ខ្សឹបដាក់ត្រចៀក ៖ លោកកើត ដារ៉ាស៊ីមេក្លោងពុករលួយដ៏ធំប្រចាំច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ

ចែករំលែក៖

ខេត្តក្រចេះ៖ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ លោក កើត ដារ៉ាស៊ី រកចំណូលពីអំពើពុករលួយក្នុងតំណែង បានយ៉ាងច្រើនក្នុងមួយខែៗ តាមរយៈយកលុយពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ គិតជាក្បាលរថយន្តជាដើម ។

យ៉ាងតិចមានក្រុមហ៊ុនដឹកជញ្ជូនចំនួន៤ បាននឹងកំពុងដំណើរការដឹកជញ្ជូនទំនិញមកពីបរទេស ចូលកម្ពុជា តាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ក្នុងនោះក្រៅអំពីក្រុមហ៊ុនដឹកជញ្ជូនត្រូវបង់ប្រាក់ជាក្បាលរថយន្ត ជាប្រភេទរថយន្តយីឌុប និងកុងតឺន័រឲ្យទៅស្ថាប័នដទៃទៀត ក៏មិនអាចគេចផុតពីការបង់ប្រាក់ មកឲ្យលោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកខាងលើនេះ ដែលមិនមែនជាស្ថាប័នប្រមូលពន្ធជូនរដ្ឋនោះ ។

មានន័យថា លោក កើត ដារ៉ាស៊ី យកលុយពីក្រុមហ៊ុនដឹកជញ្ជូន តាមរយៈរាប់គិតជាចំនួនក្បាលរថយន្តជាប្រយោជន៍បុគ្គលរបស់គាត់ និងបក្ខពួកតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា តួនាទីរបស់លោក កើត ដារ៉ាស៊ី ក្នុងនាមជាប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ បើយោងតាមអនុក្រឹត្យ លេខ៦៤មសន គឺមានតួនាទីត្រួតពិនិត្យរាល់មធ្យោបាយដឹកទំនិញចេញ-ចូល ត្រួតពិនិត្យអ្នកដំណើរ(ភ្ញៀវជាតិ-អន្តរជាតិ) ប្រថាប់ត្រាលើលិខិតឆ្លងដែន ។ ប៉ុន្តែលោក កើត ដារ៉ាស៊ី យកតួនាទី និងភារកិច្ចខាងលើនេះ ជាមធ្យោបាយរកប្រភពសេដ្ឋកិច្ចខុសពីគោលការណ៍ អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក៏ដូចជាខុសពីគោលការណ៍អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ។

គេបានលួចបង្ហើបថា យ៉ាងតិចក្នុងមួយថ្ងៃទាំងរថយន្តដឹកទំនិញប្រភេទយីឌុប និងប្រភេទកុងតឺន័រ មានចាប់ពី ពី៤០ទៅ៦០គ្រឿង ។ រាល់ការដឹកជញ្ជូនឆ្លងកាត់ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺត្រូវតែបង់ប្រាក់ជាក្បាលរថយន្តឲ្យក្រុមនគរបាលអន្តោប្រវេសន៍គ្រប់គ្រងដោយលោក កើត ដារ៉ាស៊ី ក្នុងមួយគ្រឿងតិចបំផុតចាប់ពី២៥០-៣០០ដុល្លារ ។ ក្នុងនោះមានតែក្រុមហ៊ុនដឹកជញ្ជូនចំនួន៤ប៉ុណ្ណោះដែលមានសិទ្ធិចូលដឹកទំនិញចូលតាមច្រកខាងលើនេះ ។

លោក កើត ដារ៉ាស៊ី មានឱកាស ប្រព្រឹត្តអំពើពុករលួយទាំងនេះបាន ដោយសារគាត់មានជំនាញបច្ចេកទេស និងហែលឆ្លងកាត់ ដឹងយ៉ាងច្បាស់ពីសកម្មភាពដឹកជញ្ជូនទំនិញរបស់ឈ្មួញ មានកំហុសបច្ចេកទេស មានអំពើឃុបឃិតគ្នា រវាងសមត្ថកិច្ចជំនាញ និងក្រុមហ៊ុន(ឃ្លាទំនិញ) ពិសេសលោក កើត ដារ៉ាស៊ី គាត់ចាប់បានចំណុចខ្សោយរបស់ក្រុមហ៊ុនដឹកជញ្ជូនដែល ឃុបឃិតគ្នាជាមួយក្រុនហ៊ុនដឹកជញ្ជូនត្រង់ចំណុច (នាំទំនិញចូលប្រភេទអេឡិចត្រូនិច ឬប្រភេទទំនិញចាប់ហួយ ប៉ុន្តែប្រកាសពន្ធជាទំនិញសំឡីអនាម័យ) ជាដើម ទើបក្រុមហ៊ុនបង្ខំចិត្តបង់ប្រាក់ ដើម្បីជៀសវាងនូវការបង្ក្រាបពីសមត្ថកិច្ចដទៃផ្សេងទៀត ដែលមានភារកិច្ចចូលរួមសហការជាមួយស្ថាប័នគយ ទប់ស្កាត់ទំនិញគេចពន្ធ បង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវតាមគោលការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានោះ ។

