ភ្នំពេញ៖ លោក ឃួង ស្រេង បានស្នើឱ្យសមាគម ពាណិជ្ជកម្មពិភពលោក ហាកកាចិន ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការ ស្ថាបនាផ្ទះសំបែងជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋក្រីក្រដោយធ្វើការ បង់រំលោះក្នុងទឹកប្រាក់កម្រិតទាបមួយ ដែលអាចអោយពួកគាត់បង់រំលួសបាន។
ការស្នើឡើងបែបនេះរបស់លោក ឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគ មពាណិជ្ជកម្មពិភពលោក ហាកកាចិន(Hakka) នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានរៀបរាប់អំពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ និងបានស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក ហាកកា ចិនធ្វើការវិ និយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការ ស្ថាបនាផ្ទះសំបែងជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋក្រីក្រដោយធ្វើការប ង់ រំលួស ក្នុងទឹកប្រាក់កម្រិតទាប។
លោកបញ្ជាក់ថា បើសិនជា សមាគមពាណិជ្ជកម្មពិភពលោកហាកកាឯកភាព ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញនឹងសុំគោលការទៅរាជរដ្ឋាភិបាលដើម្បីកុំអោយមានការបង់ព័ន្ធចូលរដ្ឋលើការនាំចូលគ្រឿងសំណង់មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំងដែលគ្រោងនឹងសាងសង់ផ្ទះសំបែងនេះ អាចនឹងនៅក្រៅក្រុងប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ ។ប៉ុន្តែបើគម្រោងនេះចេញជាផ្លែផ្កានោះ រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាផ្លូវធំ ថ្មីតភ្ជាប់ពីតំបន់នោះចូលមករាជធានីភ្នំពេញ ដែលអាចធ្វើដំណើរត្រឹម៤៥នាទីទៅ១ម៉ោងមកដល់ក្រុងភ្នំពេញបាន ជាមួយនឹងការដឹកជញ្ជូនតាមរយៈរថយន្តក្រុងផងដែរ។
លោក លី កាំជុង (Mr. Li Kam Chung) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មពិភពលោកហាកកា បានមានប្រសាសន៍លើកឡើង ដើម្បី ស្នើសុំរដ្ឋបាលរាជធានីភ្នំពេញជួយគាំទ្រ ក៏ដូចជាផ្តល់ឱកាសវិនិ យោគនៅក្នុងរាជធានីភ្នំពេញ ដោយលោកបញ្ជាក់ថា សមាគមពាណិជ្ជកម្មពិភពលោក ហាកកាមានកូនចៅរហូតដល់១០លាននាក់ ដើម្បីរកស៊ីនៅទូទាំងពិភពលោក។ សម្រាប់ប្រទេសកម្ពុជាលោកមានចំណាប់អារម្មណ៍និងបានដាក់ចេញជាគម្រោងចំនួន៨ ដើម្បីរកស៊ី ក្នុងនោះគម្រោងទី១ គឺការនាំសាច់គោចូលមកទីផ្សារកម្ពុជា ដែលគម្រោងនេះបានដំណើរការហើយ នៅសល់៧គម្រោងទៀត សមាគមបាននិងកំពុងសិក្សា ដោយផ្តោតទៅលើការបណ្តាក់ទុនរកស៊ីលើអចលនទ្រព្យ កំពង់ផែ សត្តឃាត ចិញ្ចឹមសត្វជាដើម។ ក្រៅពីនេះសមាគម មានគម្រោងធ្វើសកម្មភាពមនុស្សធម៏ជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។
សូម បញ្ជាក់ថា គម្រោងវិនិយោគលើវិស័យអចលនទ្រព្យពិសេស លើការស្ថាបនាផ្ទះជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋក្រីក្រ ដោយបង់រំលោះក្នុងកម្រិតទឹកប្រាក់ទាបនេះ រដ្ឋបាលរាជធានី ភ្នំពេញនិងសមាគមពាណិជ្ជកម្មពិភពលោកហាកកានឹងធ្វើការពិភាក្សាលំអិតបន្ថែមទៀត ៕ ដោយ៖ សំរិត