ភ្នំពេញ ៖ បណ្តាខេត្តនៅជាប់មាត់សមុទ្រកម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានខ្យល់ និងរលកបក់បោកខ្លាំង និងខេត្តដទែទៀតអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណ (ពីបង្គួរទៅច្រើន ក្នុងនោះមានផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង បើទោះត្រឹមតែឥទ្ធិពលព្យុះឈ្មោះ “ប៉ូដុល” (PODUL) បានចុះថមថយក៏ពិតមែន ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា នៅពេលនោះព្យុះទី១៦ ឈ្មោះ “ប៉ូដុល” (PODUL) ក្រោយពីឆ្លងកាត់នៅលើហ្វីលីពីនភាគខាងជើង បច្ចុប្បន្នស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ។ បន្ទាប់មកព្យុះនេះនឹងធ្វើដំណើរតម្រង់ទៅកោះហៃណាំភាគខាងក្រោម មុននឹងទៅដល់ភាគខាងក្រោមហាណូយ (វៀតណាម) នៅថ្ងៃទី៣១ ខែសីហា រួចទើបថមថយឥទ្ធិពលជាបណ្តើរៗក្នុងទឹកដីឡាវ ។
ក្រុមអ្នកព្យាករក្រសួងធនធានទឹក និងឧតុនិយមបានពិនិត្យ និងរកឃើញថា ជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយលើកម្ពុជា ខណៈខ្យល់មូសុងនិរតីបាននឹងបង្កើនឥទ្ធិពល ។ ដូច្នេះលក្ខណៈបែបនេះចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នឹងធ្វើឲ្យអាកាសធាតុដូចខាងក្រោមនេះ ៖
១- បណ្តាខេត្តជាប់តំបន់មាត់សមុទ្រមានជាអាទិ៍ ៖ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើននៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកបក់បោកខ្លាំង ។
២- ខេត្តកំពត កែប កំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គរ ។
៣- បណ្ដាខេត្តដទៃទៀត៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណ (ពីបង្គួរទៅច្រើនក្នុងនោះមានផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង ។
ក្រុមការងារក្រសួងធនធានទឹក នៅតែបន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ ដែលអាចកើតឡើងជាយថាហេតុ ។ ទន្ទឹមនឹងនោះជំនន់ដែលបណ្តាលមកពីភ្លៀងខ្លាំង ក៏ដូចជាជំនន់នៃទន្លេមេគង្គ ដែលបន្តហក់ឡើងផងដែរ ៕ ដោយ ៖ សុខខេមរា