ប្រទេសឥណ្ឌូនេស៊ី៖ បាតុកម្មនៅតំបន់ប៉ាពួ ប្រទេសឥណ្ឌូនេស៊ី នៅតែបន្តកើនឡើងហើយអំពើហិង្សាក៏កាន់ធ្ងន់ជាងមុនផងដែរ ។កន្លងមកក្រុមបាតុករបានវាយប្រហារ និងដុតបំផ្លាញហាងលក់ទំនិញជាច្រើន បង្ខំឲ្យកម្លាំងសន្តិសុខត្រូវ ចាត់វិធានការក្តៅដើម្បីទប់ស្កាត់។
ជាមួយគ្នានោះក្រុមសន្តិសុខក៏បានចាប់ខ្លួន និស្សិត២នាក់ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មប្រឆាំងនិងសន្តិសុខជាតិ» ។ ប៉ូលិសបានរកឃើញភស្តុតាង តាមរយៈទូរស័ព្ទដៃចល័តរបស់ពួកគេ អាវយឺត ក៏ដូចនិមិត្តសញ្ញា ទង់ផ្កាយព្រឹក ដែលត្រូវបានហាមឃាត់។
ក្រៅពីនេះប៉ូលិសក៏បានឃាត់ខ្លួន ក្រុម អ្នកតវ៉ាជាច្រើននាក់ ក្រោយផ្ទុះបាតុកម្មដុតអគារនៅប៉ាពួ ប្រទេសឥណ្ឌូនេស៊ី។ អ្នកនាំពាក្យ នៃប៉ូលិសឥណ្ឌូនេស៊ីមួយរូប បានថ្លែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩នេះថា ប៉ូលិសបានចាប់ខ្លួនមនុស្សច្រើននាក់ នៅចុងខាងកើតបំផុត នៃតំបន់ប៉ាពួ (Papua) ក្រោយពេលមានបាតុកម្មដុតរថយន្ដ និងអគារឆេះអស់ជាច្រើនខ្នង កាលពីសប្តាហ៍មុន។
តំបន់ ប៉ាពួ របស់ឥណ្ឌូនេស៊ីនោះ ជាមូលដ្ឋាន បង្កឲ្យមានអំពើចលាចលស៊ីវិល អស់រយៈពេល២សប្តាហ៍មកហើយ ដោយសារពួកគេយល់ឃើញថា ជាការរើសអើងទៅលើជនជាតិភាគតិច និងពូជសាសន៍ ។ បាតុករខ្លះ ទាមទារបោះឆ្នោតដោយឯករាជ្យ។ ប៉ុន្ដែទោះជាយ៉ាងណា ប៉ូលិសមិនអាចធ្វើតាមការទាមទារទាំងនោះបានទេ។
លោក Ahmad Kamal អ្នកនាំពាក្យប៉ូលិស នៅតំបន់ប៉ាពួ បានថ្លែងថា នៅទីប្រជុំជន Jayapura មានមនុស្ស២៨នាក់ត្រូវចាប់ខ្លួន។ រីឯអ្នកខ្លះទៀតត្រូវប្រឈមមុខនឹងការស៊ើបអង្កេត។ ការចាប់ខ្លួនពួកគេទាំងនេះ ដោយសារមានការសង្ស័យ ជាប់ពាក់ព័ន្ធនឹងការបង្កឲ្យខូចខាត ដុតបំផ្លាញអចលនទ្រព្យ បង្កហិង្សា បង្កហេតុ និងលួចប្លន់។
ការធ្វើបាតុកម្មនោះ ក្រុមកុបករបានដុតរថយន្ត ដុតអគារ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងនោះដុតការិយាល័យសភា ក្នុងតំបន់អស់មួយកន្លែង និងដុតអគារការិយាល័យទូរគមនាគមន៍គ្រប់គ្រងដោយរដ្ឋថែមទៀតផង។ មន្ត្រីប៉ូលិសដដែល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានការណ៍ នៅតំបន់ប៉ាពួ មានសភាពស្ងប់ស្ងាត់ហើយ៕
ដោយ៖ មែវ សាធី