ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ខណៈខ្លួនមានប្តីរៀបការពេញច្បាប់ទៅហើយ ប៉ុន្តែបែរជាបំផុសផ្លូវ ចិត្តទាក់ទងជាមួយប្រុស លួចបង្កាត់ភ្លើងស្នេហ៍ដល់ក្នុងបន្ទប់ទៅវិញ ស្របពេលដែលប្រុសស្នេហ៍ឆ្លើយថា មកចូលបន្ទប់ជួលនេះ ទើបបានម្តងទេ ។
អំពើលួចផិតក្បត់ចិត្តប្តីលួចឲ្យប្រុសចូលលេងដល់ក្នុងបន្ទប់បានបង្កការភ្ញាក់ផ្អើល កាលពីអំឡុងម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះជួល ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីប្តីបានស៊ើបដឹងថានាងជាប្រពន្ធលួចណាត់ប្រុសមកលេងដល់ក្នុងបន្ទប់ ហើយបានយកសោចាក់ពីខាងក្រៅ រួចបន្តប្តឹងអាជ្ញាធរមានសមត្ថកិច្ចតាមផ្លូវច្បាប់ ។
ក្រោយសមត្ថកិច្ចនាំខ្លួនអ្នកពាក់ព័ន្ធក្នុងរឿងភ្លើងស្នេហា ទើបដឹងថាបុរសជាប្ដី ឈ្មោះ អន សឿន អាយុ២០ឆ្នាំ ជាកម្មករ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនារីជា ប្រពន្ធឈ្មោះ ទិត សុផាត អាយុ២១ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ រីឯប្រុសស្នេហ៍ ជាសហាយស្មន់ ឈ្មោះ ស៊ង វ៉ាន់ឆៃ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ប្តីរងគ្រោះក្នុងរឿងស្នេហាបានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់(ប្តី) បានស្តីដណ្តឹងប្រពន្ធរៀបការតាមប្រពៃណី កាលពីខែកុម្ភៈ ក្នុងឆ្នាំ២០១៩ ដោយចំណាយថវិកាថ្លៃទឹកដោះចំនួន១៥០០ដុល្លារ ។ ជនរងគ្រោះបន្តថា ប្តីប្រពន្ធគាត់រស់នៅឆ្ងាយពីគ្នា បើទោះធ្វើការនៅរាជធានីភ្នំពេញ ដូចគ្នាក៏ដោយ តិចណាស់យូរៗទើបទៅជួបប្រពន្ធម្តង ។ មួយរយៈចុងក្រោយនេះ ហាក់ប្លែកជាងសព្វដង ស្របពេលមកលេងនៅស្រុកកំណើត ត្រូវបានឪពុកមាខាងប្រពន្ធទូរស័ព្ទប្រាប់ថា ប្រពន្ធឯងឥឡូវបានប្តូរបន្ទប់ជួលថ្មី និងឃើញតែកំពុងតែទាក់ទងជាមួយប្រុសថ្មីទៀតផង ។
បុរសជាប្តីបន្តថា បានដំណឹងឪពុកមាប្រាប់ដូច្នេះ លុះនៅថ្ងៃទី៥កញ្ញានេះម្សិលមិញនេះ បានចំណាយពេលតាមដានប្រពន្ធ ស្រាប់តែឃើញនាំប្រុសសហាយចូលក្នុងបន្ទប់ជួល គាត់ក៏ទប់ កំហឹងនិងរកវីធីដោះស្រាយតាមច្បាប់ ដោយគាត់យកកូនសោទៅចាក់ពីខាងក្រៅបន្ទប់ និងបន្តប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ភ្លាមៗ ដើម្បីជួយអន្តរាគមន៍ ឃាត់ស្ត្រីជាប្រពន្ធ និងប្រុសស្នេហ៍ទៅប៉ុស្តិ៍ដើម្បីសួរនាំ ៕ សុខាសែនជ័យ