ប្រធានាធិបតីចិនប្រកាសមិនទទួលស្គាល់ សាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ស្តីពីសមុទ្រចិនខាងត្បូង

ចែករំលែក៖

នៅក្នុងដំណើទស្សនកិច្ច ទៅកាន់ប្រទេសចិន របស់ប្រធានាធិបតីហ្វីលីពីន​  ក៏បានលើក​ពី​បញ្ហាសាលក្រមតុលាការយុត្តិធម៌ ទីក្រុងឡាអេ ប៉ុន្តែ ប្រធានាធិបតីចិនច្រាន​ចោលតែម្តង​។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់​ទីក្រុងប៉េកាំង នោះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានជួបពិភាក្សា​ជាមួយប្រធានា​ធិបតីចិនលោក ស៊ី ជីនពីង ហើយលោក បាន​លើក​ពី​សាល​ក្រម​តុលាការយុត្តិធម៌អន្តរជាតិ ស្តីពីដែនសមុទ្រ​ចិនខាងត្បូង តែត្រូវប្រធានាធិបតីចិន ស៊ី ជីនពីង ច្រានចោលភ្លាមៗ។

សារព័ត៌មាន​ ABS-CBN ​បានដកស្រង់សម្តីរបស់លោក​ Salvador Panelo អ្នកនាំពាក្យប្រធានាធិបតីហ្វីលី​ពីន ដោយបានបញ្ជាក់ថា «ប្រធានាធិបតី Rodrigo Duterte បានលើកយក​បញ្ហា​វិវាទ​សមុទ្រ​​ចិន​ខាង​ត្បូង ក៏ដូចជា ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ស្តីពីវិវាទដែនសមុទ្រ។ ប៉ុន្ដែភ្លាមៗនោះ ប្រធានាធិបតីចិន ស៊ី ជីនពីង បានច្រានចោល​ ដោយប្រកាសថា​ចិន មិន​ទទួល​ស្គាល់​សាលក្រមរបស់តុលាការយុត្តិធម៌នោះឡើយ​ ហើយសាលក្រមនោះក៏មិនអាចផ្លាស់ប្តូរ​គោលជំហររបស់ចិនបានដែរ​» ។

កាលពីឆ្នាំ​២០១៦ ​តុលាការយុត្តិធម៌អន្តរជាតិ បានកាត់ក្តីឲ្យហ្វីលីពីន ជាអ្នកឈ្នះនៅក្នុងវិវាទដែនសមុទ្រ ប៉ុន្តែចិនប្រកាសមិនទទួលស្គាល់នោះឡើយ។ ប៉ុន្តែមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាថា បើទោះជានៅមានវិវាទជាច្រើន តែមិនអនុញ្ញាតឲ្យវិវាទទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព ចិន និង ហ្វីលី​ពីននោះឡើយ​។

ប្រធានាធិបតីហ្វីលីពីន លោក​ Rodrigo Duterte បានទៅបំពេញទស្សនកិច្ច អស់រយៈពេល​៥ថ្ងៃទៅកាន់ប្រទេសចិន​ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ក្នុងទំនាក់ទំនង នៃប្រទេសទាំងពីរ​។ ជាមួយ​គ្នានេះដែរ មេដឹក នាំទាំងពីរ ក៏បានលើកឡើង អំពីគម្រោងសហការគ្នា ស្រាវជ្រាវ និងខួងយករ៉ែប្រេងកាត នៅសមុទ្រចិនខាងត្បូង​ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print