ប្រពន្ធដែលរួមដៃជាមួយសាហាយ បាញ់សម្លាប់ប្តីជាគ្រូបង្រៀន នៅខណ្ឌសែនសុខ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធ្វាំ ប៊ុណ្ណា នៅថ្ងៃទី៣ ខែកញ្ញា នេះ ចេញដីកាឃុំខ្លួនប្រពន្ធដែលរួមដៃជាមួយសាហាយបាញ់សម្លាប់ប្តីជាគ្រូបង្រៀន នៅខណ្ឌសែនសុខ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

ប្រពន្ធរូបនេះ ឈ្មោះ ឃឿង ស៊ីហ៊ន អាយុ២៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន” តាមមាត្រា២៨ និង មាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់ថា ជនសង្ស័យបានសារភាពហើយថា នាងជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯង ដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តដូច្នេះ។

នាងបានបញ្ជាក់ថា កន្លងមកប្តីរបស់នាង មានទំនាស់ជាមួយនាងរស់នៅមិនចុះសម្រុងគ្នា ហើយក៏ធ្លាប់បានទំនាស់ពាក្យសំដីគ្នាជាមួយអតីតមិត្តប្រុសរបស់នាងផងដែរ ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នារៀបចំផែនការបាញ់សម្លាប់ប្តីខ្លួនដោយឲ្យបក្ខពួកជាប្រុសសាហាយ មានកាំភ្លើងជាអ្នកធ្វើសកម្មភាពសម្លាប់។

ជនសង្ស័យបានបន្តថា លុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលប្តីនាងបានទៅបុណ្យនៅឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាងក៏បានទូរស័ព្ទឲ្យ សាហាយ ត្រៀមរៀបចំខ្លួនធ្វើសកម្មភាព ដោយនាងបានទូរស័ព្ទបង្ខំប្តីឲ្យប្រញាប់មកផ្ទះ ហើយប្តីរបស់នាង (បានប្រាប់នាងថា ម៉ោង១១យប់ទៅដល់ហើយ នៅពេលនោះនាងបានទូរស័ព្ទឲ្យសាហាយ ។

លុះពេលជនរងគ្រោះមកដល់កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏បាញ់សម្លាប់តែម្តងរួចជិះគេចខ្លួន ដោយក្រោយពេលបាញ់សម្លាប់រួចឈ្មោះ មករា បានទូរស័ព្ទមកប្រាប់នាង បាញ់សម្លាប់រួចរាល់បានសម្រេចហើយ រួចបិទទូរស័ព្ទនិងគេចខ្លួនបាត់រហូតមកដល់ពេលនេះ។

នៅកន្លែងកើតហេតុប៉ូលិសបានឃើញសំបកគ្រាប់កាំភ្លើងខ្លីម៉ាកK54 ចំនួន០១គ្រាប់ ហើយនៅលើដងខ្លួនសាកសពជនរងគ្រោះមានស្នាមរបួសចំនួន២កន្លែងចំត្រង់ក្រោមឆ្អឹងជំនី សងខាង ដួលស្លាប់នៅលើផ្លូវក្បែរម៉ូតូម៉ាកស្កូពី ដែលជនរងគ្រោះជិះ។ ទោះបីយ៉ាងណា ពេលនេះ សាហាយបានរត់គេចខ្លួនហើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print