ស្លាប់និងរបួសជិត​៥០នាក់ដោយផ្ទុះឆេះទីតាំងផលិតកាំជ្រួចផ្កាភ្លើង

ចែករំលែក៖

ទីតាំងផលិតកាំជ្រួចផ្កាភ្លើង ដែលមានប្រព័ន្ធនានាសុវត្ថិភាព​ តែងតែ ជួបគ្រោះថ្នាក់ផ្ទុះឆេះ ជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុងនោះមានបង់ក្លាដែស ចិន ឥណ្ឌា ជាដើម។ នៅពេលនេះសកម្មភាពផលិតកាំជ្រួច ក៏បានកើនឡើងដោយជិតដល់រដូវប្រើប្រាស់កាំជ្រួចផ្កាភ្លើងកាន់តែច្រើន ពិសេសគឺឆ្លងឆ្នាំ​។
កាលពីថ្ងៃទី​៤ខែកញ្ញា ទីតាំងផលិតកាំជ្រួចនៅឥណ្ឌា បានផ្ទុះឆេះ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងចំនួន​២២នាក់ និងប្រហែល​២០នាក់ផ្សេងទៀត​ រងរបួស។ ហេតុការណ៍ផ្ទុះ​រោងចក្រ​ផលិតកាំជ្រួច​នេះ បាន​កើតឡើង នៅវេលាម៉ោង​១៥ និង៤៥នាទី (ម៉ោងនៅក្នុងតំបន់) នៅក្នុងស្រុក Gurdaspur រដ្ឋ Punjab នាភាគខាងជើង នៃ​ប្រទេសឥណ្ឌា។
ប្រព័ន្ធផ្សព្វផ្សាយ ​ក្នុងតំបន់ បានដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់​ ដោយបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិត​​ គឺជាកម្មករបម្រើការ នៅក្នុងរោងចក្រ​ និងម្នាក់ទៀត ជាម្ចាស់រោងចក្រ។ ក្រៅពីនេះ ក៏នៅមាន​អ្នកដំណើរឆ្លងកាត់​ទីនោះ ក៏បានរងគ្រោះបាត់បង់ជីវិតផងដែរ ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា នៅក្នុងរោងចក្រនោះ​ មានស្តុកទុក​កាំជ្រួច​ជាច្រើន នៅពេលមានហេតុការណ៍ដ៏អាក្រក់នេះកើតឡើងភ្លាមៗ ភ្លើងបានឆាបឆេះរោងចក្រទាំងមូលយ៉ាងសន្ធោសន្ធៅឡើងតែម្ដង។

កងកម្លាំងទប់ស្កាត់គ្រោះមហន្តរាយ​ បានទៅកាន់កន្លែងកើតហេតុ ហើយ​ធ្វើប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ។ ប៉ុន្តែ​ទោះជាយ៉ាងណា ករណីនេះបានបណ្តាលឲ្យជនរងគ្រោះ​បាត់បង់ជីវិត​ជាង​២០នាក់​។

មន្ត្រី​ជាន់ខ្ពស់​នៅក្នុងតំបន់ បានសម្តែងនូវទុក្ខសង្រេង ចំពោះ​ជនរងគ្រោះបាត់បង់ជីវិត​ ក្នុងហេតុការណ៍នេះ ។ រដ្ឋបាល​ក្នុងតំបន់​ ក៏បានប្រកាស​ផ្តល់ជំនួយ​ ២០០ ០០០ រ៉ូប៊ី (ប្រហែល​២ ៨៥៧ដុល្លារអាមេរិក) ជនរងគ្រោះបាត់បង់ជីវិត និង ៥០ ០០០ រ៉ូប៊ី (ប្រហែល ៧១៤ដុល្លារ) សម្រាប់អ្នករងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាល នៅក្នុងមន្ទីរពេទ្យក្បែរទីនោះ។ ទោះជាយ៉ាងណា មូលហេតុ នៃហេតុការ​ណ៍គ្រោះថ្នាក់នេះ ​កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print