ប្រុងប្រយ័ត្ន! គណនីយមួយប្រើរូបថតកញ្ញាឯកទេសចរណ៍ ចន សុទីម៉ាដើរបោកប្រាស់គេ

ចែករំលែក៖

ភ្នំពេញ៖ ការបោកប្រាស់តាមរយៈបណ្តាញទំនាក់ទំនងសង្គម ពិសេសហ្វេសប៊ុកធ្លាប់កើតមានជាហូរហែកន្លងមក។ ថ្មីៗនេះគណនីយហ្វេសប៊ុកមួយប្រើប្រាស់រូបថតនិងឈ្មោះកញ្ញាឯកទេសចរណ៍កម្ពុជាឆ្នាំ២០១៩ គឺកញ្ញា ចន សុទីម៉ា ដើម្បីបោកប្រាស់ពិសេសជុំវិញការខ្ចីលុយ។
​គណនីយហ្វេសប៊ុកទើបនឹងបង្កើតថ្មីឈ្មោះ John Sotima ខណៈនៅលើProfile ដាក់រូបថតកញ្ញាឯកកម្ពុជាឆ្នាំ២០១៩ កញ្ញា ចន សុទីម៉ា ហើយបានចាប់ផ្តើមផ្ញើសំណើរភ្ជាប់មិត្ត(Add Friend)ទៅកាន់មនុស្សមួយចំនួនទាំងក្នុងនិងក្រៅរង្វង់សិល្បៈ។ ប្រភពពីអ្នកផលិតកម្មវិធីសិល្បៈម្នាក់ដែលជួបរឿងរ៉ាវផ្ទាល់បញ្ជាក់ថា ដោយសារឃើញសារផ្ញើសំណើរភ្ជាប់មិត្តមកអ្នកស្រីបានទទួលយកជាមិត្តក្នុងហ្វេសប៊ុក ហើយគណនីយនោះក៏បានផ្ញើសារ(Chat)មកលេងខ្លះៗបានបីទៅបួនថ្ងៃក៏ចាប់ផ្តើមឆាតមកញឹកញាប់រហូតដល់មានការសុំខ្ចីលុយ១០០ដុល្លារអាមេរិក ប៉ុន្តែអ្នកស្រីសង្ស័យក៏សុំឲ្យម្ចាស់គណនីយឆាតជាសំឡេង ឬឆាតជាវីដេអូដើម្បីបញ្ជាក់ថាពិតជានាងជាអ្នកលេង ។ ប្រភពបន្តថាក្រោយឆាតបែបនេះមិនតបអ្នកស្រីក៏ឆាតទៅសួរបន្តថាជាគណនីយក្លែងក្លាយឬយ៉ាងណា ទើបគណនីយនោះបានUnfriend អ្នកស្រីចោល។ សកម្មភាពនេះទើបកាន់តែសង្ស័យ ហើយក៏បានឆាតទៅសួរអ្នកស្គាល់នាងទើបដឹងថាគណនីយនេះជាគណនីយបោកប្រាស់ហើយតែងផ្ញើសារជជែកគ្នាលេងនិងមានការខ្ចីប្រាក់ដូចគ្នានេះដែរ។
​គេនៅមិនទាន់អាចទំនាក់ទំនងស្វែងរកការបញ្ជាក់ពីកញ្ញា ចន សុទីម៉ា បាននៅឡើយទេ ថាតើបានដឹងអំពីជនបោកប្រាស់នេះដែរឬយ៉ាងណា។ ទោះជាយ៉ាងណាប្រភពដែលជួបហេតុការណ៍ផ្ទាល់ស្នើឲ្យសិល្បករ និងមហាជនមានការប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ក្លែងបន្លំដែលអាចធ្វើឲ្យយើងខាតបង់ទ្រព្យសម្បត្តិ និងស្នើឲ្យមានការពិនិត្យឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តឲ្យប្រាក់ ឬរបស់មានតម្លៃទៅជនណាម្នាក់។ ជាមួយគ្នានេះក៏ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធជួយវែកមុខរកជនបោកប្រាស់នេះដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។
​គួរបញ្ជាក់ដែរថា ចន សុទីម៉ា នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ចូលរួមដណ្ដើមយកមកុដ ក្នុងកម្មវិធី ប្រកួតប្រជែងសម្រស់និងសមត្ថភាព «Miss Tourism International 2019» ឬ «បវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៩» ក្នុងខែតុលាខាងមុខនេះ នៅប្រទេសម៉ាឡេស៊ី ក្រោយកញ្ញាគ្រងមកុដជ័យលាភីលេខ៣ នៃការប្រកួត Miss Universe Cambodia ឆ្នាំ២០១៩៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print