ភ្នំពេញ៖ បន្ទាប់ពីប្រកាសស្នេហ៍ដោយបើកចំហរនោះពេលនេះស្នេហារវាងតារាសម្តែងស្រីស្រស់ស្អាត ម៉ាក សែនសូនីតា ហៅតូត និងអតីតផលិតករភាពយន្តពោះម៉ាយ លោក ប៉ុល វិបូ ត្រៀមដល់ថ្ងៃចូលរោងការហើយ សូម្បីតែសំបុត្រអញ្ជើញមង្គលការក៏ត្រូវបានត្រៀមចែកឲ្យភ្ញៀវរួចរាល់ហើយដែរ។
កៀកកិតជិតដល់ថ្ងៃចូលរោងជ័យ តូតាព្យាយាមសម្រកទម្ងន់ដើម្បីឲ្យរូបរាងកាន់តែស្រឡូនសិចស៊ី។ ទោះមិនទាន់បញ្ជាក់លម្អិតពីថ្ងៃមង្គលការប៉ុន្តែអ្នកជិតដិតតារាស្រីរូបនេះលើកឡើងថា មិនឲ្យហួសឆ្នាំ២០១៩នេះទេពួកគេនឹងចូលរោងការជាផ្លូវការ ហើយមង្គលការនេះត្រូវតែធំដុំឲ្យសាកសមទៅនឹងកេរឈ្មោះរបស់តូតា។ ប្រភពថា បញ្ហាញលុយកាក់ចំណាយលើមង្គលការមិនមែនជាបញ្ហាសម្រាប់ពួកគេឡើយខណៈដែលបច្ចុប្បន្នពួកគេមានធនធាន មុខជំនួញក្នុងដៃជាច្រើនរួមគ្នា។ មុនថ្ងៃការពួកគេក៏ធ្លាប់បានធ្វើដំណើរកម្សាន្តរួមគ្នាយ៉ាងផ្អែមល្ហែមនៅតំបន់នានាទាំងក្នុងនិងក្រៅស្រុក ខណៈដែលការងារសិល្បៈរបស់តូតាក៏បានកាត់បន្ថយច្រើនដែរដើម្បីត្រៀមខ្លួនចូលរោងការនេះ។ ប្រភពបន្តថាភ្ញៀវដែលនឹងត្រូវអញ្ជើញចូលរួមក្នុងមង្គលការនេះប្រាកដណាស់ថានឹងមានវត្តមានអ្នកសិល្បៈជាច្រើនបូករួមទាំងអ្នកជំនួយ និងមន្ត្រីមានមុខមាត់ជាច្រើនផងដែរ។ អ្វីដែលចាប់អារម្មណ៍គេសម្គាល់ថាពេលនេះដែរ តូតា បានព្យាយាម សម្រកគីឡូរបស់នាងដែលឡើងដល់ ៦២គីឡូ មកនៅត្រឹមតែ ៥៦គីឡូតែប៉ុណ្ណោះ ។ ធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈលាន់មាត់ថាស្រស់ស្អាតស្ទើរគ្រប់គ្នា។កន្លងមក តូតា ធ្លាប់ប្រាប់ថាប្រសិននាងរៀបការមែននាងនឹងរៀបចំពិធីឱ្យអធិកអធមនិងពិសេសបំផុត ជាពិសេសការជ្រើសរើសសម្អាងការគឺនាងជ្រើសរើសផ្សេងៗគ្នាដែលមានដូចជា ពេលសូត្រមន្ត ពេលព្រឹក និង ពេលល្ងាចទទួលភ្ញៀវជាដើម ។ មានការទន្ទឹងចង់ឃើញថ្ងៃពិសេសរបស់តារាសម្តែងរូប តូតា ជាខ្លាំង ។ ព្រោះនរណាក៏ដឹងថា តូតា ជោគជ័យជាខ្លាំងទាំងការងារនិងជំនួញ ។ យ៉ាងណាមិញថ្មីៗ នេះនាង និង គូស្នេហ៍ទើបបើករីសតស្រស់ស្អាតមួយនៅខេត្តកំពតដែលមានឈ្មោះថា ផែសមុទ្ររីសត ដែលកំពុងទទួលបានការពេញនិយមផងដែរ។
គួរបញ្ជាក់ដែរថាចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង”ចន្ទ្រា” របស់ផលិតកម្មAngkor Picture ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនេះផងដែរ៕
ដោយ វឌ្ឍនា