ខេត្តកណ្ដាល: កូនប្រុសគម្រក់ម្នាក់ ព្រោះតែសុំម្តាយដណ្តឹងប្រពន្ធមិនបាន បែរជាទៅសេពគ្រឿងញៀនទាល់តែស្រវឹង ហើយពេលមកដល់ផ្ទះបានរករឿងជម្លោះរហូតថ្លើមធំទាញកាំបិតផ្គាក់ដេញកាប់ម្តាយផ្អើលពេញភូមិ ។
ករណីហិង្សាក្នុងគ្រួសារនេះកើតឡើងនៅវេលាម៉ោង ១និង២០នាទី រសៀល ថ្ងៃ សុក្រ ១កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ស្រ៊ិន ស្រ៊ី ភេទស្រី អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរ កសិករ (ម្តាយ) ។ រីឯជនសង្ស័យជាកូនឈ្មោះ អ៊ិន ម៉េងហ៊ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិឃុំកើតហេតុ ។
សាក្សីបានប្រាប់សមត្ថកិច្ចឲ្យដឹងថា រយ:កាលកន្លងមកនេះម្តាយនិងកូនេជាជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីនឹងគ្នា ពីបញ្ហាដែលជនសង្ស័យ សុំឲ្យម្ដាយរកប្រពន្ធ និងទិញម៉ូតូ ឲ្យខ្លួនជិះ តែម្ដាយប្រាប់ថា ក្រណាស់ពុំមានប្រាក់ ដណ្តឹងប្រពន្ធ និងទិញម៉ូតូឲ្យទេ។ ករណីនេះហើយទើបបានជាឈ្លោះប្រកែកគ្នាម្តាយ និងកូនជាញឹកញាប់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា លុះនៅពេលវេលាកើតហេតុខាងលើ ជនសង្ស័យ បានទៅសេពគ្រឿងញៀននិងផឹកស្រាស ស្រវឹងជោកជាំ ពេលមកដល់ផ្ទះវិញ ខឹងម្ដាយស្ដីបន្ទោស ក៏រករឿងឡូឡាដាក់ម្ដាយ និងបានទាញយកកាំបិតផ្គាក់ដេញកាប់ម្ដាយតែពុំត្រូវ ហើយអ្នកភូមិជួយទាន់។ ក្រោយមកជនរងគ្រោះជាម្ដាយ បានរត់ទៅប្ដឹងនគរបាលប៉ុស្ដិ៍ពោធិឲ្យចុះមកជួយអន្តរាគមន៍តែម្ដង។
ក្រោយមកនគរបាលប៉ុស្តិ៍រដ្ឋបាលពោធិបាន បានចុះឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងកាំបិតផ្គាក់១ដើម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើអំពើហិង្សា យកកាំបិតផ្គាក់ដេញកាប់ម្ដាយប្រាកដមែន ។ ជាមួយគ្នានេះដែរសមត្ថកិច្ចធ្វើតេស្តទឹកនោមឃើញជនសង្ស័យមានសារធាតុញៀនទៀតផង ៕ ស្អាងជ័យ