ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស-ស្រីចំនួន២នាក់ហែលឆ្លងទៅបេះផ្លែត្របែកលង់ទឹកប្រឡាយស្លាប់ នៅពេលពួកគេបានជិះកង់ ទៅលេងអ៊ុំស្រី ។ សពក្មេងទាំងពីរបានប្រទះឃេីញកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៩ នៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានឲ្យដឹងថា៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០១៩ ក្មេងប្រុស-ស្រីទាំង២នាក់ បាននាំគ្នាជិៈកង់តាមខ្នងប្រឡាយទៅលេងអ៊ុំស្រីរបស់ពួកគេ ដែលមានឈ្មោះស្មាន តឿ អាយុ៤៧ឆ្នាំ នៅភូមិគោកសំរោង ឃុំសឿ ដែលកំពុងស្ទូងស្រូវនៅចំងាយពីភូមិ១,៥០០ម៉ែត្រ ។ ពេលជិៈទៅដល់ពាក់កណ្តាលផ្លូវឃើញដើមត្របែកក៏ទុកកង់ចោល ហើយនាំគ្នាចុះហែលឆ្លងទឹកប្រឡាយទៅត្រើយម្ខាង។ នៅវេលាម៉ោង២រសៀល អ៊ុំស្រីឈ្មោះស្មាន តឿ ត្រឡប់មកផ្ទះវិញក៏ប្រទះឃើញកង់តែមិនឃើញមនុស្សក៏យកកង់មកទុក ហើយបានដើររកតែរកមិនឃើញ រហូតដល់យប់វេលាម៉ោង៧និង៤៥នាទី បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយរករួមទាំងអ្នកភូមិឲ្យជយួយរកផងដែរ លុះដល់ម៉ោង៨និង៥៥នាទីយប់ ទើបប្រទះឃើញ ពួកគេស្លាប់នៅក្នុងប្រឡាយ ដែលសង្ស័យថាក្មេងប្រុស-ស្រីទាំង២នាក់ ហែលឆ្លងទឹកប្រឡាយទៅបេះផ្លែត្របែកតែក៏ត្រូវលង់ទឹកស្លាប់ ខណៈមុនពេលពួកគេទៅជួបអ៊ុំស្រីរបស់គេ។
ប្រភពដដែលបានបញ្ជាក់ថា៖ក្មេងរងគ្រោះទាំង២នាក់ ម្នាក់ ឈ្មោះថុន ធារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិគោកសំរោង មានឱពុកឈ្មោះ អូន ថុន អាយុ៣៨ឆ្នាំនិងម្ដាយឈ្មោះ តឿ សៀម អាយុ៣៣ឆ្នាំ (២នាក់ម្ដាយពុកទៅធ្វើការនៅប្រទេសថៃ)និងម្នាក់ទៀត ជួន សុភ័ណ ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ម្ដាយឈ្មោះ តឿ អឿត អាយុ៤៨ឆ្នាំ(ទៅថៃ) ។ក្មេងស្រី-ប្រុសទាំង២នាក់ ត្រូវបានប្រគល់ជូនអ៊ុំស្រី ឈ្មោះស្មាន តឿ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ទាក់ទិននឹងករណីក្មេងលង់ទឹកនេះដែរ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏អំពាវនាវដល់ឪពុក ម្តាយ និងអាណាព្យាបាលទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅរបស់ខ្លួន ព្រោះពេលនេះជារដូវវស្សាកុំបណ្តែតបណ្តោយក្មេងឲ្យលេងទឹក ដោយគ្មានមនុស្សចាស់នៅក្បែរ ដែលនាំឲ្យកើតមានមហន្តរាយដល់ជីវិតជាយថាហេតុណាមួយ ជាក់ស្តែងដូចជាកុមារានិងកុមារី២នាក់នេះ ដោយសារតែគ្មានមនុស្សចាស់នៅក្បែរ ទើបពួកគេបាត់បង់ជីវិត។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ស្នងការក៏បានចូលរួមសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រួសារសពក្មេងទាំង២នាក់នេះផងដែរ៕នីម វណ្ណា