ភ្នំពេញ៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅតាមមូលដ្ឋានអោយបានល្អប្រសើរ ជាថ្មីម្តងទៀត លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើអោយអាជ្ញាធរ សមត្ថកិច្ចនៅតាមសង្កាត់និមួយៗ ត្រូវរួមគ្នាអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ អោយមាន ប្រសិទ្ធភាព ជាពិសេសបញ្ហារៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ និងសម្រួលចរាចរតាមដងផ្លូវ ។ ការស្នើអោយមន្ត្រីក្រោមឱវាទចូលរួមអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ និងរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ក៍ដូចជាចូលរួមសម្រួលចរាចរនេះ បានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ។ ថ្លែងនៅក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានណែនាំអោយអាជ្ញាធរភូមិសង្កាត់ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារៈកិច្ចផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសត្រូវអនុវត្តជាប្រចាំទៅលើមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀន មុខសញ្ញាចោរកម្ម មួយផ្នែកទៀតត្រួវរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩តំបន់ច្រាំងបាក់ តំបន់ផ្សារច្បារអំពៅ និងតំបន់ផ្សារចាមព្រែកប្រា ។ ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក់ត្រូវដាក់វេនគ្នាប្រចាំការដើម្បីចាំទទួលយក នូវសំណូមពរ និង សំណើររបស់ប្រជាពលរដ្ឋមកធ្វើការពិភាក្សាដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើបាន ។ លើសពីនេះទៀតលោកអភិបាលខណ្ឌបានស្នើអោយប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ លប់បំបាត់មិនអោយមានការចែកចាយ ប្រើប្រាស់ និងផលិតថ្នាំញៀន គោរពច្បាប់ចរាចរទាំងអស់គ្នា ។ បើមានការសង្ស័យពីមុខសញ្ញាមិនប្រក្រតីត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីស្រាវជ្រាវស៉ើបអង្កេតទៅលើមុខសញ្ញាទាំងនោះ រាល់ការផ្តល់ពត៍មានពីមុខសញ្ញាផ្សេងៗ សមត្ថកិច្ចនិងរក្សាការសម្ងាត់ជូនបងប្អូន ។ ការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ៕
ដោយ៖ សណ្តោស