ជាច្រើនឆ្នាំមកហើយ លោក កើត ដារ៉ាស៊ី តែងតែមានតំណែងជាប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិ ក្នុងមួយអាណត្តិៗរាប់សិបឆ្នាំ អង្គុយតំណែងកើយលុយពុករលួយនេះដោយស្ងាត់ស្ងៀម និងមានមោទនភាពបំផុត ដែលខ្លួនស្ថិតក្នុងអំនួតរំពឹងថា គ្មានថ្នាក់លើណា ត្រូវបានដូរតួនាទី ដកតំណែង ខណៈខ្លួនមានសមត្ថភាពក្នុងការរកប្រភពចំណូលទុកបំពេញតម្រូវការឲ្យថ្នាក់លើ ដែលចាំបាច់ទទួលយកលាភសក្ការៈផងដែរនោះ ។

ក្រៅអំពីការរកចំណូលនៃអំពើពុករលួយ រាប់ក្បាលរថយន្តពីក្រុមហ៊ុនដឹកជញ្ជូនចំនួន៤ខាងលើនេះ លោក កើត ដារ៉ាស៊ី មានជំនាញបច្ចេកទេសរកចំណូលមួយបែបទៀតពីក្រុមហ៊ុនដឹកជញ្ជូនពីប្រទេសវៀតណាម តាមរយៈទំនិញខ្លះមិនអាចនាំពីបរទេស (Transit) ចូលប្រទេស វៀតណាមបានទេ ។ ដូច្នេះក្រុមហ៊ុនដឹកជញ្ជូនវៀតណាមត្រូវការយកប្រទេសទី៣ (កម្ពុជា) ធ្វើជាកន្លែងឆ្លងកាត់ រួចហើយត្រឡប់ចូលទឹកដីប្រទេសវៀតណាមវិញ ឲ្យក្លាយទៅជាទំនិញដឹក ជញ្ជូនពីប្រទេសកម្ពុជាចូលប្រទេសវៀតណាម (ទៅជាទំនិញបង់ពន្ធនាំចូលស្របច្បាប់) ។

ដូច្នេះរូបភាពការអនុញ្ញាតឲ្យទំនិញក្រុមហ៊ុនវៀតណាមចូលទឹកដីកម្ពុជាតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺក្នុងចម្ងាយដី១០០០ម៉ែត្រ ឬ១គីឡូកន្លះ ក៏បែរក្បាលត្រឡប់ចូលទឹកដីវៀតណាមវិញ ។ ក្នុងនោះក្រុមហ៊ុនដឹកជញ្ជូនវៀតណាម ត្រូវបង់លុយខ្មៅឲ្យខាងសមត្ថកិច្ចភាគីខាងកម្ពុជាជាច្រើនស្ថាប័ននោះ ក្នុងរថយន្តមួយគ្រឿងយកតម្លៃចាប់ពី៣០០០-៥០០០ដុល្លារ ។

ប៉ុន្តែខាងលោកកើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំស្រែ-វ៉ាលឺយកសេវាពុករលួយនេះលើសសមត្ថកិច្ចដទៃទៀត ខណៈខាងខ្លួនមានអំណាច ភារកិច្ចក្នុងការបញ្ជាឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍បើកឬបិទប៉ារ៉ាសប្រចាំច្រក២៤/២៤ម៉ោង។ ដូច្នេះ ហើយទើបការអនុវត្តតួនាទី ភារកិច្ចតាមអនុក្រឹត្យលេខ៦៤មសន ក្នុងតូនាទីត្រួតពិនិត្យរាល់ មធ្យោបាយដឹកទំនិញចេញ-ចូល ត្រួតពិនិត្យអ្នកដំណើរភ្ញៀវជាតិ-អន្តរជាតិប្រថាប់ត្រាលើ លិខិតឆ្លងដែនគ្រាន់ជាការងារបន្ទាប់បន្សំ លើសេវារដ្ឋបាលតែប៉ុណ្ណោះ ។

អ្វីជាចំណូលដោយ អំពើពុករលួយ និងមិនមែនជាថវិកាបង់ពន្ធចូលរដ្ឋ គឺលោក កើត ដារ៉ាស៊ី យកលុយពីក្បាលរថយន្ត និងយកលុយពីក្រុមហ៊ុនវៀតណាម ដឹកទំនិញពីបរទេសចូលទឹកដីកម្ពុជា រួចបែរក្បាលចូលទឹកដីវៀតណាមវិញ សុទ្ធតែប្រភពសេដ្ឋកិច្ច ដែលលោក កើត ដារ៉ាស៊ី រកបានសម្រាប់ ប្រយោជន៍បុគ្គល និងបក្ខពួក និងអាចនិយាយបានថា បំពេញតម្រូវការថ្នាក់លើបាន ដើម្បីការពារតំណែង ទប់ទល់ការបែកធ្លាយអំពើពុករលួយខាងលើនេះដោយប្រការណាមួយ ក៏អាចថាបាន៕  ដោយ៖ ខ្សឹបដាក់ត្រចៀក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print