ខេត្តបន្ទាយមានជ័យ ៖ រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបុកបុរសម្នាក់ផ្លោងដេកស្លាប់ក្នុងវាលស្រែ កាលពីវេលាម៉ោងប្រហែល៤និង០៥នាទីទាបភ្លឺថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ០១៤៦-០១៤៧ ស្ថិតនៅលើគល់ស្ពានច្រេសខាងលិចក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រវាងរថយន្តបុកជាមួយគោយន្តកន្ត្រៃ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះសឿត ម៉ាប់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិដូនល្វា ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប បើកបរគោយន្តកន្ត្រៃម៉ាកKUBOTA RT 140 ពណ៌ក្រហម រ៉ឺម៉កដែក ។
លោកអធិការបានបញ្ជាក់៖បើតាមការត្រួតពិនិត្យរបស់សមត្ថកិច្ច នគរបាលជំនាញចរាចរណ៍ស្រុក មុនពេលកើត គោយន្តកន្ត្រៃបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុលើគល់ស្ពានច្រេសខាង លិចក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក់បានបើកបរទិសខាងកើតទៅទិសខាងលិច ក្នុងទិសដៅស្របទិសគ្នា បានបុកចំពីក្រោយរ៉ឺម៉កគោយន្ត បណ្តាលឲ្យគោយន្តរេចង្កូតធ្លាក់ពីលើផ្លូវជាតិ បុកគល់ដើមអាកាស្យ៉ាដាច់ខាងឆ្វេង ចំណែកអ្នកបើកបរផ្លោងខ្ទាតទៅស្លាប់ក្នុងវាលស្រែ ។
ចំណែកអ្នកបើកបររថយន្តបានបើកគេចខ្លួនបាត់ បន្សល់ទុកតែប៉ាណាមុខរថយន្តមានអក្សរនីសសាន់និងកង្ហាល់ម៉ាស៊ីនរថយន្តនៅកន្លែងកើតហេតុ ។ក្រោយពីធ្វើការត្រួតពិនិត្យរួច កម្លាំងនគរបាលជំនាញបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគោយន្តកន្ត្រៃយកមករក្សាទុកនៅអធិការដ្ឋាន រងចាំប្រគល់ជូនក្រុមគ្រួសារជាក្រោយ៕ វណ្ណា