ភាពយន្តភាគរឿង”រៃមាស” របស់អ្នកស្រីពាន់ ភួងបុប្ផាឆ្លុះបញ្ចាំងពីជ្រុងពិតមួយក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ៖ ផលិតករភាពយន្តល្បីឈ្មោះអ្នកស្រី ពាន់ ភួងបុប្ផា នឹងបញ្ចេញស្នាដៃដឹកនាំសម្តែងភាពយន្តភាគថ្មីចុងក្រោយរបស់ខ្លួនហើយគឺរឿង “រៃមាស” ។ ភាពយន្តឆ្លុះបញ្ចាំងពីជិវិតពិតនេះត្រូវបានគេរំពឹងទុកថាអាចនឹងទាក់ចិត្តអ្នកទស្សនាបានច្រើនស្របពេលដែលភាពយន្តថ្មីឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមមួយនេះត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍Town ក្នុងពេលឆាប់ៗនេះ។
​រឿង”រៃមាស” ដឹកនាំដោយផលិតករល្បីឈ្មោះអ្នកស្រីពាន់ ភួងបុប្ផា និងមានការចូលរួមសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជា លោក យ៉ែម សំអូន អ្នកនាង នៅ សូនីតា លោក អ៊ុន សុធា កញ្ញា ឌុច លីដា និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបនេះ។ ឈុតឆាកខ្លីដែលត្រូវបានបញ្ជេញ បានបង្ហាញពីរឿងរ៉ាវគ្រួសារ និងស្នេហាដ៏ស្មុកស្មាញ និងបានឆ្លុះបញ្ចាំងពីបញ្ហាដែលគ្រួសារមួយចំនួនក្នុងសង្គមបច្ចុប្បន្នកំពុងជួបប្រទះ។
​មិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទលម្អិតនៃការចាប់បញ្ចាំងជាផ្លូវការនៅឡើយនៅលើកញ្ចក់ទូរទស្សន៍ ។ ទោះជាយ៉ាងណាគេដឹងថាភាពយន្តនេះឆ្លងកាត់ការផលិតយ៉ាងសម្រិតសម្រាំងអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ​តារាសម្តែង នៅ សូនីតា វិញបានលើកឡើងថា នាងសម្តែងជាតួអង្គនាងរៃមាស ដែលសម្តែងវ័យជាយុវវ័យផង វ័យកណ្តាលផង និងវ័យចំណាស់ផង។ រឿងនេះក៏បានឆ្លុះបញ្ចាំងពីជីវិតស្នេហាយុវវ័យ ដែលរត់ចុះចោលផ្ទះទៅតាមសង្សារ ហើយត្រូវបានសង្សារបោះបង់ចោល រហូតជីវិតជួបស្នេហាថ្មី និងក្លាយជាតារាចម្រៀងល្បីឈ្មោះ។ នាងថាឈុតដែលសម្តែងគឺត្រូវមានការបត់បែនច្រើនទៅតាមវ័យព្រោះជារឿងដែលប្រើប្រាស់សំឡេងផ្ទាល់ ។ តារាស្រីរូបនេះស្នើឲ្យមានការចូលរួមគាំទ្រលើស្នាដៃភាពយន្តភាគខ្មែរថ្មីមួយនេះគ្រាដែលត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍Town Full HD ក្នុងពេលដ៏ខ្លីខាងមុខ។
លោកយ៉ែម សំអូន វិញដែលជាតួអង្គសំខាន់មួយក្នុងភាពយន្តនេះបានបង្ហាញពីភាពជឿជាក់ខ្ពស់ថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកថា ក្នុងភាពយន្តនេះលោកសម្តែងជាតួអង្គប្រុសឈ្មោះខេមរៈ ដែលជាបុរសស្រុកស្រែ មានទាំងចំណេះដឹង ក៏មានចរិកខិលខូចរឿងស្រីខាងក្រៅ។ លោកបានសរសើរចំពោះការខិតខំពីគ្រប់ផ្នែកនៃការផលិតភាពយន្តនេះទាំងផលិតករ សិល្បករ និងក្រុមការងារបច្ចេកទេសដែលប្រឹងប្រែងបំពេញការងារដើម្បីឲ្យស្នាដៃនេះលេចជារូបរាងប្រកបដោយភាពទាក់ទាញ និងធ្វើឲ្យទស្សនិកជនទាក់ចិត្តពីមួយវគ្គទៅមួយវគ្គ។
គួរបញ្ជាក់ដែរថា បើទោះបីជាធ្លាប់ទទួលបានការរិះគន់ខ្លះលើការផលិតភាពយន្ត អ្នកស្រីពាន់ ភួងបុប្ផា ក៏ធ្លាប់ទទួលបានការសរសើរខ្លាំងពីទស្សនិកជនតាមរយៈស្នាដៃនិពន្ធ និងដឹកនាំភាពយន្តភាគ និងភាពយន្តខ្នាតធំជាច្រើនបន្តបន្ទាប់។ កន្លងទៅអ្នកស្រីធ្លាប់ធ្វើឲ្យកក្រើកជាមួយនឹងស្នាដៃផលិតភាពយន្តខ្នាតធំនៅផលិតកម្មថោន គឺរឿង “ទឹកចិត្តម្តាយសម័យថ្មី”។ គេក៏នៅរង់ចាំមើលដែលថាតើភាពយន្តនេះអាចនឹងបំបែកទីផ្សារ និងនាំមកនូវការគាំទ្របានកម្រិតណានៅឡើយ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print