ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តារាសម្តែង ទ្រី តារាវុធ នឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រឡងសម្រស់ផ្នែកបុរស Man Of The Year។ នេះគឺជាឱកាសថ្មីដែលតារាសម្តែងរូបនេះទទួលបានក្រោយពីជោគជ័យលើការងារសម្តែងក្នុងស្រុករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ព្រឹត្តិការណ៍ប្រកួត Man Of The Year ប្រចាំឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីបេក្ខជនតំណាងប្រទេសប្រមាណ២០មកពីជុំវិញពិភពលោកចូលរួមប្រកួត។ តារាសម្តែង និងពិធីកររូបនេះបញ្ជាក់ថាលោកពិតជាសប្បាយចិត្តដែលទទួលបានឱកាសពីក្រុមហ៊ុន Arise Agency ដែលបានជ្រើសរើសរូបលោកជាបេក្ខជនតំណាងពីកម្ពុជាចូលរួមប្រកួតព្រឹត្តិការណ៍ទ្រង់ទ្រាយអន្តរជាតិដ៏ធំមួយនេះ។ លោកថា លោកបានត្រៀមរួចជាស្រេចនូវការហ្វឹកហាត់លើជំនាញមួយចំនួន ជាច្រើនខែកន្លងមកហើយដើម្បីបង្ហាញពីភាពជឿជាក់មួយលើឆាកអន្តរជាតិមួយនេះ។
គួរបញ្ជាក់ដែរថា លោកទ្រី តារារុធ អាយុ២៤ឆ្នាំគឺជាតារាសម្តែង បង្ហាញម៉ូត និងពិធីករម្នាក់ដ៏មានប្រជាប្រិយ ។ លោកគឺជាអតីត Frishie Boy ចំណាត់ថ្នាក់លេខ១ប្រចាំ២០១៦។ តារារូបនេះធ្លាប់សម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតទទួលបានការគាំទ្រច្រើន ដូចជា រឿង “កំណត់ហេតុនាងនាថ” រឿង “សរសរកន្លោង” រឿង”ភូមិគ្រឹះជំពាក់ស្នេហ៍” រឿង”កុំងាកក្រោយ” ជាដើម ៕ ដោយ វឌ្ឍនា