ៤២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖
១-ម៉ូតូចំនួន០២គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ស្លែ គ្មានស្លាកលេខ ចំនួន០១ គ្រឿង និងម៉ាកវ៉េវអេស ពាក់ស្លាកលេខ ភ្នំពេញ 1BO-5874 ។
២-ទូរស័ព្ទដៃចំនួន ០៥គ្រឿងគឺ
-ម៉ាកហូវៃចំនួន០២គ្រឿង (ពណ៌សចំនួន០១គ្រឿង និងពណ៌ស្លាបកំភេមចំនួន ០១ គ្រឿង)
-ម៉ាកណូគាចុចពិលចំនួន ០២គ្រឿង (ពណ៌ខ្មៅទាំង ០២គ្រឿង)
-ម៉ាកអូគីតែល (Oukitel) ចំនួន០១គ្រឿង ពណ៌ខ្មៅ ។
៣-សៀវភៅកត់កន្ទុយលេខចំនួន០៥ក្បាល (សៀវភៅធំចំនួន០២ក្បាល និងសៀវភៅតូចចំនួន០៣ ក្បាល )
៤-កាបូបស្ពាយចំនួន០៣
៥-ប្រាក់រៀលចំនួន ២,៥៥៨,០០០រៀល
៦-ប្រាក់ដុលា្លរចំនួន១២៦ដុល្លារ
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយើងនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕ ដោយ ៖ វណ្ណៈ