ខេត្តពោធិ៍សាត់៖ យ៉ាងតិចស្រ្តីម្នាក់បានស្លាប់ភ្លាមៗដោយសារជិះម៉ូតូបុករថយន្ត ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នា និងចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងម៉ូតូបញ្រ្ចាសទិសគ្នាដែរ ។
យោងតាមរបាយការណ៍នគរបាលក្រុងពោធិ៍សាត់ឃើញថា នៅវេលាម៉ោង៧ ២០នាទី យប់ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣.១៨៤ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងអ្នកជិះម៉ូតូ និងម៉ូតូ នៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសដៅគ្នា(លិចកើត) បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាងចំនួន ៣នាក់ ក្នុងនោះស្រីចំនួន ២នាក់ ។
របាយការណ៍នគរបាលខាងលើបន្តថា លុះនៅវេលាម៉ោង៨ និង១០នាទី យប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូលេខ១០១ ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀត រវាងអ្នកជិះម៉ូតូ និងរថយន្ដ នៅគ្រាកំពុងធ្វើដំណើរបញ្រ្ចាស់ទិសដៅគ្នា(ជើងត្បូង) បណ្ដាលឲ្យស្រ្តីភាគ្គីជិះម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែង ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ និងស្លាប់ខាងលើ ចំពោះជនរងរបួសសមត្ថកិច្ចជួយសម្រួលបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកជនរងគ្រោះ(ស្លាប់)ធ្វើកំណត់ហេតុប្រគល់ទទួលជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត ១គ្រឿង និងម៉ូតូចំនួន ៣គ្រឿង រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរងចាំបន្តនីតិវិធី ៕ បុឹម ពិន